សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកធ្វើធម្មយាត្រាជាង៥៥០នាក់បានស្លាប់នៅអារ៉ាប៊ីសាអូឌីត ព្រោះកម្តៅកើនដល់៥០អង្សា
19, Jun 2024 , 10:58 am        
រូបភាព
អ្នកធ្វើធម្មយាត្រាមូស្លីមរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុង Mecca នៃពិធីបុណ្យ Hajj ប្រចាំឆ្នាំ។ រូបភាព ៖ AFP
អ្នកធ្វើធម្មយាត្រាមូស្លីមរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុង Mecca នៃពិធីបុណ្យ Hajj ប្រចាំឆ្នាំ។ រូបភាព ៖ AFP
អ្នក​ធ្វើ​ធម្មយាត្រា​​ជាង៥៥០នាក់​បាន​ស្លាប់​ក្នុង​អំឡុង​ពិធីបុណ្យ Hajj ក្នុង​ទីក្រុង Mecca  ដែល​ភាគច្រើន​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ការស្លាប់នេះ ដោយសារកម្តៅនៅទីក្រុងរបស់អារ៉ាប៊ីសាអូឌីតកើនដល់លើសពី៥០អង្សា។
 
មន្ត្រីអារ៉ាប៊ីសាអូឌីតបានកត់ត្រាចំនួនមនុស្សស្លាប់យ៉ាងហោចណាស់៥៥០នាក់ ដែលចូលរួមក្នុងធម្មយាត្រាពិធីបុណ្យ Hajj នៅទីក្រុង Mecca ។ ជនរងគ្រោះ ៣២៣នាក់ជាប្រជាជនអេហ្ស៊ីប។ នេះបើយោងតាមអ្នកការទូតអារ៉ាប់ពីរនាក់ដែលសម្របសម្រួលអ្នកធ្វើធម្មយាត្រាប្រាប់សារព័ត៌មាន The Guardian។
 
អ្នកការទូតបានទទួលទិន្នន័យពីកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យនៅតំបន់ Al-Muaisem ក្នុងទីក្រុង Mecca ។ ការស្លាប់ស្ទើរតែទាំងអស់ក្នុងចំណោមអ្នកធ្វើធម្មយាត្រាអេហ្ស៊ីប ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ដោយមានករណីតែមួយប៉ុណ្ណោះដែលស្លាប់ដោយសាររបួស បន្ទាប់ពីត្រូវបានបុកនៅក្នុងហ្វូងមនុស្ស។
 
ជនរងគ្រោះផ្សេងទៀតមានជនជាតិហ្ស៊កដានីចំនួន ៦០នាក់បានស្លាប់ក្នុងរដូវធម្មយាត្រាឆ្នាំនេះ ដែលកើនឡើងជិត ២០នាក់បើធៀបនឹងចំនួនដែលបានប្រកាសដោយរដ្ឋាភិបាលហ្ស៊កដានីមួយថ្ងៃមុន។
 
ការិយាល័យស្ថិតិទូទៅរបស់អារ៉ាប៊ីសាអូឌីតបានប៉ាន់ប្រមាណថានៅឆ្នាំនេះ មានអ្នកធ្វើធម្មយាត្រាជាង១,៨លាននាក់នឹងធ្វើដំណើរទៅកាន់ទីក្រុង Mecca ដើម្បីចូលរួមក្នុងពិធីបុណ្យ Hajj ដែលជាធម្មយាត្រាដ៏ធំបំផុតមួយរបស់ពិភពលោក។
 
ពិធីបុណ្យនេះ ត្រូវបានចាត់ទុកថាជាកាតព្វកិច្ចសាសនាដែលប្រជាជនម៉ូស្លីមពេញវ័យត្រូវតែអនុវត្តយ៉ាងហោចណាស់ម្តងក្នុងជីវិត ប្រសិនបើមានលក្ខខណ្ឌសុខភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់។ 
 
ការរត់ជាន់គ្នា ភ្លើងឆេះតង់ កំដៅ និងកត្តាជាច្រើនទៀតបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ក្នុងអំឡុងពេលធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ ពិធីជាច្រើនត្រូវបានអនុវត្តនៅខាងក្រៅ និងតម្រូវឱ្យដើរ ដែលបង្កការលំបាកបន្ថែមសម្រាប់អ្នកធ្វើធម្មយាត្រា ជាពិសេសមនុស្សចាស់។
 
សីតុណ្ហភាពក្នុងរដូវធម្មយាត្រាច្រើនតែលើស៤០អង្សា។ ប៉ុន្តែរដូវធម្មយាត្រាឆ្នាំនេះនៅទីក្រុង Mecca មានអាកាសធាតុកាន់តែអាក្រក់ឡើងដល់ ៤៧អង្សានៅថ្ងៃទី១៦ ខែមិថុនា និងលើសពី៥០អង្សាសេនៅថ្ងៃទី១៧ ខែមិថុនា។ សីតុណ្ហភាព​នៅ​ព្រះ​វិហារធំនៅ​ Mecca នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា មានដល់ ​៥១,៨​អង្សា​។
 
កាលពីថ្ងៃទី១៧ ខែមិថុនា ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាសថា ខ្លួនកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដើម្បីស្វែងរកពលរដ្ឋដែលបាត់ខ្លួននៅទីក្រុង Mecca ។ មន្ត្រី​អេហ្ស៊ីប​បាន​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​ច្រើន​នាក់​ក្នុង​រដូវ​ធម្មយាត្រា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​មាន​ពលរដ្ឋ​អេហ្ស៊ីប​ឬ​អត់។
 
កន្លងមក ក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានជួយអ្នកធ្វើធម្មយាត្រាជាង២៧០០នាក់ ដែលទទួលរងពីជំងឺដាច់សរសៃឈាមខួរក្បាលក្នុងទីក្រុង Mecca តែក៏មិននិយាយពីចំនួនអ្នកស្លាប់នោះទេ។
 
ជារៀងរាល់ឆ្នាំ អ្នកធម្មយាត្រារាប់ម៉ឺននាក់ចូលរួមក្នុងពិធីបុណ្យ Hajj ប៉ុន្តែមិនបានស្នើសុំទិដ្ឋាការពិសេសពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ព្រោះដើម្បីសន្សំការចំណាយ។ អ្នកដែលមិនមានទិដ្ឋាការប្រភេទនេះ នឹងមិនអាចទៅដល់កន្លែងដែលមានម៉ាស៊ីនត្រជាក់ និងកន្លែងឈប់សម្រាកដែលរៀបចំដោយអាជ្ញាធរមូលដ្ឋានតាមផ្លូវធម្មយាត្រាបានទេ៕ 

Tag:
 អារ៉ាបីសាអូឌីត
  ធម្មយាត្រា
© រក្សាសិទ្ធិដោយ thmeythmey.com