កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រម្នាក់បាក់ដៃ ពីការស៊ុតបាល់ល្បឿនលឿនរបស់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Fuellkrug
19, Jun 2024 , 8:29 pm        
រូបភាព
អ្នកគាំទ្រអាល្លឺម៉ង់ម្នាក់ បានខកខានទស្សនាការប្រកួត រវាងម្ចាស់ផ្ទះអាល្លឺម៉ង់ លត់ស្កុតឡែន កាលពីថ្ងៃបើកឆាក Euro 2024 បន្ទាប់ពីរូបគេបានរងរបួសបាក់ដៃ ពីការស៊ុតបាល់ល្បឿនលឿន របស់ខ្សែប្រយុទ្ធ Niclas Fuellkrug អំឡុងពេលហ្វឹកហាត់កម្តៅសាច់ដុំ មុនប្រកួត។


អ្នកគាំទ្រឈ្មោះ Kai Flathman បានអង្គុយរង់ចាំទស្សនាការប្រកួតរវាងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ មុនពេលការប្រកួតដែលបញ្ចប់ទៅលទ្ធផល ៥-១ ទល់ស្កុតឡែន។ អំឡុងពេលហ្វឹកហាត់កម្តៅសាច់ដុំរបស់អាល្លឺម៉ង់ អ្នកគាំទ្រ Flathmann បានរងរបួសបាក់ម្រាមដៃ ពីការស៊ុតសំដៅទីរបស់ Fuellkrug ពេលគ្រាប់បាល់នោះស៊ុតខុសគោលដៅ។
 
បន្ទាប់ពីខកខានទស្សនាការប្រកួត អ្នកគាំទ្រម្នាក់នោះ បាននិយាយប្រាប់ទៅកាន់អ្នកកាសែតដូច្នេះថា៖«ខ្ញុំគ្មានពាក្យអ្វីនិយាយឡើយ វាពិតជារឿងដ៏ឆ្គួតលីលាអ៊ីចឹង។ កាសែត Bild Sports ឥឡូវកំពុងតែរាយការណ៍អំពីឧប្បកិត្តហេតុអកុសលនេះ ហើយ FA របស់អាល្លឺម៉ង់ក៏បានទាក់ទងជាមួយខ្ញុំផងដែរ។»។
 
Flathman  ក៏បានអះអាងបន្ថែមទៀតថា ក្រោយរងរបួសបាក់ម្រាមដៃ រូបគេបានត្រឹមតែឈរទស្សនាត្រឹមពេលក្រុមទាំងសងខាងច្រៀងចម្រៀងភ្លេចជាតិ រួចក៏បានចាកចេញទៅកាន់មន្ទីរពេទ្យ។ 
 
គួររំលឹកថាខ្សែប្រយុទ្ធ Fuellkrug បានផ្លាស់ប្តូរចូលនៅក្នុងការប្រកួតអាល្លឺម៉ង់ យកឈ្នះស្កុតឡែន ដោយកីឡាករវ័យ ៣០ឆ្នាំ ក៏ស៊ុតបាល់បញ្ចូលទីរកបានគ្រាប់បាល់ទី៤ របស់អាល្លឺម៉ង់ ហើយការស៊ុតរបស់គេ ក៏ត្រូវបានកត់ត្រាពីល្បឿនបាល់ មួយជើងបញ្ចូលទីនោះទម្ងន់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com