អន្តរជាតិ
កើតនៅឆ្នាំ១៩២០ តែទើបប្រារព្ធខួបកំណើតបាន២៤ដងប៉ុណ្ណោះ 01, Mar 2016 , 10:31 am

×![]()
នៅតំបន់ Saint-Calais ប្រទេសបារាំង លោកយាយ Emile Mercier ប្រារព្ធខួបកំណើតអាយុ៩៦ឆ្នាំរបស់ខ្លួន ប៉ុន្តែនេះទើបតែជាការរៀបចំពិធីលើកទី២៤ប៉ុណ្ណោះរបស់គាត់ ដោយសារតែគាត់កើតនៅថ្ងៃទី២៩ ខែកុម្ភៈ ហើយត្រូវរង់ចាំរៀងរាល់៤ឆ្នាំម្តង។ នេះបើតាមការផ្សាយរបស់កាសែត Le Maine Libre។
នៅក្នុងជីវិតរបស់ខ្លួន លោកយាយ Emile Mercier បានឆ្លងកាត់របបប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំងរហូតដល់ទៅ១៤នាក់ ប៉ុន្តែគាត់ប្រារព្ធខួបកំណើតបានតែ២៤លើកប៉ុណ្ណោះ។ គាត់បាននិយាយទាំងសំណើចថា៖ «ខ្ញុំទើបតែអាយុ២៤ឆ្នាំប៉ុណ្ណោះ»។
ស្ត្រីចំណាស់រូបនេះបានរៀបការជាមួយលោកតា Jeanne ដែលមានវ័យក្មេងជាងខ្លួន អស់រយៈពេល៧១ឆ្នាំមកហើយ។ «មនុស្សទាំងអស់ក្នុងគ្រួសារ បងប្អូន មិត្តភក្តិនៅតំបន់ Saint-Calais តែងតែនាំគ្នាចូលរួមក្នុងពិធីខួបកំណើតរបស់ Emile រៀងរាល់៤ឆ្នាំម្តង។ មនុស្សទាំងអស់សុទ្ធតែដឹងថា គាត់បានកើតនៅថ្ងៃទី២៩ ខែកុម្ភៈ»។ នេះបើតាមការបញ្ជាក់របស់កូនស្រីឈ្មោះ Nicole៕
© រក្សាសិទ្ធិដោយ thmeythmey.com