អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រីសារ៉ា ឌូទើតេ ប្រកាសលាលែងពីតំណែងរដ្ឋមន្រ្តីអប់រំ ដោយគ្មានមូលហេតុ
19, Jun 2024 , 4:19 pm        
រូបភាព
លោកស្រី Sara Duterte ។ រូបភាព ៖ AFP
លោកស្រី Sara Duterte ។ រូបភាព ៖ AFP
អនុប្រធានាធិបតីហ្វីលីពីនលោកស្រី សារ៉ា ឌូទើតេ (Sara Duterte) បានប្រកាសលាលែងពីតំណែងជារដ្ឋមន្រ្តីក្រសួងអប់រំនៅថ្ងៃទី១៩ ខែមិថុនា។ យ៉ាងណាមិញ កូនស្រីលោកឌូទើតេរូបនេះ មិនបានបញ្ជាក់មូលហេតុជុំវិញការលាលែងតំណែងជារដ្ឋមន្រ្តីនោះទេ។
 
សម្ព័ន្ធភាពនយោបាយរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីឆ្នាំ ២០២២ គឺលោកស្រី សារ៉ា ឌូទើតេ បានប្រកាសដើរចេញពីសមាជិកគណៈរដ្ឋមន្រ្តី ក្នុងនាមជារដ្ឋមន្រ្តីអប់រំ។ 
 
តាមការបញ្ជាក់របស់រដ្ឋមន្រ្តីការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) លោកស្រី Cheloy Garafil នៅថ្ងៃទី១៩ ខែមិថុនា  លោកស្រី សារ៉ា ឌូទើតេ បានដាក់លិខិតលាលែងពីតំណែងរដ្ឋមន្រ្តីក្រសួងអប់រំ និងអនុប្រធាននៃក្រុមការងារជាតិដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធកុម្មុយនិស្តក្នុងតំបន់ (NTF-ELCAC) នៅរសៀលថ្ងៃដដែល។
 
ទន្ទឹមនេះ លោកប្រធានាធិបតីហ្វីលីពីន Marcos Jr. ក៏បានទទួលយកសំណើនេះ។ 
 
«លោកស្រី​បាន​បដិសេធ​មិន​ប្រាប់​ពី​មូលហេតុ​ទេ។ លោកស្រីនឹងបន្តធ្វើជាអនុប្រធានាធិបតី។ យើងសូមអរគុណលោកស្រីចំពោះកិច្ចការកន្លងមក»។ លោកស្រី Cheloy Garafil បញ្ជាក់បែបនេះ។
 
នៅក្នុងសន្និសីទសារព័ត៌មាន កូនស្រីរបស់លោកឌូទើតេរូបនេះ មិនបានបញ្ជាក់ពីមូលហេតុឡើយ ដោយបានត្រឹមបញ្ជាក់ថា ការលាលែងពីតំណែងរបស់ខ្លួន គឺដោយសារក្តីបារម្ភលើគ្រូបង្រៀន និងយុវជនហ្វីលីពីន។ 
 
លោកស្រី សារ៉ា ដែលជាកូនស្រីអតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំកាលពីចុងខែមិថុនា ឆ្នាំ២០២២ ក្រោយចងសម្ព័ន្ធនយោបាយជាមួយលោក Marcos Jr. ។ 
 
ត្រកូល Marcos និងត្រកូល Dutertes សុទ្ធសឹងគ្រួសារអ្នកនយោបាយសំខាន់នៅហ្វីលីពីន។ សម្ព័ន្ធភាពរវាងគ្រួសារទាំងពីរ បានជំរុញឲ្យកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការ និងកូនស្រីរបស់អតីតប្រធានាធិបតី កាន់កាប់តំណែងសំខាន់ទាំងពីរនៅហ្វីលីពីន។ 
 
យ៉ាងណាមិញ សម្ព័ន្ធភាពនយោបាយទាំងពីរនេះពិបាកនឹងបន្តទៅមុខណាស់។ កន្លងមក លោកស្រី សារ៉ា ដែលជាកូនស្រីលោក ឌូទើតេ ធ្លាប់ប៉ះទង្គិចពាក្យសម្តីជាមួយសាច់ញាតិប្រធានាធិបតីបច្ចុប្បន្ន គឺលោក Martin Romualdez ដែលជាប្រធានរដ្ឋសភា ជុំវិញការប្រើប្រាស់ថវិកាជាតិសម្ងាត់សម្រាប់ឆ្នាំ២០២៤។ 
 
ទន្ទឹមនេះ លោក Marcos ធ្លាប់បានអះអាងថា រដ្ឋាភិបាលរបស់លោកកំពុងសិក្សាពីលទ្ធភាពចូលរួមឡើងវិញជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលបានស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនប្រឆាំងអតីតប្រមុខរដ្ឋហ្វីលីពីន។  ជាមួយគ្នា លោកប្រធានាធិបតី ក៏ធ្លាប់បាននិយាយដែរថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលស្គាល់យុត្តាធិការរបស់ ICC លើហ្វីលីពីននោះទេ៕

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com