សង្គមអន្តរជាតិ​
អន្តរជាតិ
ដានជើងដាយណូស័រអាយុប្រហែល១២០លានឆ្នាំ ត្រូវបានប្រទះឃើញនៅចិន
28, May 2024 , 5:29 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
ហ្វូស៊ីលដានជើងដាយណូស័រពីសម័យ Cretaceous ដែលមានអាយុប្រហែល១២០លានឆ្នាំមុន ត្រូវបានរកឃើញថ្មីៗនេះនៅលើភ្នំមួយនៅទីក្រុង Lufeng ខេត្តយូណានរបស់ចិន។
 
តាមអ្នកជំនាញមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សហ្វូស៊ីលដាយណូស័រទីក្រុង Lufeng ចំនួនដានជើងហ្វូស៊ីលដាយណូស័រដែលបានរកឃើញលើកនេះគឺមានទំហំធំ និងច្រើនប្រភេទចម្រុះមានចំនួនជាង ៤០០ហ្វូស៊ីលដានជើង។ ការ​ប្រៀបធៀប​ទីតាំងសម្គាល់បានបង្ហាញ​ថា ​ប្លុក​ថ្ម​ដែល​ស្នាម​ជើង​ដាយណូស័រនោះ​​មាន​អាយុ​ប្រហែល ១២០លាន​ឆ្នាំ។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ដោយបានដកស្រង់សម្តីពីនាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សហ្វូស៊ីលដាយណូស័រទីក្រុង Lufeng លោក Wang Tao ហ្វូស៊ីលដានជើង​ដាយណូស័រ​ដែល​ត្រូវ​បាន​រក​ឃើញ​នេះ​ត្រូវ​បាន​បែង​ចែក​ជា ៣ប្រភេទ ហើយទីប្រជុំជនភ្នំ Konglongshan នៃទីក្រុង Lufeng ខេត្តយូណាន ជាកន្លែងដែលមានហ្វូស៊ីលដានជើងដាយណូស័រជាច្រើនបានប្រមូលផ្តុំនៅទីនោះ។ 
 


យ៉ាងណាមិញ ការរកឃើញដានជើងដាយណូស័រធំៗ និងច្រើនប្រភេទនាពេលនេះ គឺជាលើកទីមួយដែលបង្ហាញថា ប្រហែលជាមានប្រភេទសត្វដាយណូស័រច្រើនរស់នៅក្នុងតំបន់ Lufeng។
 
តាមការស្រាវជ្រាវរបស់លោក Wang Tao តំបន់នេះប្រហែលពីមុនជាទីតាំងមាត់បឹងដែលហ៊ុំព័ទ្ធដោយដើមឈើក្រាស់។ នៅពេលដែលដាយណូស័ចុះមកផឹកទឹក ពួកវាបានបន្សល់ទុកស្នាមជើងនៅក្នុងភក់។
 
ចាប់តាំងពីឆ្នាំ១៩៣៨ ហ្វូស៊ីលដាយណូស័រជាង១២០ ត្រូវបានរកឃើញនៅក្នុងតំបន់ Lufeng។ របកគំហើញនេះមានសារសំខាន់ក្នុងការបង្ហាញថាក្នុងអំឡុងសម័យ Cretaceous នៅតែមានចំនួនដាយណូស័រធំៗ និងចម្រុះប្រភេទដែលរស់នៅក្នុងតំបន់ Lefung។ បច្ចុប្បន្ន ការស្រាវជ្រាវពាក់ព័ន្ធហ្វូស៊ីលដាយណូស័រនៅទីនេះកំពុងតែបន្ត៕ 

Tag:
 ចិន
  ដាយណូស័រ
  ហ្វូស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com