សេដ្ឋកិច្ច
លោក ស៊ូ សុជាតិ ៖ ផ្សារមូលបត្រជាទុនមិនចេះរីងស្ងួត សម្រាប់អាជីវកម្ម នៃទីផ្សារភាគហ៊ុន
06, Jun 2024 , 9:09 am        
រូបភាព
ផ្សារមូលបត្រ ជាប្រភពទុនដ៏សំខាន់សម្រាប់ក្រុមហ៊ុន អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលខ្វះខាតហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្ម។ ដូច្នេះ និយ័តករមូលបត្រកម្ពុជា គឺជាកន្លែងដែលបង្រៀន និងចង្អុលបង្ហាញឲ្យឃើញពីប្រភពទុនទៅដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ តាមរយៈការវិនិយោគទីផ្សារភាគហ៊ុន។ នេះបើតាមលោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។
 
សហគ្រាសធុនតូច និងមធ្យម (SMEs) ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន, រក្សាស្ថិរភាពសង្គម, ការធ្វើពិពិធកម្មក្នុងសេដ្ឋកិច្ច, ពង្រឹងកំណើនវិស័យឯកជន, គាំទ្រដល់សហគ្រាសធំៗ, ជំរុញការបង្កើតថ្មី និងសហគ្រិនភាព ជាពិសេសការបង្កើតឱកាសការងារក្នុងស្រុក។ បច្ចុប្បន្ន​ SMEs នៅកម្ពុជាមានចំនួន ៩៨ភាគរយ បើធៀបនឹងអាជីកម្មសរុប និងបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរហូតដល់ ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ 
 
ដោយមើលឃើញពីតួនាទីកាន់តែលេចធ្លោរបស់ SMEs ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និយ័តករមូលបត្រកម្ពុជា បានធ្វើវិសោធនកម្មប្រកាសស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្នុងឆ្នាំ ២០១៥ ដើម្បីអាចអនុញ្ញាតឱ្យ SMEs ប្រមូលទុនតាមរយៈទីផ្សារមូលបត្រ ព្រមទាំងជួយលើកកម្ពស់វិស័យមួយនេះ ឱ្យមានភាពរឹងមំា និងមានលទ្ធភាពទទួលបានដើមទុន ដើម្បីពង្រីកអាជីវកម្ម។
 
«ផ្សារមូលបត្រជាទុនមិនចេះរីងស្ងួត ដែលរង់ចាំបើកគ្រប់ពេលសម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលត្រូវការទទួលហិរញ្ញប្បទាន តាមរយៈទីផ្សារភាគហ៊ុន»។ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការ«ឈានចូលទីផ្សារមូលបត្ររបស់សហគ្រាសធុនតូច និងមធ្យម ៖ បទពិសោធន៍នៅថៃ» នាថ្ងៃទី៥ ខែមិថុនា។ 

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា
 
ការប្រមូលទុនតាមរយៈទីផ្សារមូលបត្រ ជាយន្តការមួយដែលអាចជួយលើកកម្ពស់ និងតម្រង់ទិស SMEs ដើម្បីពង្រឹងអាជីវកម្មប្រកបដោយតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ និងនិរន្តរភាព ដែលធ្វើឱ្យ SMEs នៅកម្ពុជា អាចប្រកួតប្រជែងជាមួយសហគ្រាសក្នុងតំបន់បាន។ 
 
យ៉ាងណាមិញ លោក ស៊ូ សុជាតិ សង្កេតឃើញថា វិស័យ SMEs នៅកម្ពុជាមានបញ្ហាប្រឈមជាច្រើនដូចជា ការគ្រប់គ្រងផ្ទៃក្នុង ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងតំបន់ ដើមទុនវិនិយោគរយៈពេលខ្លី និងកង្វះបច្ចេកវិទ្យាឌីជីថល ជាដើម។ លោកបញ្ជាក់ថា ៖«៧០ភាគរយនៃ SMEs នៅកម្ពុជាត្រូវការហិរញ្ញប្បទានបន្ថែមដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ហើយជាធម្មតាត្រូវការដើមទុនចន្លោះពី ៣០ភាគរយទៅ ៥០ភាគរយនៃដើមទុនវិនិយោគសរុប»។
 
បើតាមអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុនដែលត្រូវការដើមទុន ដើម្បីពង្រីកអាជីវកម្ម ដែលនិយមប្រើមានដូចជា ការខ្ចីពីសាច់ញាតិ មិត្តភក្តិ ឬដាក់ប្រាក់ខ្លួនឯងបន្ថែម និងការខ្ចីពីធនាគារ។ ប៉ុន្តែ បច្ចុប្បន្នមានប្រភពហិរញ្ញប្បទានមួយផ្សេងទៀត គឺទីផ្សារមូលបត្រ។ 
 
លោក ស៊ូ សុជាតិ​ បានសង្កត់ធ្ងន់ថា ៖« SMEs ជារឿយៗប្រឈមនឹងបញ្ហាមួយចំនួន នៅពេលនិយាយអំពីការទទួលបានហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ហើយដែលយើងចាំបាច់ត្រូវតែដោះស្រាយ ដោយនិយ័តករមូលបត្រកម្ពុជារីករាយស្វាគមន៍ នៅក្នុងការជួបពិភាក្សាពីបញ្ហាប្រឈមរបស់ SMEs និងស្វែងរកដំណោះស្រាយរួម ដើម្បីសម្រេចគោលដៅរួមរបស់យើង គឺលើកកម្ពស់ការអភិវឌ្ឍ SMEs និងសេដ្ឋកិច្ចកម្ពុជា»។ 
 
ពីសិក្ខាសាលានេះ តំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមើលឃើញ SMEs ជាវិស័យអាទិភាពមួយ ដោយកំណត់ឲ្យមាននូវគោលនយោបាយអភិវឌ្ឍន៍ បណ្តុំសហគ្រាសធុនតូច និងមធ្យម (SMEs Cluster)។
 
លោក​ ហ៊ត ផេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកសិក្ខាសាលានេះ ជាកម្មវិធីគន្លឹះមួយក្នុងចំណោមកម្មវិធីដទៃ ដើម្បីជំរុញការធ្វើទំនើបកម្ម និងលើកកម្ពស់សហគ្រាសឲ្យចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។

លោក ហ៊ត ផេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ 
 
បន្ថែមពីនេះ ទីប្រឹក្សានៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុនថៃ Asset Pro Management Co.,Ltd លោកស្រី Sirivipa Suphantanet ដែលបានផ្តួចផ្តើមសិក្ខាសាលានេះបានលើកឡើងថា វិស័យ SMEs នៅថៃបានរួមចំណែកប្រមាណ ៣៥,២ភាគរយនៃ GDP ប្រទេស​ ​និងបានបង្កើតការងារប្រហែល ៧១ភាគរយនៃប្រជាជនសរុប។ 
 
បើតាមលោកស្រី Sirivipa Suphantanet គន្លឹះដើម្បីនាំឲ្យវិស័យ SMEs នៅថៃរីកចម្រើន ដោយសារ មានការគ្រាំទ្រពីរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ការកៀងគរហិរញ្ញវត្ថុ តាមរយៈទីផ្សារមូលបត្រ នៃការចូលរួមជាភាគហ៊ុន ​និងសញ្ញាបណ្ណជាដើម។ 


 ​ លោកស្រី Sirivipa Suphantanet  ទីប្រឹក្សានៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុនថៃ Asset Pro Management Co


ជារួម អត្ថប្រយោជន៍ទទួលបានពីការបោះផ្សារមូលបត្រសម្រាប់ក្រុមហ៊ុន គឺអាចទទួលបានដើមទុនរយៈពេលវែង ហើយក្នុងទំហំធំ និងដៃគូវិនិយោគបន្ថែមទាំងក្នុងក្រៅប្រទេស។ ជាពិសេស មានជម្រើសក្នុងការសម្រេចស្វែងរកធនធានតាមទីផ្សារមូលបត្របំណុល ឬទីផ្សារមូលបត្រកម្មសិទ្ធិ។ ទន្ទឹម​នេះ វាជួយបង្កើនតម្លៃក្រុមហ៊ុន និងជួយបើកជំហរក្រុមហ៊ុនឲ្យសាធារណជនបានស្គាល់ និងជួយឲ្យក្រុមហ៊ុនមានអភិបាលកិច្ចល្អ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រសើរជាងមុន ព្រមទាំងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ។ ចំណែក វិនិយោគិន នឹងបង្កើតឱកាសវិនិយោគ ទទួលបានអត្រាការប្រាក់ថេរ និងទទួលការបន្ថយពន្ធកាត់ទុក។ 
 
តាមរយៈអត្ថប្រយោជន៍ជាច្រើនខាងលើនេះ លោក ស៊ូ សុជាត បានអំពាវនាវដល់ SMEs ដែលមានចំណាប់អារម្មណ៍នៅក្នុងការកៀរគរមូលធន តាមរយៈទីផ្សារមូលបត្រ ឬចក្ខុវិស័យ នៅក្នុងការរៀបចំខ្លួនឱ្យក្លាយជាក្រុមហ៊ុន ដែលមានស្តង់ដា និងមានអភិបាលកិច្ចល្អ អាចធ្វើការទំនាក់ទំនងមកនិយ័តករមូលប័ត្រកម្ពុជាដោយផ្ទាល់ ឬស្នើសុំការជួយគាំទ្រ តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ 
 
គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ២២ បោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនទាំងនេះបានប្រមូលសាច់ប្រាក់ ៣៧៧,២៦ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង២២ នេះ មានក្រុមហ៊ុន ចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ដោយក្នុងនោះមាន SMEs ចំនួន ២ បានបោះផ្សាយលក់មូលបត្រនៅលើទីផ្សារកំណើន និងក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព។
 
នៅឆ្នាំ២០២២ មានសហគ្រាសធុនមីក្រូ តូច និងមធ្យម ចំនួន ៧៥៣, ៦៧០ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ រីឯសហគ្រាសធុនមីក្រូ តូច និងមធ្យម ផ្នែកកម្មន្តសាល ដែលបានចុះបញ្ជីនៅក្នុងក្របខណ្ឌ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ៤៤,៦២៥ទីតាំង និងបង្កើតការងារចំនួន ៤៦៦,៥៩៤នាក់ ។ ក្នុងនោះ ការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា CamDX មានចំនួន ៣៩១ទីតាំង និងបង្កើតការងារ ១,៣២១នាក់ គិតត្រឹមឆ្នាំ២០២៤៕ 
 


Tag:
 សហគ្រាសធុនតូច និងមធ្យម
  SMEs
  មូលបត្រ
  ស៊ូ សុជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com