ជាតិ
អន្តរជាតិ
ការងារ​ដំបូង​របស់​មេដឹកនាំ​ផ្តាច់ការ Mussolini, ស្តា​លីន​, ហ៊ី​ត្លែរ​, ប៉ុល ពត​...
28, Feb 2016 , 7:50 pm        
រូបភាព
ដោយ: ធីតា
 
​ឈ្មោះ​របស់​មេដឹកនាំ​ផ្តាច់ការ ហាក់​ត្រូវបាន​គេ​ចងចាំ​ច្រើនជាង​មេដឹកនាំ​ធម្មតា​។ កាសែត The Independent បានធ្វើការ​ស្រាវជ្រាវ​ទាក់ទង​នឹង​ការងារ​ដំបូង​បំផុត​របស់​មេដឹកនាំ​ផ្តាច់ការ​១៣​រូប​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្រោយមក​កាសែត​បាន​ដក​ឈ្មោះ​លោក Jozef Tiso អតីត​មេដឹកនាំ​ស្លូ​វ៉ា​គី​ចេញ ដោយសារតែ​មិនមាន​ឯកសារ​ច្បាស់លាស​។​
 
​ក្នុងចំណោម​មេដឹកនាំ​ផ្តាច់ការ​១២​រូប ដែលមាន​ឯកសារយោង​គ្រប់គ្រាន់ កាសែត The Independent បាន​រកឃើញថា អ្នក​ទាំងនោះ ភាគច្រើន​សុទ្ធតែ​បានចាប់ផ្តើម​ជាមួយនឹង​ការងារ​សាមញ្ញ ដូចជា​គ្រូបង្រៀន អ្នកកាសែត ឬ​សិល្បករ ជាដើម​។​
 
Benito Mussolini ដែល​ធ្វើជា​នាយករដ្ឋមន្ត្រី​ទី​២៧​របស់​អ៊ីតាលី​ពី​ឆ្នាំ​១៩២២ ដល់​ឆ្នាំ​១៩៤៣ បានចាប់ផ្តើម​ការងារ​ជា​គ្រូបង្រៀន មុនពេល​ប្តូរ​អាជីព​ទៅជា​អ្នកកាសែត​ជំនាញ​នយោបាយ​នៅក្នុង​ប្រទេស​ស្វ៊ី​ស​។​
 
Kim Il-Sung ស្ថាបនិក​កូរ៉េខាងជើង ហើយ​ដឹកនាំ​ពី​ឆ្នាំ​១៩៧២​ដល់​ឆ្នាំ​១៩៩៤ ចាប់​តួនាទី​ជា​មន្ត្រី​យោធា​ម្នាក់​នៅក្នុង​កងទ័ព​សូ​វៀត​នា​អំឡុង​សង្គ្រាមលោកលើកទី​២ ។ នា​អំឡុង​ឆ្នាំ​១៩៣០ លោក​បាន​ចូលរួម​ក្នុង​ចលនា​តស៊ូរ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ជប៉ុន​។​
 
Joseph Stalin មេដឹកនាំ​របស់​អតីត​សហភាពសូវៀត​ពី​ឆ្នាំ​១៩២២ ដល់​ឆ្នាំ​១៩៤២ បាន​សិក្សា​ជំនាញ​សិក្ខាសាលា​នៅ Tiflis Theological Seminary ប៉ុន្តែ​បាន​ចាប់​អាជីព​ជា​គ្រូបង្រៀន និង​ជា​ស្មៀន ខណៈ​ប្រភព​មួយចំនួន​បានលើកឡើង​ថា គាត់​មិនមាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​ការសិក្សា​។​
 
Adolf Hitler ដែល​គ្រប់គ្រង​អាល្លឺម៉ង់​ពី​ឆ្នាំ​១៩៣៤ ដល់​ឆ្នាំ​១៩៤៥ ធ្លាប់បាន​ចាប់​អាជីព​ជា​វិចិត្រករ​។ កាលពី​ឆ្នាំ​១៩៤១ ហ៊ី​ត្លែរ​បាន​អះអាង​ប្រាប់​មហាជន​ថា ខ្លួន​ស្រឡាញ់​ផ្នែក​សិល្បៈ ប៉ុន្តែ​ឪពុក​មិន​យល់ស្រប​។ ជន​ផ្តាច់ការ​រូបនេះ ក៏​ធ្លាប់ធ្វើ​កម្មករ​ធម្មតា និង​ជាជាង​គំនូរទឹក​នៅ​ទីក្រុង​វី​យ៉ែ​ន ផងដែរ ហើយ​ធ្លាប់​ត្រូវបាន​សាលា​សិល្បៈ Acedemy of Fine Arts បដិសេធ​រហូតដល់​ទៅ​២​ដង​។​
 
​ប៉ុល ពត ឈ្មោះ​ដើម សា​ឡុ​ត សរ គឺជា​មេដឹកនាំ​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ​។ ជន​ផ្តាច់ការ​រូបនេះ​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​ប្រវត្តិវិទ្យា ភូមិវិទ្យា និង​ភាសា​បារាំង​នៅ​សាលា​ឯកជន​មួយ​។ ប៉ុល ពត​បាន​អាហារូបករណ៍​រៀន​ផ្នែក​វិទ្យុ និង​អគ្គិសនី​នៅ​ទីក្រុង​ប៉ារីស ប៉ុន្តែ​តែងតែ​ចំណាយ​ពេលវេលា​ចូលរួម​ក្នុង​ចលនា​បដិវត្ត​។​
 
 
Idi Amin ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា​ពី​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ​១៩៧២ គឺជា​អតីត​ជំនួយការ​ចុងភៅ ជើងឯក​កីឡាប្រដាល់ និង​ជា​អ្នក​ហែល​ទឹក​ដ៏​មាន​សមត្ថភាព​ម្នាក់​។ លោក​បាន​ធ្វើជា​កូនកាំបិត​នៃ​ជួរ​កងទ័ព​អាណានិគម​អង់គ្លេស King’s African Rifles នា​ឆ្នាំ​១៩៤៦ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ប្រដាល់​ទម្ងន់​ស្រាល​ច​ម្លោះ​ពី​ឆ្នាំ​១៩៥១ ដល់​ឆ្នាំ​១៩៦០ ។​
 
François Duvalier ដែល​គេ​ហៅថា «Papa Doc» ធ្វើជា​ប្រធានាធិបតី​ហៃ​ទី​ពី​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​១៩៧១ ។ លោក​បាន​រៀន​ចប់​នៅ​មហា​វិទ្យា​ល University of Haiti School of Medicine ក្នុង​ឆ្នាំ​១៩៤៣ ហើយ​ចាប់ផ្តើម​ការងារ​ជា​គ្រូពេទ្យ​រហូតដល់​ឆ្នាំ​១៩៤៣ ។​
 
Nicolae Ceausescu ជា​អតីត​លេខាធិការ​បក្ស​កុំម្មុយនីស្ត​រូ​ម៉ា​នី​ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៨៩ ហើយក៏​ធ្លាប់​ធ្វើជា​ប្រមុខរដ្ឋ​ពី​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៨៩​ផងដែរ​។ លោក​បាន​រៀន​ត្រឹម​កម្រិត​បឋមសិក្សា​ប៉ុណ្ណោះ​។ បន្ទាប់ពី​ចេញពី​ភូមិ លោក​បាន​ប្រកបរ​បរជា​អ្នក​ដេរ​ស្បែកជើង​។​
 
Francisco Franco ជា​មេដឹកនាំ​ផ្តាច់ការ​របស់​អេ​ស្ប៉ា​ញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៣៦ ដល់​ឆ្នាំ​១៩៧៥ ដែល​គេ​ហៅថា Caudillo of Spain​។ លោក​បាន​ចូលក្នុង​ជួរ​កងទ័ព ហើយ​បាន​ក្លាយជា​មេបញ្ជាការ​ដ៏​ក្មេង​ជាងគេ​នៅ​អេ​ស្ប៉ា​ញ​នា​ឆ្នាំ​១៩១៥ ខណៈ​លោក​មាន​អាយុ​២៣​ឆ្នាំ​។​
 
Maximilien Robespierre គឺជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​សម័យ​បដិវត្ត​បារាំង​។ លោក​ជា​ប្រធាន​គណៈកម្មាធិការ​សាធារណៈ និង​សុវត្ថិភាព (​ឋានៈ​ដូច ប្រធានាធិបតី​) ពី​ឆ្នាំ​១៧៩៣ ដល់​ឆ្នាំ​១៧៩៤ ។ នៅមុន​ប្រឡូក​នយោបាយ លោក​រកបាន​ប្រាក់ចំណូល​ជាមួយនឹង​ការងារ​ជា​មេធាវី​ម្នាក់​។​
 
Augusto Pinochet ជា​អតីត​មេដឹកនាំ​ផ្តាច់ការ​ស៊ី​លី​ពី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៩០ ។ លោក​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​នៅ​សាលា War Academy បន្ទាប់ពី​រៀន​ចប់​សាលា​យោធា​នៅ​ឆ្នាំ​១៩៣៧ ។​
 
Jorge Rafael Videla ជា​អតីត​មេដឹកនាំ​ផ្តាច់កា​រអា​ហ្ស​ង់​ទីន​ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៨១ ។ លោក​បាន​ចូលរួម​ក្នុង​កងទ័ព បន្ទាប់​រៀន​ចប់​នៅ​សាលា​យោធា National Military College ក្នុង​ឆ្នាំ​១៩៤៤ ហើយក៏​ឡើង​តំណែង​កាន់តែ​ធំ​ជា​បន្តបន្ទាប់​៕
 

Tag:
 ឯកសារ​
  មេដឹកនាំ​ផ្តាច់ការ​
  ប៉ុលពត
© រក្សាសិទ្ធិដោយ thmeythmey.com