សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កសិករចិនរកចំណូលបាន ១ម៉ឺនដុល្លារ ពីការលក់ថាមពលពន្លឺព្រះអាទិត្យលើដំបូល
27, May 2024 , 8:59 pm        
រូបភាព
អ្នកស្រី Shi Mei ឈរនៅជាប់ប្រព័ន្ធបន្ទះសូឡានៅលើដំបូលផ្ទះអ្នកស្រីក្នុងខេត្ត Shandong។ រូបភាព ៖ AP
អ្នកស្រី Shi Mei ឈរនៅជាប់ប្រព័ន្ធបន្ទះសូឡានៅលើដំបូលផ្ទះអ្នកស្រីក្នុងខេត្ត Shandong។ រូបភាព ៖ AP
គ្រួសាររបស់លោកស្រី Shi Mei នៅខេត្ត Shandong របស់ចិន អាចរកចំណូលបានប្រហែល ១០០០០ដុល្លារក្នុងមួយឆ្នាំ ពីការលក់ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដែលផ្គត់ផ្គង់ទៅបណ្តាញអគ្គិសនីក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
 
ពីរនាក់ប្តីប្រពន្ធរបស់អ្នកស្រី Shi Mei មាន​ជីវភាព​សមរម្យ​ដោយ​របរ​ដាំ​ពោត និង​ស្រូវ​នៅ​កសិដ្ឋាន​តូច​មួយ។ ប៉ុន្តែចាប់ពីឆ្នាំ២០២១ គ្រួសារអ្នកស្រីបានសម្រេចចិត្តវិនិយោគបន្ថែមលើថាមពលពន្លឺព្រះអាទិត្យ។ អ្នក​ទាំង​ពីរ​បាន​ចុះ​កិច្ច​សន្យា​ដំឡើង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ ​ចំនួន ៤០ បន្ទះនៅ​លើ​ដំបូលដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​បណ្តាញ​ក្នុងស្រុក។
 
តាម​រយៈ​កម្មវិធី​មួយ​នៅ​លើ​ទូរសព្ទ​ អ្នក​ស្រី Shi អាច​មើល​ឃើញ​ថា​តើ​អគ្គិសនី​ត្រូវ​បាន​បង្កើត​ឡើង​ប៉ុន្មាន និង​តម្លៃ​ប៉ុន្មាន​ក្នុង​មួយ​វ៉ាត់។ ជា​មធ្យម គ្រួសារ​របស់​អ្នកស្រី​រក​ចំណូល​បាន​ប្រហែល ១០០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ 
 
លោកស្រីនិយាយថា ៖«នៅពេលព្រះអាទិត្យរះឡើង គឺអាចរកលុយបាន»។
 
គ្រួសារលោកស្រី Shi បង្ហាញពីផ្នែកមួយនៃការរីកចម្រើនវិស័យថាមពលពន្លឺព្រះអាទិត្យនៅចិន។ ប្រទេសមួយនេះ បាននាំមុខប្រទេសផ្សេងក្នុងពិភពលោកពិភពលោកជាយូរមកហើយក្នុងការផលិតបន្ទះសូឡា ប៉ុន្តែការដំឡើងនៅលើដំបូលផ្ទះទើបតែកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ កំណើននេះ ដោយសាររដ្ឋាភិបាលចិនបានផ្តោតលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទន្ទឹមការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។
 
ចិនបានដាក់គោលដៅ ២០ភាគរយនៃការប្រើប្រាស់ថាមពលអគ្គិសនីដែលផលិតនៅឆ្នាំ ២០២៥ បានមកពីថាមពលកកើតឡើងវិញ។ ប្រទេសនេះបានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់រដ្ឋាភិបាលក្នុងតំបន់ និងអាជីវកម្មក្នុងស្រុក។ ជាលទ្ធផល ទាំងការផលិត និងការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យបានកើនឡើងយ៉ាងឆាប់រហ័ស។
 
សមត្ថភាពថាមពលពន្លឺព្រះអាទិត្យលើដំបូលភាគច្រើននៅចិន បានកើនឡើងនៅ២ឆ្នាំចុងក្រោយនេះ។ ការផលិតអគ្គិសនីដោយខ្លួនឯងកាន់តែមានភាពទាក់ទាញនៅពេលដែលទីក្រុងប៉េកាំងបានគាំទ្ររដ្ឋាភិបាលក្នុងតំបន់ក្នុងការដំឡើងថាមពលពន្លឺព្រះអាទិត្យ និងការដំឡើងថ្លៃទិញអគ្គិសនី។
 
ការណ៍នេះបណ្តាលឱ្យបណ្តាញអគ្គិសនីផ្ទុកលើសចំនួនកំណត់។ ​គ្រួសារ​របស់​អ្នកស្រី Shi មាន​សំណាង​បាន​ចូលរួម​មុន​ពេល​កំណត់។ ទីក្រុងមួយចំនួនក្នុងខេត្ត Shandong បច្ចុប្បន្នបានបញ្ឈប់ការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល។
 
តាមរដ្ឋបាលថាមពលជាតិចិន សកម្មភាពដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅប្រទេសនេះកំពុងកើនឡើងយ៉ាងខ្លាំង។ នៅឆ្នាំ ២០២៣ ថាមពលពន្លឺព្រះអាទិត្យដែលទើបដំឡើងថ្មីរបស់ចិននឹងមានប្រហែល ២១៦ជីហ្គាវ៉ាត់។ ចំនួននេះគឺច្រើនជាង ៥០ភាគរយនៃដែលអគ្គិសនីសរុបរបស់ពិភពលោកបានផលិតកាលពីឆ្នាំ២០២៣។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Wood Mackenzie ។
 
លោក Grace Gao សកម្មជនអាកាសធាតុនៅ Greenpeace នៅចិននិយាយថា ថាមពលពន្លឺព្រះអាទិត្យត្រឹមតែ១ជីហ្គាវ៉ាត់គឺគ្រប់គ្រាន់សម្រាប់ផ្តល់ថាមពលដល់គ្រួសារចិនចំនួន ៣២០ពាន់នាក់ក្នុងមួយឆ្នាំ។ កាលពីឆ្នាំមុន ខេត្ត Shandong បានដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យបន្ថែម ១៤ជីហ្គាវ៉ាត់។ ខេត្ត​នេះ​មាន​លទ្ធភាព​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង​ការ​ប្រើប្រាស់​ទៅទៀត។
 
ក្នុងឆ្នាំ២០១៤ ចិនបានប្រកាសការឧបត្ថម្ភធនសម្រាប់ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល និងក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ។ Shandong ជាខេត្តនាំ​មុខ​គេ​នៅ​ចិន​ខាង​ផលិតថាមពល​កកើត​ឡើង​វិញ។ ប៉ុន្តែកំណើននេះ ក៏អាចប្រឈមបញ្ហានៃការរីកលូតលាស់លឿនពេកដែរ។ លោក Peng Peng  អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ហិរញ្ញប្បទាន​ថាមពល និង​ការ​វិនិយោគ​ថ្មី​របស់​ចិន​បាន​ថ្លែង​ថា​ ៖«​ខេត្ត​ផ្សេង​ទៀត​ក៏​នឹង​មាន​បញ្ហា​នេះ​ដែរ ប្រសិន​បើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​។
 
លោក Wang Xingyong ដែលជាអ្នក​ជំនាញ​ក្នុង​ការ​ដំឡើង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​សម្រាប់​អតិថិជន​តាំង​ពី​អ្នក​ភូមិ​រហូត​ដល់​រោងចក្របានលើកឡើង​ថា ការ​លក់​បាន​កើន​ឡើង​ទ្វេ​ដង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ២០១៦។ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី ២១ ខែឧសភា។ 
 
ទន្ទឹមនេះ លោក Liu Wenping វិនិយោគិននៅក្នុងក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យបាននិយាយថា ប្រជាជនចិនអាចរកប្រាក់បានតាមរយៈការជួលដំបូលផ្ទះរបស់ពួកគេដើម្បីដំឡើងបន្ទះសូឡាជាមួយតម្លៃ ៤១៤ដុល្លារក្នុងមួយខែ។ 
 
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតអាគុយ រថយន្តអគ្គិសនី និងក្រុមហ៊ុនថាមពលនៅចិនកំពុងប្រជែងគ្នាដើម្បីបង្កើតថ្មទំនើបបន្ថែមទៀតដើម្បីរក្សាទុកថាមពលពន្លឺព្រះអាទិត្យ។ អាជ្ញាធរខេត្ត Shandong កំពុងសាកល្បងអាគុយលីចូម ដែក និងផូស្វាត ដើម្បីរក្សាទុកថាមពលខ្ពស់បំផុត ហើយបន្ទាប់មកផ្គត់ផ្គង់វាទៅបណ្តាញអគ្គិសនីរបស់ខេត្ត៕ 

Tag:
 ចិន
  ថាមពលពន្លឺព្រះអាទិត្យ
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com