កីឡាជាតិ
ជាតិ
ក្រុមថ្នាល់អាយុក្រោម ១៦ឆ្នាំ ភ្នំពេញក្រោន ចាញ់ ២សប្ដាហ៍ជាប់គ្នា
27, May 2024 , 5:59 pm        
រូបភាព
ការប្រកួតរវាងយុវជនភ្នំពេញក្រោន និងបឹងកេត រូបពី Cambodian Youth League
ការប្រកួតរវាងយុវជនភ្នំពេញក្រោន និងបឹងកេត រូបពី Cambodian Youth League
ក្រុមបាល់ទាត់ថ្នាល់អាយុក្រោម ១៦ឆ្នាំ របស់ភ្នំពេញក្រោន បានចាញ់ បឹងកេត កាលពីថ្ងៃទី២៦ ខែឧសភា នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន លទ្ធផល២-០ ក្នុងពានរង្វាន់លីគយុវជនកម្ពុជា អាយុក្រោម១៦ឆ្នាំ U16 Cambodian Youth League។ នេះ គឺជាបរាជ័យ សប្ដាហ៍ទី២ របស់យុវជនភ្នំពេញក្រោន។


ការប្រកួតនៅតង់ទីមួយ ក្រុមទាំង២ បានដាក់សម្ពាធឲ្យគ្នាទៅវិញទៅមក ដោយមានឱកាសនៅតំបន់គ្រោះថ្នាក់គូប្រកួត ប៉ុន្ដែមិនអាចរកគ្រាប់បាល់បាន។ លុះចូលដល់តង់ទី២ នាទី៦០ ខ្សែបម្រើបឹងកេត បានប៉ះ១-២ ពីពាក់កណ្ដាលទី ហើយបញ្ជូនទៅខ្សែប្រយុទ្ធនៅតំបន់គ្រោះថ្នាក់។ កីឡាករ ឧត្តម បញ្ញា ខ្សែប្រយុទ្ធបឹងកេត បានទំលាយសំណាញ់ទីភ្នំពេញក្រោន បន្ទាប់ពីការបញ្ជូនបាល់ពីមិត្តរួមក្រុម មកតំបន់គ្រោះថ្នាក់ នានាទី៦០នោះ លទ្ធផល១-០។
 
ភ្នំពេញក្រោន ព្យាយាមដាក់សម្ពាធក្រុមភ្ញៀវវិញ បន្ទាប់ពីត្រូវបានក្រុមក្រៅដីនាំមុខ។ លុះចូលដល់នាទី៧៦ កីឡាករ ផេង ចិត្រា បានដណ្ដើមបាល់ពីកីឡាករភ្នំពេញក្រោន បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនបាល់ហ្វ្រីឃីកមកតំបន់គ្រោះថ្នាក់ ហើយសុតបញ្ចូលទីបានសម្រេច នាំឲ្យលទ្ធផល២-០។ បញ្ចប់ការប្រកួត បឹងកេត ឈ្នះ ភ្នំពេញក្រោន ២-០។
 
ក្នុងសប្ដាហ៍ទី២ ដដែលនេះ ក្រុមយុវជនអាយុ១៦ឆ្នាំ អាយ អេស អាយ ដង្កោសែនជ័យ បានលុត អង្គរថាយហ្គឺរ ក្នុងលទ្ធផល៩-០ នៅកីឡដ្ឋាន AIA KMH Park ស្របពេល វិសាខា យកឈ្នះលើ សៀមរាបយូណាយធីត លទ្ធផល២-១ នៅកីឡដ្ឋានសៀមរាបយូណាយធីត។ ចំណែក ក្រុមយុវជនណាហ្គាវើលដ៍ ចាញ់ព្រះខ័នរាជស្វាយរៀង លទ្ធផល៤-២ នៅទីលានបាល់ទាត់វិទ្យាល័យខេត្តស្វាយរៀង ខណៈពេល កងយោពលខេមរភូមិន្ទ ស្មើជាមួយសាលាតម្រង់ទិសរាជធានីភ្នំពេញ លទ្ធផល២-២ នៅទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២ អាយ អេស អាយ ដង្កោសែនជ័យ ឈរចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន៦ពិន្ទុ ស្មើគ្នាជាមួយវិសាខា លេខ២ និងលេខ៣ ព្រះខ៧នរាជស្វាយរៀង។ ចំណែកលេខ៤ ក្រុមកងយោធពលខេមរភូមិន្ទ មាន៤ពិន្ទុ តាមពីក្រោយដោយ សៀមរាបយូណាយធីត មាន៣ពិន្ទុ ស្មើគ្នាជាមួយបឹងកេត ឈរលេខ៦។ រីឯ លេខ៧ សាលាតម្រង់ទិសរាជធានីភ្នំពេញ មាន១ពិន្ទុ។ ណាហ្គាវើលដ៍ ឈរលេខ៨ និងអង្គរថាយហ្គឺរ លេខ៩ សុទ្ធមិនមានពិន្ទុ ដូចជាភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ១០ ដែរ៕

Tag:
 Cambodian Youth League
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com