អន្តរជាតិ
អាល់បាលី៖ ទូរទស្សន៍មួយបង្កើតព័ត៌មានចំហរគល់សុដន់ដើម្បីទាញប្រជាប្រិយភាព 28, Feb 2016 , 4:59 pm

×![]()
ដោយសារតែមានការប្រកួតប្រជែងខ្លាំង លោក Ismet Drishti ម្ចាស់ស្ថានីយទូរទស្សន៍អាល់បានី Zjarr TV បានបង្កើតកម្មវិធីព័ត៌មានមួយ ដោយតម្រូវឲ្យស្រីស្អាតដែលជាអ្នកអានព័ត៌មានពាក់អាវចំហរឡេវ ហើយបង្ហាញគល់សុដនទាំងសងខាង។ បើតាមសម្តីដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP លោក Drishti ចង់ឲ្យអ្នកទស្សនាមានអារម្មណ៍ស្រស់ថ្លា ជាមួយនឹងភាពពិតនៃសង្គម។
កម្មវិធីព័ត៌មានបែបនេះ ទទួលបាននូវការពេញនិយមយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលប្រើប្រាស់ខ្សែកាប្លិ៍ និងភ្ជាប់តាមអ៊ីនធ័រណិត។ លោក Ismet Drishti ម្ចាស់ទូរទស្សន៍ Zjarr TV និងជាអតីតអ្នកកាសែតផងដែរនោះ បានអះអាងថា៖ «យើងមិនមែនធ្វើអាជីវកម្មផ្លូវភេទនោះឡើយ ប៉ុន្តែយើងផលិតកម្មវិធីព័ត៌មានដែលមានលក្ខណៈប្រកដប្រជា និងដើម្បីទាក់ទាញពាណិជ្ជកម្ម»។
Greta Hoxjaj អាយុ២៤ឆ្នាំ ដែលជាអ្នកអត្ថាធិប្បាយដ៏ស៊ិចស៊ីម្នាក់ បាននិយាយថា៖ «ខ្ញុំបានធ្វើឲ្យទូរទស្សន៍ថ្នាក់តំបន់មួយអស់រយៈពេល៥ឆ្នាំ ប៉ុន្តែមិនមានអ្វីរីកចម្រើននោះឡើយ។ ជាមួយនឹងកម្មវិធីថ្មីនៅ Zjarr TV ខ្ញុំបានក្លាយជាតារាដ៏ល្បីល្បាញម្នាក់ត្រឹមតែអំឡុង៣ខែប៉ុណ្ណោះ»។
ខុសពីកម្មវិធីទូរទស្សន៍មួយចំនួននៅតំបន់អាមេរិកឡាទីន នាង Hoxhaj បានបន្ថែមថា ការបង្ហាញភាពស៊ិចស៊ី ដោយមិនបញ្ចេញទាំងស្រុង មិនបានធ្វើឲ្យមានការខ្មាស់អៀន ឬសោកស្តាយនោះឡើយ។ នាងបានបន្ថែមថា ខ្លួនទើបតែទទួលបានការទាក់ទងពីទូរទស្សន៍មួយនៅអូស្ត្រាលី ដែលមានគម្រោងធ្វើកម្មវិធីដូចគ្នា។
អតីតអ្នកអត្ថាធិប្បាយម្នាក់ឈ្មោះ Enki Bracaj ដែលជានិស្សិតអាយុ២១ឆ្នាំ បានលាឈប់ពីការងារដោយសារបញ្ហាប្រាក់ខែ ប៉ុន្តែនាងបានអរគុណចំពោះកម្មវិធីព័ត៌មានស៊ិចស៊ីនេះ ព្រោះនាងត្រូវបានក្រុមហ៊ុនបង្ហាញម៉ូដមួយទាក់ទង។
អាល់បានី មានពលរដ្ឋប្រមាណ៣លាននាក់ ដែលភាគច្រើនកាន់សាសនាឥស្លាម។ កម្មវិធីព័ត៌មានរបស់ទូរទស្សន៍ Zjarr TV ក៏ទទួលរងនូវការរិៈគន់យ៉ាងខ្លាំងក្លាផងដែរពីសំណាក់អ្នកទស្សនា។ សិស្សសាលាសារព័ត៌មានម្នាក់ឈ្មោះ Ariol Dedaj អាយុ២២ឆ្នាំ បានលើកឡើងប្រាប់ AFP ថា៖ «អ្នកមើលនាំគ្នានេះនិយាយតែពីសុដន ហាក់មិនបានផ្តោតលើខ្លឹមសារនៃព័ត៌មាននោះឡើយ»។
ប្រធានសម្ព័ន្ធអ្នកកាសែតអាល់បានី លោក Aleksander Cipa បានកត់សម្គាល់ថា ការផ្តល់ព័ត៌មានបែបអាសអាភាសបែបនេះ គឺបង្ហាញឲ្យឃើញថា វិស័យព័ត៌មាននៅអាល់បានីកំពុងជួបវិបត្តិក្នុងការប្រកួតប្រជែង។ ដើម្បីទទួលបានប្រជាប្រិយភាព ទូរទស្សន៍នីមួយៗ ខិតខំបង្កើតកម្មវិធីគ្រប់ទម្រង់៕
© រក្សាសិទ្ធិដោយ thmeythmey.com