សង្គមអន្តរជាតិ​
អន្តរជាតិ
វៀតណាម៖ សិស្សមត្តេយ្យ៥ឆ្នាំបាត់បង់ជីវិត ក្រោយជាប់លើរថយន្ត ១១ម៉ោង
30, May 2024 , 2:59 pm        
រូបភាព
រថយន្ត​សាលា​នៅ​ខេត្ត ថាយ ប៊ិញ ដែល​ក្មេង​ប្រុស​អាយុ ៥ ឆ្នាំ​ម្នាក់​ត្រូវ​បានទុកចោលអស់ ១១ ម៉ោង ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៤។ រូបភាព ៖ VnExpress
រថយន្ត​សាលា​នៅ​ខេត្ត ថាយ ប៊ិញ ដែល​ក្មេង​ប្រុស​អាយុ ៥ ឆ្នាំ​ម្នាក់​ត្រូវ​បានទុកចោលអស់ ១១ ម៉ោង ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៤។ រូបភាព ៖ VnExpress
សិស្សសាលាមត្តេយ្យម្នាក់ អាយុ ៥ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ភ្លេចនៅលើឡានក្រុងសាលាអស់ ១១ម៉ោងក្រោមសីតុណ្ហភាព ៣៥អង្សាសេ នៅខេត្តភាគខាងជើងវៀតណាម។ នេះបើតាមសារព័ត៌មាន VnExpress ។
 
នៅវេលាម៉ោង៦ និង២០នាទីព្រឹក កុមារឈ្មោះ Gia Huy ស្ថិតនៅខេត្ត ថៃ ប៊ិញ បានជិះរថយន្តក្រុង ២៩កៅអី ទៅសាលាមត្តេយ្យ Hong Nhung 2 ចម្ងាយ ៥គីឡូម៉ែតពីផ្ទះ។ នៅលើឡានក្រុងមានសិស្ស១០នាក់ និងគ្រូម្នាក់ដែលបំពេញភារកិច្ចចាំទទួលសិស្ស។ 
 
ពេលទៅ​ដល់​សាលារៀន អ្នក​បើក​បរ​បាន​បើក​ទ្វារ​ឲ្យ​សិស្ស និង​គ្រូ​ចូល​ក្នុង​ថ្នាក់​រៀន បន្ទាប់​មក​ចត​នៅ​ខ្លោង​ទ្វារ​សាលា រួចចាក​ចេញ​ទៅ​វិញ។ នៅក្នុងថ្នាក់រៀន គ្រូបានថតរូបសិស្ស និងស្រង់អវត្តមានចូលរៀន ប៉ុន្តែមិនឃើញវត្តមាន Gia Huy ទេ។ យ៉ាងណាមិញ គ្រូក៏មិនបានជូនដំណឹងដល់គ្រួសារសិស្សដែរ។ នេះបើយោងតាមប៉ូលីសខេត្ត Thai Binh ។
 
លុះ​ដល់​ម៉ោង​ ៥​ល្ងាច​ថ្ងៃ​ដដែល ពូ​របស់ក្មេងម្នាក់នេះបាន​ទៅ​សាលា​ទទួលក្មួយ តែ​គ្រូ​ប្រាប់​ថា ​មិនបានឃើញ Gia Huy ​មករៀននោះទេ ។ ពេលនោះ ស្រាប់តែបុរសម្នាក់នោះរត់យ៉ាងលឿនសំដៅទៅឡានក្រុងដែលចតនៅខ្លោងទ្វារសាលា ហើយវាយបំបែកទ្វារជាមួយអ្នកដទៃទៀត ស្រាប់តែឃើញក្មួយនៅក្នុងឡានក្នុងសភាពអស់កម្លាំង។
 
គ្រានោះ Gia Huyស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារនៅក្នុងរថយន្តអស់រយៈពេលជិត ១១ម៉ោង។ តំណាងមន្ទីរពេទ្យខេត្ត Thai Binh បាននិយាយថា កុមារនោះបានស្លាប់មុនពេលចូលមន្ទីរពេទ្យ។ 
 
បើតាមអាជ្ញាធរក្នុងតំបន់ ម្តាយរបស់ Gia Huy បានទៅធ្វើការនៅក្រៅប្រទេស ហើយកូនស្នាក់នៅជាមួយជីដូន និងពូ។ 
 
សាលារៀន Hong Nhung 2 ជាសាលាមត្តេយ្យឯកជនមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦  ដែលមានសាខាចំនួន២ ដែលមានសិស្សប្រហែល ៤០០នាក់។ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា សាលា​បាន​ធ្វើ​ការ​បញ្ចប់​ឆ្នាំ​សិក្សា ដូច្នេះ​សិស្ស​ត្រឡប់​មក​ផ្ទះ​យឺត​ជាង​ធម្មតា។
 
ខេត្ត ថាយ ប៊ិញ កំពុងជួបប្រទះនឹងអាកាសធាតុក្តៅខ្លាំង ដោយសីតុណ្ហភាពខាងក្រៅខ្ពស់បំផុតគឺប្រហែល ៣៥អង្សារសេ។ បើតាមអ្នកជំនាញ ប្រសិនបើរថយន្តបិទទ្វារ ហើយទុកចោលក្រោមពន្លឺថ្ងៃ ហើយមិនបើកម៉ាស៊ីនត្រជាក់ សីតុណ្ហភាពខាងក្នុងរថយន្តអាចឡើង ១០អង្សារសេលើសពីខាងក្រៅ។
 
នៅឆ្នាំ ២០១៩ ក្នុងឧបទ្ទវហេតុស្រដៀងគ្នានេះនៅទីក្រុងហាណូយ ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានទុកចោលនៅលើឡានក្រុង។ អ្នកបើកបរ អ្នកគ្រប់គ្រងសិស្ស និងគ្រូបង្រៀនម្នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ពីបទមនុស្សឃាតដោយអចេតនា និងការធ្វេសប្រហែស៕ 

Tag:
 វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com