អន្តរជាតិ
ដើម្បី​ស្នាមញញឹម​ភរិយា​ដែល​ពិការភ្នែក បុរស​ម្នាក់​កែ​កសិដ្ឋាន​ទៅជា​សួនផ្កា​
27, Feb 2016 , 6:59 pm        
រូបភាព
ដោយ: ធីតា
​ជាមួយនឹង​ក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ បុរស​ចំណាស់​ជនជាតិ​ជប៉ុន​ម្នាក់ បាន​ចំណាយពេល​២​ឆ្នាំ​ដើម្បី​រៀបចំ​សួនផ្កា​ដ៏​ស្រស់បំព្រង​មួយ ហើយ​បំណង​ដ៏​ធំ​របស់គាត់​គឺ​ចង់ឃើញ​ស្នាមញញឹម​របស់​ភរិយា​ដែល​ពិការភ្នែក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ Rocket News 24 ។​
 
​ចំណង​ស្នេហ៍​របស់លោក និង​អ្នកស្រី Kuroki បាន​ឈានទៅដល់​អាពាហ៍ពិពាហ៍​ដ៏​អធិកអធម​មួយ​កាលពី​ឆ្នាំ​១៩៥៦ ។ ពួកគាត់​បានរស់នៅ​យ៉ាង​រីករាយ​ក្នុង​កសិដ្ឋាន​មួយ​នៅ​ក្រុង Shintomi តំបន់ Miyazaki ប្រទេស​ជប៉ុន​អស់​រយៈពេល​៣០​ឆ្នាំ​ដោយមាន​កូន​២​នាក់​។ ពួកគាត់​បាន​ចិញ្ចឹម​គោ​ជាង​៦០​ក្បាល ជាមួយនឹង​ក្តី​សង្ឃឹមថា អាចមាន​ថវិកា​សម្រាប់​ធ្វើដំណើរ​ទេស​ចរណ៍​ជុំវិញ​ប្រទេស​ជប៉ុន​។​
​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ កាលពី​ឆ្នាំ​១៩៨៦ នៅពេលដែល​អ្នកស្រី Kuroki ឈានដល់​៥២​ឆ្នាំ គាត់​ស្រាប់​តែមាន​បញ្ហា​ភ្នែក​។ រួមផ្សំ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ផ្សេងៗ ស្ត្រី​រូបនេះ បាន​ងងឹតភ្នែក​មើល​អ្វីៗ​លែងឃើញ​ទាំងអស់​។ នេះ​បើ​យោងតាម Rocket News 24 ។​
 
​ក្តីសង្ឃឹម​ថា​បាន​មើលឃើញ​ទិដ្ឋភាព​ស្រស់បំព្រង​ក្នុងប្រទេស​ជប៉ុន បាន​រលាយ ហើយ​អ្នកស្រី Kuroki មាន​អារម្មណ៍​កណ្តោចកណ្តែង​។ ទីបំផុត​លោក Kuroki បាន​ផុសចេញ​នូវ​គំនិត​វិជ្ជមាន​មួយ​ដើម្បី​ឲ្យ​ភរិយា​មាន​ក្តីសង្ឃឹម​ក្នុង​ជីវិត និង​ពោរពេញ​ទៅដោយ​ភាព​ញញឹម​ឡើងវិញ​។​
​ក្នុង​រយៈពេល​២​ឆ្នាំ ពោលគឺ​ផ្តើមឡើង​នៅ​ឆ្នាំ​២០០០ លោក Kuroki បានប្រែក្លាយ​កសិដ្ឋានរ​បស់​ខ្លួន​ឲ្យ​ទៅជា​សួនផ្កា​សាធារណៈ​ដ៏​ស្រស់បំព្រង​មួយ​។ លោក​បាន​កាប់​ដើមឈើ​ធំៗ​ចេញ ហើយ​ដាំ​ជំនួស​ដោយ​ផ្កា Shinbazakura ពណ៌​ផ្កាឈូក និង​ផ្កា​កុលាប ដែល​ក្លិនក្រអូប​ភាយ​ខ្លាំង​។ នា​រយៈពេល​ប្រមាណ​១៥​ឆ្នាំ​កន្លងមកនេះ មនុស្ស​ប្រមាណ​៧០០០​នាក់ បាននាំគ្នា​ទៅ​ទស្សនា​សួនផ្កា​របស់លោក Kuroki រាល់ថ្ងៃ ជាពិសេស​គឺ​ចុងខែ​មិនា និង​ក្នុង​ខែមេសា​។​
 
​សំឡេង​មនុស្ស​អ៊ូអរ និង​ក្លិប​ដ៏​ក្រអូប​របស់​ផ្កា​ក្នុង​សួន នាំ​ឲ្យ​អ្នកស្រី​លែងមាន​អារម្មណ៍​ឯកោ ហើយ​បញ្ចេញ​នូវ​ស្នាមញញឹម​រៀងរាល់ថ្ងៃ​៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com