អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា៖ យ៉ាងហោចណាស់ ៥៦នាក់ស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំង
03, Jun 2024 , 9:29 pm        
រូបភាព
កង្វះ​ទឹក​ស្របពេលពេលកម្ក្តៅ​កើនឡើងថ្មីៗ​នេះ បាន​បង្ខំ​ប្រជាជន​ក្នុង​តំបន់​ Chanakyapuri កណ្តាល​ទីក្រុងញូវដេលីពឹង​ផ្អែក​លើ​រថយន្ត​ដឹក​ទឹក​របស់​រដ្ឋាភិបាល​។ រូបភាព ៖ ANI
កង្វះ​ទឹក​ស្របពេលពេលកម្ក្តៅ​កើនឡើងថ្មីៗ​នេះ បាន​បង្ខំ​ប្រជាជន​ក្នុង​តំបន់​ Chanakyapuri កណ្តាល​ទីក្រុងញូវដេលីពឹង​ផ្អែក​លើ​រថយន្ត​ដឹក​ទឹក​របស់​រដ្ឋាភិបាល​។ រូបភាព ៖ ANI
រលកកំដៅនៅទូទាំងប្រទេសឥណ្ឌាចាប់ពីខែមីនាដល់ខែឧសភា បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥៦នាក់បានស្លាប់ និង ២៥ពាន់ករណីសង្ស័យថាមានខ្យល់គរដោយសារកម្តៅឡើងនៅក្នុងខ្លួនខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមិថុនា។
 
ឥណ្ឌា​បាន​ជួប​ប្រទះ​នឹង​កម្ដៅ​ខ្លាំង​ក្នុង​ខែ​ឧសភា នៅ​ពេល​ដែល​សីតុណ្ហភាព​ក្នុង​រដ្ឋធានីញូវដេលី និង​រដ្ឋ Rajasthan បាន​ឡើង​ដល់ ៥០អង្សា។ ការ​វាស់​ស្ទង់​កម្តៅក្នុង​តំបន់ Mungeshpur ទីក្រុងញូវដេលីកាល​ពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា បាន​កត់ត្រា​សីតុណ្ហភាព​ខ្ពស់ ៥២,៩ អង្សា ប៉ុន្តែ​ក្រោយ​មក​រដ្ឋាភិបាល​បាន​រក​ឃើញកំហុសឧបករណ៍ចាប់កម្តៅ ដែលបណ្តាលឱ្យកម្រិតសីតុណ្ហភាពដែលបានកត់ត្រាលើសពីជាក់ស្តែង ៣អង្សា។ 
 
ទិន្នន័យពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺរបស់ឥណ្ឌា (NCDC) បានបង្ហាញថា នៅក្នុងខែឧសភាមានអ្នកស្លាប់ដោយសារកំដៅចំនួន ៤៦នាក់ និងមនុស្ស ១៩១៨៩នាក់ អាចមានកម្តៅឡើងនៅក្នុងខ្លួនខ្លាំង។ 
 
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា ចាប់ពីខែមីនា ដល់ខែឧសភា ប្រទេសនេះបានកត់ត្រាអ្នកស្លាប់យ៉ាងហោចណាស់ ៥៦នាក់ និងប្រហែល ២៥០០០ករណី ប្រឈមនឹងខ្យល់គរដោយសារកម្លៅឡើងនៅក្នុងខ្លួនខ្លាំង។ កាលពីថ្ងៃទី៣១ ខែឧសភា ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងតិច ៤០នាក់ដោយសារកំដៅក្នុងនោះ ២៥នាក់ជាបុគ្គលិកបោះឆ្នោតនៅក្នុងរដ្ឋ Uttar Pradesh និង Bihar ។
 
ប្រសិនបើរាប់បញ្ចូលករណីសង្ស័យ និងមិនអាចបញ្ជាក់បាន នោះចំនួនអ្នកស្លាប់សរុបដោយសារកំដៅនៅឥណ្ឌាអាចឡើងដល់ ៨០នាក់។
 
ទីភ្នាក់ងារអាកាសធាតុឥណ្ឌាបានព្យាករថា កំដៅនឹងចុះត្រជាក់នៅថ្ងៃទី៥ ខែមិថុនា ហើយខ្យល់មូសុងនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងចាប់តាំងពីសប្តាហ៍មុន ក៏បានធ្វើឱ្យអាកាសធាតុក្តៅបានធូរស្រាលមួយផ្នែក។
 
ឥណ្ឌា ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ ប្រទេសនេះជារឿយៗទទួលរងពីរលកកំដៅក្នុងរដូវក្តៅនៃខែឧសភា និងមិថុនា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកកំដៅតែងតែមកមុនរដូវ និងមានរយៈពេលយូរ៕
 

Tag:
 អាកាសធាតុ
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com