ជាតិ
ជប៉ុនផ្ដល់ឃ្លាំងស្តុកគ្រាប់ស្វាយចន្ទី តម្លៃ២៣ម៉ឺនដុល្លារ ដល់សហគមន៍៤ ក្នុងខេត្តរតនគិរី
29, May 2024 , 9:29 pm        
រូបភាព
ឃ្លាំងស្ដុកគ្រាប់ស្វាយចន្ទីចំនួន៤ ម៉ាស៊ីនញែកគ្រាប់ ទីលានហាលសម្ងួត និងឧបករណ៍វាស់សំណើមគ្រាប់ស្វាយចន្ទី ដែលមានតម្លៃជិត២៣ម៉ឺនដុល្លារ ត្រូវបានប្រគល់ឱ្យសហគមន៍ស្វាយចន្ទីចំនួន៤ នៅក្នុងខេត្តរតនគិរី។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងឧបករណ៍ទាំងនេះ គឺជាជំនួយឥតសំណងពីស្ថានទូតជប៉ុន ក្នុងគម្រោងកែលម្អប្រតិបត្តិការ ក្រោយប្រមូលផលគ្រាប់ស្វាយចន្ទី ដែលគាំទ្រថវិកាដោយមូលនិធិ«គូសាណូណិ»។


លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានបង្ហោះសារនៅទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ ឧសភាថា ការទទួលបានឃ្លាំង និងទីលានហាលសម្ងួតទាំងនេះ នឹងអនុញ្ញាតឱ្យកសិករក្នុងសហគមន៍ទាំង៤ ស្តុកទុកគ្រាប់ស្វាយចន្ទីក្រោយពេលប្រមូលផល និងរង់ចាំលក់ចេញវិញ នៅពេលដែលទទួលបានតម្លៃល្អពីទីផ្សារ។ លោកថា នេះគឺជាអត្ថប្រយោជន៍បន្ថែមមួយទៀត នៃការចូលរួមផលិតក្រោមទម្រង់ជាសហគមន៍ ក្រៅពីទទួលបានការគាំទ្រខាងផ្នែកបច្ចេកទេស ទីផ្សារ និងទុន។ 
 
ឃ្លាំងនីមួយៗមានទទឹង ៦ម៉ែត្រ និងបណ្ដោយ ១៨ម៉ែត្រ អាចផ្ទុកគ្រាប់ស្វាយចន្ទីបាន២០០តោន។ កន្លងមកមូលនិធិ«គូសាណូណិ» តាមរយៈនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម បានផ្ដល់ឃ្លាំងស្ដុកគ្រាប់ស្វាយចន្ទីចំនួន៤ និងឧបករណ៍វាស់សំណើម និងទីលានសម្ងួត ដល់សហគមន៍កសិកម្មមួយចំនួន នៅក្នុងខេត្តកំពង់ធំ។ 



ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន​ ស៊ីឡុត ត្រេកអរចំពោះការទទួលបានហេដ្ឋារចនាសម្ព័ន្ធ គាំទ្របន្ថែមដល់សហគមន៍ស្វាយចន្ទីនៅពេលនេះ។ ប៉ុន្តែទន្ទឹមនេះ លោកមើលឃើញសហគមន៍នីមួយៗហាក់មិនទាន់មានការគ្រប់គ្រង និងប្រើប្រាស់ឃ្លាំងឱ្យអស់លទ្ធភាពនៅឡើយទេ ដូច្នេះទាមទារឱ្យភាគីពាក់ព័ន្ធ ជួយពង្រឹងការងារទាំងអស់នេះបន្ថែមទៀត ដើម្បីសហគមន៍ទទួលបានប្រយោជន៍ពេញលេញ។  
 
លោក ប្រាប់ដូច្នេះថា៖«កន្លងមក យើងឃើញថាដំណើរការឃ្លាំងមិនទាន់ល្អគួរជាទីពេញចិត្តទេ។ ដំណើរមិនល្អ ដោយសារតែសហគមន៍នីមួយៗ អត់ទាន់មានការគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ឃ្លាំងឱ្យអស់លទ្ធភាពនៅឡើយ។ មានន័យថា ធនធានមនុស្ស និងការគ្រប់គ្រងក្នុងសហគមន៍គាត់នៅខ្សោយ ដែលចាំបាច់ភាគីពាក់ព័ន្ធ ជួយពង្រឹងបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សហគមន៍»។​
 
រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៥០ម៉ឺនតោនទៅអន្តរជាតិ ក្នុងនោះ នាំចូលទីផ្សារវៀតណាម ៩០ភាគរយ​។ ដោយឡែក នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិចំនួន ៦៥៦ ០០០ តោន ថយចុះ ៧.៦ភាគរយ។ សរុបទឹកប្រាក់​គឺមានទំហំ ៨៣៧ ០០០ ០០០ ដុល្លារ ថយចុះ១៦,៩ភាគរយ។

ក្នុងចំណោមនោះ ទំហំនាំចេញទៅប្រទេសវៀតណាម មានចំនួន៦១៨ ០០០តោន។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦​ហិក​តា និងទទួលបានទិន្នផលសរុប ៧០៩ ៤១៩តោន៕

Tag:
 ស្វាយចន្ទី
  អួន ស៊ីឡុត
  ឃឹម ហ្វីណង់
  ឃ្លាំងស្តុក
© រក្សាសិទ្ធិដោយ thmeythmey.com