ពីនេះ ពីនោះ
អ្វី​នៅ​ពីក្រោយ​និយមន័យ​នៃ​ពាក្យ «គតិបណ្ឌិត»?
13, Jun 2015 , 9:58 am        
រូបភាព
នៅពេលណា​អ្នក​ឮ​ពាក្យ «គតិបណ្ឌិត» អ្នក​ត្រូវ​ឈ្វេងយល់​ដល់​សកម្មភាព​មួយ គឺ «ដំណើរ​អ្នកប្រាជ្ញ ឬ​ល​ម្អា​ន​អ្នកប្រាជ្ញ» ។ តាម​និយមន័យ​នេះ គឺ​ចង់​សំដៅថា បុគ្គល​ណា​មាន​គតិបណ្ឌិត គឺ​បុគ្គល​នោះ​មានដំណើរ​ជីវិត​ប្រព្រឹត្តទៅ​ដូច​អ្នកប្រាជ្ញ ឬ​តា​មល​ម្អា​ន​នៃ​អ្នកប្រាជ្ញ។


តែ​អ្វីដែល​សំខាន់​ជាង​នេះ​គឺថា តើ​អ្វីខ្លះ​ដែលជា​អាថ៌កំបាំង​នៅ​ពីក្រោយ​និយមន័យ​នៃ​ពាក្យ «គតិបណ្ឌិត»?អ្វី​ជា​ធាតុ​ផ្សំ​នៃ​គតិបណ្ឌិត?
ជាទូទៅ​នៅពេលដែល​អ្នកប្រាជ្ញ​បណ្ឌិត​សួរថា​តើ​អ្វី​ជា «គតិបណ្ឌិត» ? គឺ​លោក​ប្រាកដជា​ចង់ដឹង​ពី​ខ្លឹមសារ,លក្ខណៈ , សភាវៈ និង​ដំណើរ នៃ​គតិបណ្ឌិត​នោះ​ជាជាង​ចង់ដឹង​ត្រឹមតែ​អត្ថន័យ ។

នៅ​ពីក្រោយ​និយមន័យ គតិបណ្ឌិត​មាន​បង្កប់​នូវ​ធាតុ​ផ្សំ បួន​យ៉ាង​គឺ លក្ខណៈ​ធម្មជាតិ, បញ្ញត្តិ, ដំណើរ​ប្រព្រឹត្តទៅ និង​ការងារ ដើម្បី​ទ្រទ្រង់​ដល់​បុគ្គល​ណា​ម្នាក់​ឲ្យ​មាន​ឈ្មោះថា ជន​មាន​គតិបណ្ឌិត​ពេញលក្ខណៈ ។ ជន​ដែលមាន​គតិបណ្ឌិត ជា​បុគ្គល​ដែលមាន​ធាតុ​ទាំង​បួន​នេះ​ក្នុង​ខ្លួន៖

•    លក្ខណៈ​ធម្មជាតិៈ​ជន​ប្រកបដោយ​គតិបណ្ឌិត គឹ​មាន​លក្ខណៈ និង​ឧបនិស្ស័យ​ដូច​អំពៅ ទោះបី​ទៅដល់​ទីណា​ក៏ដោយ ក៏​មិន​ប្រែប្រួល​សារជាតិ​របស់ខ្លួន​ជាដាច់ខាត។

•    បញ្ញត្តិៈ វា​ជា​ប្រត្យក្ស​ទៅហើយ ដែលថា​ជន​មាន​គតិបណ្ឌិត គឺ​ត្រូវតែ​ជា​ជន​មានចំណេះដឹង​ខ្ពង់ខ្ពស់​មាន​បញ្ញា​ជ្រៅជ្រះ មានការ​គិតពិចារណា​ប្រកបដោយ​ហេតុផល។ ម្យ៉ាងទៀត ជន​មាន​គតិបណ្ឌិត ក៏​ជា​ជន​ដែលមាន​មេត្តាករុណា មានចិត្ត​សន្ដោស​ប្រោសប្រណី អធ្យាស្រ័យ​ដល់​អ្នកផង​មាន​សន្តាន​ចិត្ត​ជួយសង្គ្រោះ និង​ជួយ​ជ្រោមជ្រែង​អ្នកដទៃ ឲ្យ​រួច​ចាក​ទុក្ខលំបាក។

•    ដំណើរ​ជី​វិ​តៈ​ការប្រព្រឹត្តទៅ​នៃ​ជីវិត​របស់​បុគ្គល​ប្រកបដោយ​គតិបណ្ឌិត​គ្រប់ពេល តែងតែ​សាង​នូវ​អំពើ​ល្អជា​និច្ច តែង​ញ៉ាំង​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ទាំង​កាយវាចា​ចិត្ត ហើយក៏​ដឹកនាំ​អ្នកដទៃ​ឲ្យ​សាង​អំពើ​ជា​កុសល និង​ធ្វើខ្លួន​ឲ្យ​បរិសុទ្ធ​ដូច​ខ្លួន​ដែរ។ ក្នុងការ​រស់នៅ​ជននេះ​តែងតែ​ធ្វើជា​គំរូ​ក្នុងការ​សាង​អំពើ​ល្អ​ដល់​មនុស្ស​គ្រប់រូប។

•    សកម្មភាព​និង​ការងារ៖ក្នុង​មួយជីវិត​របស់​ជន​មាន​គតិបណ្ឌិត គឺ​យើង​តែង​សម្គាល់​ឃើញថា ពួកគេ​តែង​ធ្វើ​សកម្មភាព និង​បំពេញ​កិច្ចការងារ​ទាំងឡាយណា​ដែល​អាច​ញ៉ាំង​ប្រយោជន៍​និង​សេចក្តីចម្រើន​ដល់ គ្រួសារ បងប្អូន​សាច់ញាតិ សង្គម​មនុស្សជាតិ​ទាំងពួង។ ពួកគេ​តែងតែ​ស​ន្ស​ល់​ទុក​នូវ​ស្នាដៃ​ដ៏​មានតម្លៃផ្សេងៗក្នុងពេល​គេ​មានជីវិត និង​ពេលដែល​គេ​លាចាក​លោក​ទៅ។

រស់នៅ​គេ​ស្រឡាញ់ ចាកចេញ​គេ​ស្រណោះ ! នេះហើយ ជា​បណ្ឌិត !


© រក្សាសិទ្ធិដោយ thmeythmey.com