សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី បន្តអភិវឌ្ឍរីសតកាស៊ីណូ ដើម្បីទាក់ទាញភ្ញៀវទេសចរ
04, Jun 2024 , 8:59 am        
រូបភាព
កោះ Sentosa នឹង​សាងសង់​សណ្ឋាគារ និង​កាស៊ីណូ​ថ្មី​ដែល​មាន ៧០០បន្ទប់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ រូបភាព ៖ Hello Singapore Tour
កោះ Sentosa នឹង​សាងសង់​សណ្ឋាគារ និង​កាស៊ីណូ​ថ្មី​ដែល​មាន ៧០០បន្ទប់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ រូបភាព ៖ Hello Singapore Tour
សិង្ហបុរី នឹងពង្រីករីសតចំនួន២ និងកាស៊ីណូលំដាប់ខ្ពស់ចាប់ពីចុងឆ្នាំនេះដែលមានតម្លៃជាង ៧ពាន់លានដុល្លារ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
 
ជាច្រើនឆ្នាំមកហើយ សិង្ហបុរី បានផ្តោតលើការអភិវឌ្ឍរីសត និងកាស៊ីណូ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ។ ដោយបន្តពីដំណាក់កាលដំបូង ដំណាក់កាលទី២ នៃការអភិវឌ្ឍរីសតកាស៊ីណូរួមបញ្ចូលគ្នា មានតម្លៃវិនិយោគសរុប ៧,៤ ពាន់លានដុល្លារ។ រដ្ឋាភិបាលសិង្ហបុរីបានអនុម័តផែនការនេះក្នុងឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែជំងឺរាលដាលកូវីដ-១៩ ។
 
សិង្ហបុរី បានបើករីសតចំនួន២ រួមបញ្ចូលជាមួយកាស៊ីណូក្នុងឆ្នាំ២០១០ ដើម្បីជំរុញទេសចរណ៍ និងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាតិ។ បើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ក្នុងឆ្នាំ ២០១៩ រីសតទាំងពីរនេះបានរួមចំណែកចន្លោះពី ១-២ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។ ចំនួនភ្ញៀវអន្តរជាតិទៅកាន់សិង្ហបុរីក៏បានកើនឡើងទ្វេដងដែរ ដល់ ១៩,១លាននាក់ក្នុងឆ្នាំ ២០១៩។
 
Genting Singapore ជាក្រុមហ៊ុនរបស់ម៉ាឡេស៊ីដែលដំណើរការ Resorts World Sentosa នឹងដេញថ្លៃកិច្ចសន្យាសាងសង់សម្រាប់សណ្ឋាគារថ្មីនៅក្នុងខែកញ្ញា ដោយការសាងសង់រំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ សណ្ឋាគារ​ទាំង​ពីរ​នេះ ​ត្រូវ​បាន​​ប៉ាន់​ស្មាន​ថា​មាន​​ចំនួន ៧០០បន្ទប់។
 
រីសតដែលនៅសេសសល់ Marina Bay Sands នឹងបន្ថែមអគារសណ្ឋាគារទី៤ ហើយចាប់ផ្តើមសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ ជាមួយកន្លែងប្រកួតកីឡាជាច្រើនដែលអាចផ្ទុករហូតដល់ ១៥០០០កៅអី។ គម្រោង​នេះ​​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៩។
 
ផ្នែកកាស៊ីណូ ដែលជាប្រភពចំណូលសំខាន់សម្រាប់រីសតទាំងពីរនេះ ក៏នឹងត្រូវបានពង្រីកផងដែរ។ Marina Bay Sands បានពង្រីកផ្ទៃដីរបស់ខ្លួនចំនួន ២០០០ម៉ែត្រការ៉េ ចំណែក Genting បង្កើនផ្ទៃដីចំនួន ៥០០ម៉ែត្រការ៉េ។ នេះបើយោងតាម ​​Nikkei Asia ។
 
មិន​ត្រឹម​តែ​សិង្ហបុរី​ទេ ថៃ​ក៏​កំពុង​ពិចារណា​ធ្វើ​ឱ្យ​កាស៊ីណូ​ស្របច្បាប់​ ដើម្បី​ទាក់​ទាញភ្ញៀវផងដែរ៕

Tag:
 សិង្ហបុរី
  កាស៊ីណូ
© រក្សាសិទ្ធិដោយ thmeythmey.com