អន្តរជាតិ
លោក គីម ប្តេជ្ញាបន្តអភិវឌ្ឍផ្កាយរណបចារកិច្ចឱ្យបាន ក្រោយរងបរាជ័យជាថ្មី
29, May 2024 , 7:29 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាបន្តអភិវឌ្ឋផ្កាយរណបចារកិច្ចឱ្យបាន ក្រោយផ្ទុះគ្រាប់រ៉ុក្កែតនាំផ្កាយរណបចារកិច្ចនៅលើអាកាស នៅថ្ងៃទី២៧ ខែឧសភា។ បើតាមលោកគីម ផ្កាយរណបចារកិច្ច នឹងជួយកូរ៉េខាងជើងការពារអធិបតេយ្យ រួមទាំងពង្រឹងសមត្ថភាពការពារខ្លួន។
 
ក្នុងអំឡុងទស្សនកិច្ចនៅបណ្ឌិត្យវិទ្យាសាស្រ្តការពារ ដើម្បីរម្លឹកខួបនៃការបង្កើតស្ថាប័នមួយនេះរយៈពេល ៦០ឆ្នាំ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទទួលស្គាល់ពីភាពបរាជ័យក្នុងការបាញ់គ្រាប់រ៉ុក្កែតបំពាក់ផ្កាយរណបចារកិច្ច ទៅក្នុងគន្លងរបស់ផែនដី។ យ៉ាងណាមិញ មេដឹកនាំដ៏មានឥទ្ធិពលរូបនេះ បានប្រកាសមិនបោះបង់មហិច្ឆតារបស់ខ្លួនឡើយ។ 
 
«វាគឺឆ្លងកាត់បរាជ័យ ដែលយើងអាចរៀន និងអភិវឌ្ឍខ្លួនបន្ថែម»។ លោកគីម បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៨ ខែឧសភា ដោយបន្តអំពាវនាវឱ្យអ្នកជំនាញផ្នែកអភិវឌ្ឍផ្កាយរណប កុំមានការចុះចាញ់ ដ្បិតចុងក្រោយនឹងទទួលបានលទ្ធផលល្អ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី២៩ ខែឧសភា។ 
 
បើតាមលោកគីម ផ្កាយរណបចារកិច្ច នឹងជួយកូរ៉េខាងជើងក្នុងការពង្រឹងសមត្ថភាពការពារ ស្របពេលមានការផ្លាស់ប្តូរផ្នែកសន្តិសុខយ៉ាងខ្លាំងលើឆាកអន្តរជាតិ ស្របពេលយោធាអាម៉េរិក តែងធ្វើសកម្មភាពបង្ករឿង។ ត្រង់ចំណុចនេះ លោកគីម ទំនងសំដៅដល់សមយុទ្ធយោធារបស់អាម៉េរិក ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងតំបន់។ 
 
ក្នុងកម្មវិធីដដែល លោកគីម បានលើកឡើងថា ការបាញ់បង្ហោះផ្កាយរណបបរាជ័យ គឺដោយសារតែប្រព័ន្ធបំផ្ទុះខ្លួន បង្កដោយភាពមិនប្រក្រតីនៃម៉ាស៊ីននៅដំណាក់កាលទីមួយ។ លោកគីម មានលើកទឹកចិត្តបន្ថែមទៀត ដល់អ្នកវិទ្យាសាស្រ្ត ដើម្បីអភិវឌ្ឍផ្កាយរណបឱ្យទទួលបានជោគជ័យ។ 
 
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កូរ៉េខាងជើង បានជោគជ័យ ក្នុងការបាញ់ផ្កាយរណបចារកិច្ចទៅក្នុងគន្លងរបស់ផែនដី ក្រោយបរាជ័យចំនួន ២លើក។ ភាពជោគជ័យកាលនោះ ធ្វើឡើងក្រោយមេដឹកនាំរុស្ស៊ីបានសន្យាជួយកូរ៉េខាងជើង ក្នុងការកសាងផ្កាយរណប៕ 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com