សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុងបាងកកហាម​អាជីវករលក់​ដូរ​តាម​ផ្លូវ​ មានចំណូលលើស ៦៨០ដុល្លារ​ក្នុង​មួយខែ
31, May 2024 , 9:29 pm        
រូបភាព
អាជីវករ​តាម​ផ្លូវ​ និង​តូប​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ រូបភាព ៖ Bangkok Post
អាជីវករ​តាម​ផ្លូវ​ និង​តូប​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ រូបភាព ៖ Bangkok Post
ទីក្រុងបាងកកនឹងពិនិត្យមើលប្រាក់ចំណូលរបស់អាជីវករលក់ដូរតាមចិញ្ចើមផ្លូវ ដោយតម្រូវឱ្យអ្នកដែលរកបានលើសពី ៦៨០ដុល្លារក្នុងមួយខែ ជួលទីតាំងជំនួសឱ្យការបន្តធ្វើអាជីវកម្មលើចិញ្ចើមផ្លូវ។
 
មានតែអ្នកលក់ដូរតាមដងផ្លូវ ដែលមានប្រាក់ចំណូលតិចជាង ៦៨០ដុល្លារក្នុងមួយខែ នឹងត្រូវបានអនុញ្ញាតឱ្យលក់នៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទេសភាពទីក្រុង។ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រកាសបែបនេះ នៅថ្ងៃទី២៩ ខែឧសភា។ 
 
នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី៣០ ខែឧសភា លោក Chadchart បានប្រកាសពីវិធានការជាបន្តបន្ទាប់ដើម្បីអនុវត្តគោលនយោបាយនេះ រួមទាំងការតម្រូវឱ្យអ្នកលក់ដូរតាមដងផ្លូវទាំងអស់ត្រូវចុះឈ្មោះក្នុងប្រព័ន្ធបង់ពន្ធថ្នាក់ជាតិ ដើម្បីជួយរដ្ឋាភិបាលក្រុងបាងកកងាយស្រួលក្នុងការត្រួតពិនិត្យកម្រិតចំណូល។ ទោះបីជាប្រាក់ចំណូលរបស់ពួកគេមិនទាន់ជាប់ពន្ធ ក៏ត្រូវតែចុះឈ្មោះក្នុងប្រព័ន្ធដែរ។
 
អាជីវកម្មខ្នាតតូចដែលមានប្រាក់ចំណូលលើសពី ៦៨០ដុល្លារ ត្រូវការផ្លាស់ចេញពីចិញ្ចើមផ្លូវ និងទីសាធារណៈ ហើយស្វែងរកស្តង់សម្រាប់ជួលដើម្បីធ្វើអាជីវកម្មនៅទីតាំងដែលបានកំណត់ ធានាថាផ្លូវថ្នល់មានអនាម័យ។ មន្ត្រីអំពាវនាវឱ្យម្ចាស់អាជីវកម្មសហការ និងបម្រុងទុកតំបន់ជួលទាបសម្រាប់អាជីវកម្មខ្នាតតូច។
 
លោក Chadchart បាននិយាយថា ៖«យើងចង់ឱ្យទីក្រុងស្អាត និងស្រស់ស្អាត។ នៅកន្លែងសាធារណៈដែលអ្នកលក់ដូរតាមដងផ្លូវមិនរំលោភបំពានលើផ្លូវ និងរំខានអ្នកថ្មើរជើង អាជីវកម្មខ្នាតតូចនៅតែត្រូវបានអនុញ្ញាតឱ្យដំណើរការ»។
 
មន្ត្រីសាលាក្រុងនឹងចាត់វិធានការឆាប់ៗនេះជុំវិញបញ្ហាទាំងនេះ។ គោលដៅរយៈពេលវែងរបស់ទីក្រុងបាងកក គឺចាំបាច់លុបបំបាត់ទាំងស្រុងនូវសកម្មភាពលក់ដូរតាមដងផ្លូវ ផ្លាស់ប្តូរជីវភាពរបស់អាជីវកករតូចៗ ទៅកាន់មជ្ឈមណ្ឌលលក់ទំនិញពាណិជ្ជកម្ម។
 
ក្នុងឆ្នាំ ២០២២ មន្រ្តីថៃបានចាប់ផ្តើមយុទ្ធនាការសម្អាតចិញ្ចើមផ្លូវថ្មីមួយ ដោយបង្កើតមជ្ឈមណ្ឌលលក់ទំនិញជាដំណោះស្រាយរយៈពេលវែងចំពោះស្ថានភាពអាជីវកម្មដែលមិនបានរៀបចំនៅលើចិញ្ចើមផ្លូវ។ មជ្ឈមណ្ឌលទាំងនេះត្រូវបានគ្រោងទុកជាតំបន់អាហារតាមដងផ្លូវ ដោយរៀនពីគំរូសិង្ហបុរី។
 
គិតត្រឹមឆ្នាំ២០២៣ ទីក្រុងបាងកកត្រូវបានប្រម៉ាណថា មានអ្នកលក់តាមដងផ្លូវចំនួន ២០០០០អាជីវកម្ម៕ 

Tag:
 បាងកក
  អាជីវករ
 
© រក្សាសិទ្ធិដោយ thmeythmey.com