អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិកបង្ហាញយន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែរថ្មីB-21 ដែលគ្រោងជំនួសយន្តហោះ B-52 27, Feb 2016 , 7:59 pm

×![]()
កងទ័ពជើងអាកាសអាមេរិកបានសម្រេចបង្ហាញរូបរាងយន្តហោះទម្លាក់គ្រាប់បែកស៊េរីទំនើប ជំនាន់ថ្មីបំផុតជាសាធារណកាលពីថ្ងៃសុក្រទី ២៦កុម្ភៈ ម្សិលមិញ។ យន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយនេះមានឈ្មោះថា B-21 ហើយក្រុមហ៊ុន Northrop Grumman ជាអ្នកទទួលបន្ទុកផលិតយន្តហោះនេះ។
យោងតាមអត្ថបទចុះផ្សាយលើគេទំព័រ ទ័ពអាកាសអាមេរិក លេខាធិការកងទ័ពជើងអាកាសអាមេរិកលោកស្រី Deborah Lee James បានបង្ហាញរូបរាងនិងការរចនាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-21 ក្នុងសន្និសីទស្តីពីសង្គ្រាមផ្លូវអាកាសម្សិលមិញនេះ។ ប៉ុន្តែគេមិនទាន់ដាក់ឈ្មោះផ្លូវការសម្រាប់ហៅពេលយន្តហោះនេះចូលបម្រើទ័ពអាកាសឡើយ។
តាមពិតទៅយន្តហោះនេះ បើមើលមួយភ្លែត វាមិនខុសពីយន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែរ B-2 ទេទាំងស្លាប ក្បាល និង រូបរាងជារួមតែម្តង។ ប៉ុន្តែយន្តហោះថ្មីនេះត្រូវបានច្នៃប្រឌិតនិងរចនាថ្មីដោយមានបំពាក់បច្ចេកវិទ្យាទំនើបជាងមុនដែរ ដោយអាចបំបាំងកាយផុតពីរ៉ាដា អាចទម្លាក់គ្រាប់ធម្មតានិងនុយក្លេអ៊ែរនិងអាចប្រតិបត្តិការដោយមានមនុស្សបើកនិងអត់មនុស្សបើកបានដោយសេរី។
ចំណែកក្រុមហ៊ុនដែលបានសិទ្ធិផលិតយន្តហោះនេះគឺ ក្រុមហ៊ុន Northrop Grumman Corp។ ក្រុមហ៊ុននេះឈ្នះការដេញថ្លៃដោយបង្កើតកិច្ចសន្យាមួយមានទំហំប្រហែល ៨០ពាន់លានដុល្លារអាមេរិក ដើម្បីឈានទៅអភិវឌ្ឍនិងផលិតយន្តហោះ B-21 នេះចំនួន១០០គ្រឿង។
B-21 នឹងក្លាយជាយន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយបែបយុទ្ធសាស្ត្រដែលខ្លាំងក្លា និងមានតម្លៃថ្លៃបំផុត។ ខណៈដែលប្រទេសមហាអំណាចមួយចំនួនមានរុស្ស៊ី ចិន ជាដើមនោះបន្តស្រាវជ្រាវអាវុធយុទ្ធសាស្ត្រទំនើបថ្មីៗ អាមេរិកមានទំនុកចិត្តថា B-21 ជាអាវុធយុទ្ធសាស្ត្រសំខាន់សម្រាប់ទ័ពអាកាសអាមេរិកពេលអនាគត។
កន្លងមករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បានបង្ហាញក្តីរំពឹងខ្ពស់ផងដែរចំពោះវត្តមានយន្តហោះ B-21 ក្នុងវិស័យការពារជាតិអាមេរិក។ លោកថា អាមេរិកនឹងអាចមានលទ្ធភាពប្រើប្រាស់អាវុធយុទ្ធសាស្ត្រប្រភេទនេះដើម្បីពង្រីកអំណាចនិងឥទ្ធិពលអាមេរិកនៅលើពិភពលោកទាំងមូល។
បើសិនយន្តហោះនេះត្រូវផលិតចេញដាក់ឲ្យប្រើប្រាស់ហើយនោះ វានឹងត្រូវមកជំនួសតំណែងយន្តហោះទម្លាក់គ្រាប់ដ៏ល្បីល្បាញរបស់អាមេរិក B-52 ដែលបំពេញភារកិច្ចអស់ជាង៥ទសវត្សរ៍មកហើយនោះ។ ហើយតំបន់ឥណ្ឌូចិនក៏ជាតំបន់ធ្លាប់ស្គាល់រស់ជាតិគ្រាប់បែកដែលទម្លាក់ចេញពីយន្តហោះ B-52 នេះច្រើនជាងបណ្តាតំបន់ផ្សេងទៀតលើពិភពលោកដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com