ជាតិ
សេដ្ឋកិច្ច
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសបើកថ្នាក់ថ្មីជំនាញ «គ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ»
31, May 2024 , 8:59 pm        
រូបភាព
ការថតរូបជុំគ្នាសម្រាប់អ្នកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ នៅសាកលវិទ្យាល័យភ្នំពេញនាថ្ងៃទី៣១ ខែឧសភា។ រូបភាពផ្តល់ឲ្យ ៖ Try Kimly
ការថតរូបជុំគ្នាសម្រាប់អ្នកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ នៅសាកលវិទ្យាល័យភ្នំពេញនាថ្ងៃទី៣១ ខែឧសភា។ រូបភាពផ្តល់ឲ្យ ៖ Try Kimly
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីជំរុញឲ្យសហគ្រិន និងនិស្សិតបញ្ចប់ការសិក្សា អាចបង្កើតនូវគំនិតអាជីវកម្មថ្មី ព្រមទាំងយល់ដឹងពីរបៀបគ្រប់គ្រងអាជីវកម្មឲ្យមាននិរន្តរភាព។ ថ្នាក់រៀននេះ គ្រោងទទួលចុះឈ្មោះចូលរៀនចាប់ពីខែសីហាតទៅ។
 
សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិស័យ​ឯកជន ក្រុមហ៊ុនតូចៗ ដែលភាគច្រើនមានជាលក្ខណៈគ្រួសារ បង្កើតបានជាអាជីវកម្មឯកជនជាច្រើន។ អាជីវកម្មលក្ខណៈគ្រួសារ ជាអាជីវកម្មដែលដំណើរការរកស៊ីដោយសមាជិកគ្រួសារមួយមិនថាជា សាច់ញាតិ បងប្អូន តជំនាន់ ឬក៏ជាប្រភេទអាជីវកម្មតូច ឬធំ។ 
 
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ នឹងអាចផ្តល់ការងារ ៧០ភាគរយ និងរួមចំណែក ៥៨ភាគរយ ដល់ផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៤។
 
មើលឃើញបែបនេះ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបើកបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ (Master Program in family business managemnet) ដើម្បីពង្រឹងអាជីវកម្មដែលមានស្រាប់ ព្រមទាំងបើកឱកាសសម្រាប់សហគ្រិន និងនិស្សិតដែលបញ្ចប់ការសិក្សាអាចបង្កើតនូវគំនិតអាជីវកម្ម និងយល់ដឹងពីរបៀបគ្រប់គ្រងអាជីវកម្មឲ្យមាននិរន្តរភាព។   
 
ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍លោក ហេង ណារ៉េត មើលឃើញថា បច្ចុប្បន្នអាជីវកម្មលក្ខណៈគ្រួសារមានបញ្ហាប្រឈមខ្លះ ដោយការធ្វើអាជីវកម្មរបស់ពួកគេ ដែលបន្តពីក្រុមគ្រួសារតាមបែបបុរាណ។ ទន្ទឹមនេះ អាជីវកម្មលក្ខណៈគ្រួសារតូចៗជាច្រើនត្រូវការជំនាញ ដើម្បីយកទៅពង្រីកអាជីវកម្ម​។ 
 
លោក ហេង ណារ៉េត ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍។ រូបភាព​ ៖ Thun Senghong 

«ការពិតអាជីវកម្មលក្ខណៈគ្រួសារនៅកម្ពុជាមានច្រើន ប៉ុន្តែការធ្វើឲ្យប្រសើរឡើងនិងនិរន្តរភាពប្រកបដោយចីរភាពនៅមានកម្រិត។ ដូច្នេះ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ចង់ពង្រឹងអាជីវកម្មដែលមានស្រាប់ និងអាចពង្រីកអាជីវកម្មបន្ថែមទៀត ជាពិសេសជំរុញលើកទឹកចិត្តនិស្សិតដែលបញ្ចប់ការសិក្សាថ្មីៗមានគំនិតច្នៃប្រឌិត និងបង្កើតថ្មី»។ នេះបើតាមលោក ហេង ណារ៉េត និយាយនៅក្នុងកម្មវិធីផ្សព្វផ្សាយថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ នៅសាកលវិទ្យាល័យភ្នំពេញនាថ្ងៃទី៣១ ខែឧសភា។
 
លោក ប៉េស ផល្លី ស្ថានិក អេ អិម គ្រុប បានថ្លែងក្នុងកម្មវិធីនេះថា ដើម្បីគ្រប់គ្រងអាជីវកម្ម ដែលមានលក្ខណៈគ្រួសារប្រកបដោយចីរភាព ម្ចាស់អាជីវកម្មគួរមានទាំងចំណេះដឹង ជំនាញ និងភាពស្មោះត្រង់នៅក្នុងអាជីវកម្មរបស់ខ្លួន​។ កត្តាទាំងនេះ នឹងអាចធ្វើឲ្យអាជីវកម្មអាចឈរលើទីផ្សាររយៈពេលយូរ។ 
 
វាគ្មិនចូលរួមកម្មវិធីផ្សព្វផ្សាយថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ។ រូបភាព ៖ Thun Senghong 

ចំណែក លោក អ៊ុយ រដ្ឋធានី នាយកគ្រប់គ្រងក្រុមហ៊ុន IROC SERVICE ដែលជាក្រុមហ៊ុនជំនាញប្រឹក្សាផ្នែកធនធានមនុស្សនិយាយថា ការគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារដែលអាចរក្សាស្ថិរភាពក្រុមហ៊ុនបានយូរអង្វែងអាស្រ័យលើការរៀបចំរចនាសម្ព័ន្ធបុគ្គលិកឲ្យបានត្រឹមត្រូវ។ លោកបញ្ជាក់ថា​ ម្ចាស់អាជីវកម្មត្រូវបង្កើតចក្ខុវិស័យជាមួយបុគ្គលិក ដើម្បីភាពរីកចម្រើនអាជីវកម្មជាមួយគ្នានាពេលអនាគត។ 
 
នៅអាស៊ីអាអាគ្នេយ៍ ឥណ្ឌូណេស៊ីជាប្រទេសនាំមុខគេដែលមានចំណែកអាជីវកម្មគ្រួសារ ១០ភាគរយ ឬស្មើរនឹង ១៣៩ពាន់លានដុល្លារនៃផលិតក្នុងស្រុកសរុប (GDP) ដែលជាប់ចំណាត់ថ្នាក់ទី១៤ទូទាំងពិភពលោក។ ​នេះបើតាមទិន្នន័យពី Seasia។  
 
គួរបញ្ជាក់ថា កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ នឹងប្រកាសទទួលពាក្យចាប់ពីខែសីហា ហើយគ្រោងនឹងចូលរៀននៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤៕

Tag:
 អាជីវកម្ម
  សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com