អន្តរជាតិ
ហេតុអ្វីបានជាថ្ងៃ ១មីនានេះសំខាន់សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក? 01, Mar 2016 , 5:22 pm

×![]()
ថ្ងៃអង្គារទី ១មីនានេះ ប្រជាជនអាមេរិកដែលរស់នៅរដ្ឋចំនួន១២ និងទឹកដីចំនួន១នាំគ្នាបោះឆ្នោតដើម្បីរើសយកបេក្ខជននៃបក្សទាំងពីរដែលត្រូវប្រជែងយកតំណែងប្រធានាធិបតី។ ក្នុងចំណោមបេក្ខជននៃបក្សទាំងពីរ បើសិនអ្នកណាដែលអាចរកសំឡេងគាំទ្របានច្រើនក្នុងថ្ងៃនេះ អាចមានក្តីសង្ឃឹមខ្ពស់ថាគេនឹងទទួលបានការជ្រើសតាំងពីបក្ស ហើយបេក្ខជនដែលមិនបានទទួលការគាំទ្រច្រើនទេ អាចសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងនេះ។ តើថ្ងៃបោះឆ្នោតដ៏សំខាន់ ដែលគេហៅថា« Super Tuesday» វាសំខាន់បែបណាខ្លះ?
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖
ថ្ងៃនេះជាថ្ងៃសំខាន់បំផុតសម្រាប់ការប្រកួតប្រជែងរកសំឡេងគាំទ្រក្នុងបក្ស ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។ គេហៅថ្ងៃនេះថាថ្ងៃ «Super Tuesday»។ វាជាសមរភូមិនយោបាយសំខាន់ត្រង់ថា ប្រជាជនអាមេរិកនៅរដ្ឋចំនួន ១២ និងទឹកដីអាមេរិកមួយផងនោះនាំគ្នាបោះឆ្នោតរួមគ្នាក្នុងពេលតែមួយ។ អាចថា វាជាពេលដែលកំណត់ថា បេក្ខជនណាមានលទ្ធភាពខ្ពស់ នឹងត្រូវបក្សជ្រើសតាំងឲ្យទៅប្រជែងតំណែងប្រធានាធិបតី ហើយថាតើបេក្ខជនណាទៀតត្រូវដកខ្លួនចេញពីសង្វៀននយោបាយនេះ។ តែនៅអាមេរិកគេប្រើប្រាស់វីធីសាស្ត្រចំនួនពីរ ដែលវាប្រែប្រួលតាមរដ្ឋនីមួយដើម្បីស្វែងរកសំឡេងគាំទ្រសម្រាប់បេក្ខជននីមួយៗនេះ។ ដូច្នេះ មុនឈានទៅស្វែងយល់ពីថ្ងៃបោះឆ្នោតដ៏សំខាន់« Super Tuesday » គប្បីយល់ពីវិធីសាស្ត្រទាំងពីរនេះសិន។
១. អាមេរិករដ្ឋខ្លះប្រើប្រាស់វិធីជ្រើសរើសតាមបែប Caucus ហើយរដ្ឋខ្លះប្រើប្រាស់ Primary
ទោះបីជាមានបក្សធំពីរក៏ដោយដែលប្រឡូកក្នុងប្រកួតប្រជែងតំណែង ប្រធានាធិបតីនៅអាមេរិក ក៏ការបោះឆ្នោតបួនឆ្នាំម្តងនេះ ចំណាយពេលវេលាយូរ។ ការប្រជែងក្នុងបក្សដើម្បីរកសំឡេងគាំទ្របេក្ខជនប្រធានាធិបតីនៅតាមបណ្តារដ្ឋនិងទឹកដីអាមេរិក ចាប់ផ្តើមតាំងពីខែកុម្ភៈឆ្នាំ ២០១៦ រហូតដល់គណបក្សនីមួយៗរកបានបេក្ខជនប្រធានាធិបតីចុងក្រោយ (យ៉ាងយូរបំផុត៥ខែចាប់ពីខែកុម្ភៈ) ។ ក្រោយរកឃើញបេក្ខជនប្រធានាធិបតីចុងក្រោយក្នុងបក្សទាំងពីរហើយ បេក្ខជននោះនឹងបន្តយុទ្ធនាការឃោសនារហូតដល់ថ្ងៃបោះឆ្នោតថ្ងៃ ៨ វិច្ឆិកាឆ្នាំ ២០១៦ ។
សូមពន្យល់បន្តិចដែរថា នៅសហរដ្ឋអាមេរិក គេប្រើប្រាស់វិធីពីរយ៉ាងមានដូចជា Caucus និង Primary ដើម្បីប្រមែរប្រមូលសំឡេងឆ្នោតក្នុងចំណោមសមាជិកបក្សនីមួយៗ ដើម្បីកំណត់យកបេក្ខជនក្នុងបក្សដែលត្រូវប្រកួតក្នុងការបោះឆ្នោតប្រធានាធិបតី ហើយវិធីសាស្ត្រនេះត្រូវបានគេផ្លាស់ប្តូរឆ្លាស់គ្នាទៅតាមរដ្ឋនីមួយៗ។
យ៉ាងណាក៏ដោយ វិធីសាស្ត្រទាំងពីរនេះខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ការបោះឆ្នោត Primary នេះដូចជាការបោះឆ្នោតធម្មតាដែរ ព្រោះប្រជាជន(សមាជិកបក្ស) គូសសន្លឹកឆ្នោតដើម្បីកំណត់បេក្ខជនក្នុងបក្សណាមួយដែលពួកគេពេញចិត្តចង់ឲ្យក្លាយជាបេក្ខជនប្រធានាធិបតីសម្រាប់ប្រជែងក្នុងការបោះឆ្នោតចុងក្រោយ។ ចំណែកតាមបែប Caucus ឯណោះវិញផ្ទុយពីគ្នា ព្រោះវាជាវិធីសាស្ត្រដែលគេប្រើប្រាស់តាំងពីយូរមកហើយ ហើយវាជាការជួបជុំគ្នារវាងអ្នកគាំទ្របក្សប៉ុណ្ណោះ។ បេក្ខជនដែលមានឈ្មោះបោះឆ្នោតត្រូវចូលរួមក្នុងសកម្មភាពជជែកដេញដោល និងពិភាក្សាគ្នាពីបញ្ហាបោះឆ្នោតប្រធានាធិបតីនិងកំណត់បេក្ខជនក្នុងបក្សណាមួយដែលគេគាំទ្រនៅទីកន្លែងសាធារណៈ តាមក្រុង ឬស្រុករបស់ខ្លួន។ អ្នកគាំទ្រគណបក្សអាចប្រើប្រាស់វេទិកាជួបជុំនេះ ដើម្បីបញ្ចុះបញ្ចូលអ្នកដែលមិនទាន់សម្រេចចិត្តត្រឹមត្រូវ ឲ្យគាំទ្របេក្ខជនណាមួយក្នុងបក្សផងដែរ។
២. អ្វីដែលគួរដឹងពីថ្ងៃទី ១មិនា ឬថ្ងៃ Super Tuesday នេះ ?
សម្រាប់បក្សសាធារណរដ្ឋ ការបោះឆ្នោតដ៏សំខាន់ថ្ងៃទី ១មិនា នេះនឹងកំណត់ថា បេក្ខជនណាក្នុងចំណោមបេក្ខជនទាំង ៥ មានដូចជា ដូណាល់ ត្រាំ (Donald Trump), ម៉ាកូ រុប៊ីយ៉ូ (Marco Rubio), ថេត គ្រុស (Ted Cruz) បេន ឃឺសិន (Ben Carson) និងលោក John Kasich នឹងទទួលបានសំឡេងគាំទ្រជាងគេនិងអាចឈានទៅទទួលបានការជ្រើសតាំងឲ្យតំណាងបក្ស។ តាមពិតទៅ ដើម្បីឈ្នះការជ្រើសតាំងជាតំណាងបក្សឈានទៅប្រជែងយកតំណែងប្រធានាធិបតី បេក្ខជនបក្សសាធារណរដ្ឋត្រូវការ អ្នកតំណាងដែលគាំទ្រខ្លួនចំនួន ១២៣៧នាក់។ ហើយគ្រាន់តែថ្ងៃបោះឆ្នោតទី ១មិនានេះ បេក្ខជនអាចរកការគាំទ្រពីអ្នកតំណាងចំនួន ២៥ភាគរយឬស្មើ៥៩៥នាក់ឯណោះ ។
ចំណែកបក្សប្រជាធិបតេយ្យ វិញមានបេក្ខជនតែពីររូបប៉ុណ្ណោះ ក្នុងនោះមានលោកស្រី ហ៊ីឡារី គ្លីនតុន និងលោក ប៊ឺនី សេនឌឺ ( Bernie Sanders)។ តែក្នុងចំណោមអ្នកទាំងពីរគេវាយតម្លៃថា លោកស្រីអតីតរដ្ឋមន្ត្រីការបរទេស ហ៊ីឡារី គ្លីនតុន នឹងរកបានសំឡេងគាំទ្រច្រើនជាងសមាជិកព្រឹទ្ធសភាលោក សេនឌឺ។ ក្នុងបក្សប្រជាធិបតេយ្យនេះ ដើម្បីឈ្នះការជ្រើសតាំងក្នុងបក្ស បេក្ខជនត្រូវការអ្នកដែលគាំទ្រខ្លួនចំនួន ២៨៣៨ ខណៈថ្ងៃការបោះឆ្នោតថ្ងៃពិសេសថ្ងៃ ១មិនានេះ មានអ្នកតំណាងចំនួន ១០០៤នាក់ឯណោះ។
ត្រលប់មកវិញរដ្ឋ ដែលរៀបចំបោះឆ្នោតរួមគ្នាតាម Primary សម្រាប់បក្សទាំងពីរនៅថ្ងៃនេះ មានដូចជារដ្ឋ Alabama, Arkansas, Georgia, Massachusetts, Minnesota, Oklahoma, Tennessee, Texas, Vermont និង Virginia។ ចំណែករដ្ឋ អាឡាស្កា (Alaska) ខាងគណបក្សសាធារណរដ្ឋនឹងរៀបចំប្រជុំ Caucus ដើម្បីជ្រើសរើសបេក្ខជននៅថ្ងៃនេះ តែបក្សប្រជាធិបតេយ្យនឹងរៀបចំ Caucus នេះនៅថ្ងៃ ២៦មិនាឯណោះ។ ហើយប្រជាជននៅទឹកដី Samoa រៀបចំប្រជុំអ្នកគាំទ្របក្សប្រជាធិបតេយ្យដើម្បីជ្រើសរើសបេក្ខជនដែលពួកគេពេញចិត្ត។ រីឯនៅរដ្ឋ Colorado បក្សទាំងពីរនឹងរៀបចំការប្រជុំ Caucus នេះ តែមានតែគណបក្ស ប្រជាធិបតេយ្យប៉ុណ្ណោះដែលជ្រើសរើសបេក្ខជន ខណៈបក្សសាធារណរដ្ឋកំណត់ត្រឹមអ្នកតំណាងដើម្បីឲ្យពួកគេជ្រើសរើសបេក្ខជនចុងក្រោយនៅថ្ងៃសមាជជាតិចុងក្រោយពីថ្ងៃ១៨ ដល់ថ្ងៃ ២១ខែកក្កដាខាងមុខ ។
៣.បេក្ខជនឈរឈ្មោះចំណាយលុយច្រើនក្នុងការឃោសនាបោះឆ្នោត
ក្នុងដំណើរការប្រកួតប្រជែងក្នុងបក្សដើម្បីឆ្ពោះទៅការបោះឆ្នោតប្រធានាធិបតីខាងមុខនេះ បេក្ខជនដែលប្រកាសឈរឈ្មោះនោះត្រូវចំណាយលុយច្រើនសន្ធឹកសន្ធាប់។ បើតាមសារព័ត៌មាន CNN បេក្ខជនចំណាយលុយប្រហែល ១ពាន់លានដុល្លារអាមេរិកយ៉ាងហោចណាស់សម្រាប់ការឃោសនា និងសកម្មភាពនានាពាក់ព័ន្ធនឹងការប្រកួតប្រជែងតំណែងប្រធានាធិបតីនេះ ។
អាមេរិកខុសគេ ដោយសារមិនមានការកំណត់ពេលសម្រាប់ការរៀបចំការឃោសនាមុនពេលបោះឆ្នោតឡើយ។ ជារួមបេក្ខជនដែលប្រកាសឈរឈ្មោះបោះឆ្នោតចាប់ផ្តើមការឃោសនា រហូតដល់ ២០ខែមុនពេលបោះឆ្នោតក៏មាន ដែលវាជាមូលហេតុដែលបណ្តាលឲ្យការចំណាយកើនឡើងខ្លាំង។ ម្យ៉ាងបេក្ខជនដែលឈរឈ្មោះចំណាយលុយច្រើនលើប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្ម ចំណាយលើក្រុមអ្នករៀបចំការឃោសនា និងលើការធ្វើដំណើរពីរដ្ឋមួយទៅរដ្ឋមួយទៀតនៅទូទាំងសហរដ្ឋអាមេរិកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com