ជាតិ
អន្តរជាតិ
ថៃ៖អ្នកនេសាទខ្មែរ៥នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធរឿងរំលោភនិងវាយអ្នកទេសចរបារាំង 29, Feb 2016 , 11:40 am

×![]()
កម្មករនេសាទជនជាតិកម្ពុជាចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួនដោយប៉ូលិសថៃ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈនិងធ្វើបាបលើទេសចរបារាំងបួននាក់នៅរមណីយដ្ឋានកោះគុត(Koh Kut)។ នេះបើយោងតាមកាសែតថៃ Bangkok Post។
ប៉ូលិសថៃបានចាប់ជនជាតិខ្មែរប្រាំនាក់ដែលជាកម្មករនេសាទ ពាក់ព័ន្ធករណីរំលោភ និងវាយធ្វើបាបអ្នកទេសចរបារាំងបួននាក់ ហើយហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ។ កម្មករនេសាទទាំងប្រាំនាក់នោះ ត្រូវបានចោទប្រកាន់ពីបទរំលោភស្ត្រីទេសចរបារាំងពីរនាក់ និងវាយធ្វើបាបលើបុរសបារាំងពីរនាក់ ដែលព្យាយាមជួយស្ត្រីទាំងពីរ។
បើតាមមន្ត្រីប៉ូលិស ទូករបស់ជនសង្ស័យទាំងប្រាំនាក់ស្ថិតនៅចម្ងាយឆ្ងាយពីកោះនោះ ហើយ គេជឿថា ពួកគេហែលទឹកជាង៥០០ម៉ែតទៅឆ្នេរដើម្បីធ្វើសកម្មភាព។ ជនសង្ស័យពីរនាក់ដែលមានឈ្មោះ ធី និងម៉ាន អាយុ២០ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ខណៈពួកគេប៉ុនប៉ងរត់ចូលទឹកដីកម្ពុជា។ ចំណែកជនសង្ស័យបីនាក់ផ្សេងទៀតគឺត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។
ប៉ូលិសថៃបន្តថា ជនសង្ស័យទាំងប្រាំបានពាក់អាវសង្គ្រោះជីវិត និងហែលមកកាន់ឆ្នេរដើម្បីរកទិញស្រាបន្ថែមទៀត មុនពួកគេធ្វើសកម្មភាព។
យោងតាមការស៊ើបអង្កេតដំបូង ស្ត្រីបារាំងរងគ្រោះទាំងពីរកំពុងតែដើរ ហើយក៏បានជួប ជនសង្ស័យពីរនាក់ដែលព្យាយាមនិយាយជាមួយពួកគេ។ ក្រោយមក ស្ត្រីរងគ្រោះដែលមានអាយុ៥៧ឆ្នាំនិង២៨ឆ្នាំ បានដើរចេញ តែក៏មានជនសង្ស័យបីនាក់ផ្សេងទៀតចូលមកធ្វើសកម្មភាព និងបានវាយដំលើទេសចរបារាំងពីរនាក់ផ្សេងទៀត ដែលព្យាយាមជួយស្ត្រីរងគ្រោះទាំងពីរ។ ជនសង្ស័យបានប្រើកាំបិតនិងដំបងវាយប្រហារលើបុរសទាំងពីរនាក់នោះ ធ្វើឲ្យបុរសម្នាក់រងគ្រោះធ្ងន់។ ជនរងគ្រោះបីនាក់កំពុងតែស្ថិតក្នុងមន្ទីរពេទ្យក្នុងខេត្តត្រាត ដោយសារតែពួកគេមានអាការៈធ្ងន់ធ្ងរ។
ក្រោយការកើតហេតុ សមត្ថកិច្ចថៃជាង៥០នាក់ បានបើកប្រតិបត្តិការស្វែងរកជនសង្ស័យ និងបានចាប់ខ្លួនជាបន្តបន្ទាប់។ ជាមួយគ្នានេះ មេប៉ូលិសថៃលោកឧត្តមសេនីយ៍ Chakthip Chaijinda នឹងធ្វើដំណើរទៅកាន់កោះគុត នៅថ្ងៃទី២៩ ខែកុម្ភៈនេះ ដើម្បីសួរចម្លើយជនសង្ស័យទាំងប្រាំនាក់ដោយផ្ទាល់៕
Tag:
ថៃ
អ្នកនេសាទខ្មែរ
រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com