ជាតិ
កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នឹងជួយបង្កើនការកែច្នៃផលិតផលជលផល
29, May 2024 , 8:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអ្នកកែច្នៃក្នុងវិស័យជលផល នាពិធីដាក់ឱ្យដំណើរការ «កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)  នៅថ្ងៃទី២៩ ខែឧសភា។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអ្នកកែច្នៃក្នុងវិស័យជលផល នាពិធីដាក់ឱ្យដំណើរការ «កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នៅថ្ងៃទី២៩ ខែឧសភា។
កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៩ ឧសភានេះ ដើម្បីគាំទ្រដល់សហគ្រាសជលផលក្រោយប្រមូលផល អ្នកផ្គត់ផ្គង់ធាតុចូល និងដៃគូអាជីវកម្មក្នុងខ្សែច្រវាក់ ក៏ដូចជាបង្កើនផលិតភាពនៃផលិតកម្មឱ្យមានគុណភាព និងសុវត្ថិភាពកាន់តែខ្ពស់។
 
កម្មវិធីនេះ ផ្តួចផ្តើមដោយគម្រោង CAPFISH-Capture ដែលគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងមានការចូលរួមសហការពីរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានតួនាទីជាអង្គភាពគ្រប់គ្រង ISF ដោយធ្វើការជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។
 
លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC បានលើកឡើងថា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងខ្លាំង ចំពោះវិស័យជលផលនៅកម្ពុជា។ តាមរយៈគម្រោងនេះ ប្រតិបត្តិករពាក់ព័ន្ធ ក្នុងវិស័យជលផលក្រោយប្រមូលផល នឹងមានលទ្ធភាពទទួលបាននូវការគាំទ្រជំនួយបច្ចេកទេស ការសាងសមត្ថភាព និងជំនួយហិរញ្ញប្បទាន ដែលរួមមាន ជំនួយឥតសំណង និងឥណទានដែលមានការធានា ក្នុងលក្ខខណ្ឌអនុគ្រោះជាច្រើន។ 
 
គម្រោង ISF នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើទំនើបកម្មការបង្កើនផលិតភាពនៃវិស័យកសិកម្ម ជាមួយការរក្សាបាននូវគុណភាពនៃផលិតផលកសិកម្ម និងកសាងបាននូវភាពធន់នៃវិស័យនេះ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង ក៏ដូចជាការបង្កើនបាននូវតម្លៃបន្ថែមកាន់តែខ្ពស់ និងភាពប្រកួតប្រជែង ទាំងតម្លៃ និងគុណភាព។ 
 
លោក ម៉ី វ៉ាន់ ថ្លែងដូច្នេះថា៖ «ISF មានអត្ថប្រយោជន៍យ៉ាងខ្លាំងណាស់ ចំពោះវិស័យជលផលកម្ពុជា។ តាមរយៈគម្រោងនេះ ប្រតិបត្តិករពាក់ព័ន្ធនឹងមានលទ្ធភាពទទួលបាននូវការគាំទ្រផ្នែកបច្ចេកទេស ការសាងសមត្ថភាព និងជំនួយហិរញ្ញប្បទាន ដែលរួមមានទាំងជំនួយឥតសំណង និងឥណទានដែលមានការធានា ក្នុងលក្ខខណ្ឌអនុគ្រោះជាច្រើន ផងដែរ»។



នាយកផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្មរបស់អង្គការ UNIDO លោក ដឺជេនេ តេហ្សេរ៉ា បានលើកឡើងថា UNIDO ពិតជាមានមោទកភាព ក្នុងការដាក់ចេញនូវកម្មវិធី ISF សម្រាប់បម្រើឱ្យវិស័យជលផល។ តាមរយៈបទពិសោធន៍ដ៏រឹងមាំរបស់ UNIDO លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ លោកមានជឿជាក់ថាកម្មវិធី ISF នេះ នឹងរួមចំណែកបង្កើនគុណតម្លៃ និងបរិមាណនៃផលិតផលជលផលប្រកបដោយគុណភាព និងសុវត្ថិភាព ដែលផ្នែកមួយជួយឱ្យសហគ្រាសកែច្នៃផលផលិតផលជលផល ទទួលបានជោគជ័យនៅក្នុងទីផ្សារសកល។
 
លោក បន្ថែមដូច្នេះថា៖ «តាមរយៈការវិនិយោគលើការបង្កើតថ្មី និងការកសាងសមត្ថភាព គឺជាការត្រួសត្រាយ និងកសាងផ្លូវដ៏ត្រឹមត្រូវជួយឱ្យវិស័យជលផលកម្ពុជាលេចធ្លោលើឆាកអន្តរ»។ 
 
លោក អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរ ចំពោះការដាក់ឱ្យដំណើរការ ទាន់ពេលវេលានៃកម្មវិធី ISF។ លោកថា ISF មិនត្រឹមតែរួម ចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងទ្រទ្រង់ឆ្អឹងខ្នង សេដ្ឋកិច្ច ការពារសុខភាពសាធារណៈ និងបង្កើតការងារក្នុងស្រុកផងដែរ។ 
 
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះ មានសុទិដ្ឋិនិយមថា ISF នឹងទទួលជោគជ័យ ហើយ អាចយកទៅអនុវត្តឡើងវិញសម្រាប់អនុវិស័យកសិកម្មផ្សេងទៀត ដែលជាកត្តាជំរុញឱ្យ មានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងការវិនិយោគបន្ថែមទៀតក្នុងវិស័យកសិកម្មកម្ពុជា លើគ្រប់ផ្នែក។ 
 
លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ISF គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ សម្រាប់គាំទ្រដល់កិច្ចសហការរវាងរដ្ឋបាលជលផល ព្រម ទាំងអង្គការ UNIDO និងវិស័យឯកជន ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយ ប្រមូលផលនៅកម្ពុជា។ «កម្មវិធីនេះនឹងជួយលើកកម្ពស់ការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ឱ្យកាន់តែមានស្តង់ដារនិងគុណភាពខ្ពស់ តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ព្រមទាំងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់ប្រជានេសាទ និងសហគ្រាសកែច្នៃផងដែរ»។ លោក ឌិត ទីណា បន្ថែមដូច្នេះ មុននឹងប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍន៍វិស័យជលផលកម្ពុជា ឲ្យជោគជ័យបន្ថែមទៀត៕ 

Tag:
 ឌិត ទីណា
  កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ
  UNIDO
© រក្សាសិទ្ធិដោយ thmeythmey.com