សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនកៀរគរលុយ ៤៧,៥ពាន់លានដុល្លារ ដើម្បីវិនិយោគលើបន្ទះឈីប
28, May 2024 , 9:59 pm        
រូបភាព
កម្មករ​ម្នាក់​នៅក្នុងរោងចក្រ​ផលិត​បន្ទះ​ឈីប​មួយកន្លែង​ក្នុង​ខេត្ត Jiangsu។ រូបភាព ៖ AFP
កម្មករ​ម្នាក់​នៅក្នុងរោងចក្រ​ផលិត​បន្ទះ​ឈីប​មួយកន្លែង​ក្នុង​ខេត្ត Jiangsu។ រូបភាព ៖ AFP
ចិនបានបង្កើតមូលនិធិវិនិយោគមួយដែលមានដើមទុនចុះបញ្ជីចំនួន ៤៧,៥ពាន់លានដុល្លារ ដោយមានគោលដៅលើកកម្ពស់ឧស្សាហកម្មសឺមីកុងឌុចទ័រ និងជំរុញការផលិតបន្ទះឈីប។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ដែលបានដកស្រង់ទិន្នន័យពីវេបសាយ Tianyancha មូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមបញ្ចូលជាតិចិន (National Integrated Circuit Industry Investment Fund) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភា ហើយបច្ចប្បន្នកំពុងឈានចូលដំណាក់កាលទីបី។ ក្រសួងហិរញ្ញវត្ថុចិន ជាម្ចាស់ភាគហ៊ុនធំជាងគេដែលមាន ១៧ភាគរយ។
 
តួលេខ ៤៧,៥ពាន់លានដុល្លារគឺស្មើជិត២ដង នៃព័ត៌មានដែលលេចធ្លាយកាលពីខែមីនា។ នៅពេលនោះ ប្រភពអនាមិកមួយបានបង្ហាញថា ចិនកំពុងប្រមូលប្រាក់ពីរដ្ឋាភិបាលក្នុងតំបន់ និងសហគ្រាសរដ្ឋ ដោយមានគោលដៅប្រមូលបានជាង ២៧ពាន់លានដុល្លារ សម្រាប់គាំទ្រវិស័យសឺមីកុងឌុចទ័រក្នុងស្រុក។ ហើយការវិនិយោគនេះទៀតសោត នឹងត្រូវបានត្រួតពិនិត្យដោយផ្ទាល់ពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន។
 
កន្លងមក​ អាម៉េរិកបានដាក់វិធានការជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងការនាំចេញគ្រឿងចក្រ និងបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ចិន ក៏ដូចជាអំពាវនាវឱ្យសម្ព័ន្ធមិត្តធ្វើដូចគ្នាដែរ។ ហេតុផលមួយសំខាន់នោះគឺថា បារម្ភចិនអាចប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់សម្រាប់គោលបំណងវិស័យយោធា។
 
យ៉ាងណាក៏ដោយ ចិនបានបោះជំហានដ៏អស្ចារ្យមួយចំនួននៅក្នុងឧស្សាហកម្មសឺមីកុងឌុចទ័រនាពេលថ្មីៗនេះ។ បើតាមសារព័ត៌មាន ​​CNBC សាជីវកម្ម SMIC របស់ចិនបច្ចុប្បន្នគ្រប់គ្រងដំណើរការវេចខ្ចប់បន្ទះឈីបកម្រិត ៧ណាណូម៉ែត្រដែលអាចបំពាក់លើស្មាតហ្វូន ដូចជាម៉ូដែលទូរសព្ទ Huawei Mate 60 និង Pura 70 ទោះបីជាត្រូវដើរយឺតជាងក្រុមហ៊ុន TSMC និង Samsung ៥ឆ្នាំក៏ដោយ។ ចំណែកក្រុមហ៊ុន HLMC នៅទីក្រុងសៀងហៃក៏បានកំពុងសាកល្បងបន្ទះឈីប ១៤ណាណូម៉ែត្រ FinFET ចាប់តាំងពីឆ្នាំ ២០២០ ដែលយឺតជាង TSMC ៩-១០ឆ្នាំ។
 
សមត្ថភាពផលិតបន្ទះឈីបរបស់ចិននៅមានកម្រិត ដោយសារតែការពឹងផ្អែកលើប្រព័ន្ធដំណើរការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន ASML ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់។ Shanghai Micro Electronics Equipment (SMEE) ជាក្រុមហ៊ុនផលិតម៉ាស៊ីនផលិតបន្ទះឈីបដ៏ធំតែមួយគត់របស់ចិន ប៉ុន្តែបច្ចេកវិទ្យារបស់វានៅទាបជាង ASML របស់ហូឡង់ និងសាជីវកម្មជប៉ុន។
 
តាមស្ថិតិ នៅចុងឆ្នាំមុនពី Qichacha ដែលជាអ្នកជំនាញក្នុងការផ្តល់ព័ត៌មានអំពីក្រុមហ៊ុនចិន គឺជាង២២០០០ សហគ្រាសទាក់ទងនឹងបន្ទះឈីប សឺមីកុងឌុចទ័រនៅចិនបានឈប់ដំណើរការចាប់តាំងពីឆ្នាំ២០១៩។ ដោយឡែក នៅឆ្នាំ ២០២៣  កំណត់ត្រាសហគ្រាសចិនទាក់ទងវិស័យនេះបានកើនវិញដល់ ១០៩០០សហគ្រាស ដែលមានកំណើនទ្វេដងនៃអាជីវកម្មចំនួន៥៧៤៦សហគ្រាស ក្នុងឆ្នាំ២០២០។ នេះបង្ហាញថា ចិនចាប់ផ្តើមពង្រឹងលើឧស្សាកម្មបន្ទះឈីបឡើងវិញ៕ 
 

Tag:
 បន្ទះឈីប
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com