អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រី ហ៊ីឡារីគ្លីនតុនឈ្នះការបោះឆ្នោតនៅរដ្ឋSouth Carolina 28, Feb 2016 , 2:39 pm

×![]()
ពេលនេះវាជាពេលដែលស្ត្រីធ្វើជាប្រធានាធិបតីអាមេរិកហើយ។ នេះជាសម្តីរបស់អ្នកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន ដែលប្រមូលផ្តុំគ្នាអបអរសាទរការប្រកាសជ័យជម្នះរបស់លោកស្រី ហ៊ីឡារីគ្លីនតុន ក្នុងការបោះឆ្នោតនៅរដ្ឋ South Carolina នៅថ្ងៃសៅរ៍ទី២៧ កុម្ភៈម្សិលមិញ។ ។ជ័យជម្នះនេះកើតឡើង ខណៈដែលសមរភូមិសំខាន់ដែលរដ្ឋចំនួន១១បោះឆ្នោតរួមគ្នានឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
ក្រោយការបោះឆ្នោតក្នុងបក្សនៅរដ្ឋ South Carolina បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីឡារី បានទទួលសំឡេងគាំទ្រច្រើនជាងគូប្រជែងលោកស្រី លោក Bernie Sanders ។
យោងតាម លទ្ធផលក្រោយការបោះឆ្នោតក្នុងរដ្ឋ South Carolina ចុះផ្សាយក្នុងសារព័ត៌មាន CNN លោកស្រី ហ៊ីឡារី គ្លីនតុន ឈ្នះបានសំឡេងគាំទ្ររហូតដល់ ៨៤ភាគរយឯណោះ ខណៈដែលលោក Bernie Sanders បានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះ។
អាចថា បេក្ខជនប្រធានាធិបតីស្ត្រីម្នាក់នេះ ទទួលបានការគាំទ្រច្រើនពីសហគមន៍ប្រជាជនអាមេរិកដើមកំណើតអាហ្វ្រិកដែលរស់នៅច្រើនក្នុងរដ្ឋ South Carolina ។ ក្រោយលទ្ធផលចេញជាផ្លូវការលោក Bernie Sanders បានអបអរសាទរគូប្រជែងលោក តែលោកថា វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកបន្ថែមថា លោកស្រី ហ៊ីឡារី គ្លីនតុនឈ្នះនៅ South Carolina មែន តែកាលបោះឆ្នោតនៅរដ្ឋ New Hampshire លោកក៏ជាអ្នកដែលឈ្នះភ្លូកទឹកភ្លូកដីដែរ។
ចំណែកលោកស្រី ហ៊ីឡារី គ្លីនតុន បានជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅរដ្ឋ South Carolina ក្រោយលទ្ធផលប្រកាសជាផ្លូវការភ្លាម លោកស្រីក៏បានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រលោកស្រីដែរ។ អ្នកគាំទ្ររបស់លោកស្រីច្រើនកុះករស្រែកថា ៖« វាជាពេល ....វាជាពេល ...វាជាពេលដែលមានស្ត្រីធ្វើការងារនៅសេតវិមានហើយ»។ អាចថា វាជារឿងងាយស្រួលសម្រាប់លោកស្រីក្នុងការឆ្ពោះទៅប្រជែងតំណែងប្រធានាធិបតី បើសិនសេដ្ឋីអចលនទ្រព្យ ដូណាល់ ត្រាំ ឈ្នះការជ្រើសតាំងតំណាងបក្សសាធារណរដ្ឋ។
សម្រាប់គូប្រជែងលោកស្រី ជ័យជម្នះនេះមិនមែនបានន័យថាលោកស្រី ហ៊ីឡារី គ្លីន នឹងត្រូវគេជ្រើសរើសដើម្បីតំណាងបក្សឡើយ។ កុំភ្លេចថាបេក្ខជនម្នាក់ៗកំពុងត្រៀមខ្លួនសម្រាប់សមរភូមិនយោបាយសំខាន់បំផុតដែលរដ្ឋចំនួន ១១បោះឆ្នោតរួមគ្នា នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដែលវាជាពេលវេលាអាចកំណត់បានអ្នកដែលទទួលបានការគាំទ្រច្រើនជាងគេក្នុងបក្ស។
យ៉ាងណាមិញ គេមើលឃើញថា ជ័យជម្នះលើកទីបី ក្នុងចំណោមការបោះឆ្នោត៤រដ្ឋកន្លងមក វាបញ្ជាក់ថាលោកស្រី ហ៊ីឡារី គ្លីនតុន មានប្រជាប្រិយភាពខ្ពស់ ជាពិសេសរកការគាំទ្របានច្រើនពីសហគមន៍ប្រជាជនអាហ្វ្រិក-អាមេរិកថែមទៀត៕
Tag:
ហ៊ីឡារីគ្លីនតុន
© រក្សាសិទ្ធិដោយ thmeythmey.com