អន្តរជាតិ
លោក មហាធៀ ដើរចេញពីបក្សព្រោះជម្លោះក្នុងបក្សកាន់អំណាចម៉ាឡេស៊ីកាន់ធ្ងន់ធ្ងរ 01, Mar 2016 , 9:39 pm

×![]()
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលកាន់អំណាចយូរជាងគេលោក មហាម៉ាត់ មហាធៀ (Mohamad Mohathir) បានសម្រេចដើរចេញពីបក្សកាន់អំណាចម៉ាឡេស៊ី(UMNO) ព្រោះជម្លោះផ្ទៃក្នុងបក្សរីកកាន់តែធំ។ លោកមហាធៀ ចោទថា បក្សកាន់អំណាចបានក្លាយជាបក្សរបស់នាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ដោយលោកយកបក្សមកការពារអំពើពុករលួយរបស់ខ្លួនថែមទៀត។
ជម្លោះផ្ទៃក្នុងគណបក្សកាន់អំណាចអង្គការជាតិរួបរួមម៉ាឡេ (United Malays National Organisation) រហូតបង្ខំឲ្យស្ថាបនិកបក្សនិងជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលកាន់តំណែងយូរជាងគេលោក មហាម៉ាត់ មហាធៀ (Mohamad Mohathir) ដើរចេញពីបក្ស។ លោក មហាធៀ បានសម្រេចចាកចេញជាមួយលោក Khairuddin Abu Hassan ដែលជាអតីតមេដឹកនាំបក្ស កាលពីម្សិលមិញថ្ងៃ ២៩ ខែកុម្ភៈ។ តែនេះជាលើកទី ២ហើយដែលោក ចាកចេញពីបក្ស ព្រោះកាលពីឆ្នាំ ២០០៨ លោកក៏ប្រកាសចេញម្តងដែរ ពេលដែលលោក Abdullah Badawiឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
ក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសបញ្ចប់សមាជិកភាព អតីមេដឹកនាំជាន់ខ្ពស់ក្នុងបក្សកាន់អំណាចនេះ បានអះអាងថា លោកចាកចេញពីបក្សព្រោះតែបក្សកាន់អំណាចដែលជាបក្សតំណាងប្រជាជនទូទៅនិងមានប្រជាប្រិយភាពខ្ពស់នោះក្លាយជាបក្សស្ថិតក្រោមអំណាចផ្តាច់មុខរបស់លោក ណាជីប រ៉ាហ្សាក់។
លោកមហាធៀថា`៖« ខ្ញុំមិនហៅបក្សនេះថាបក្សអង្គការជាតិរួបរួមម៉ាឡេទៀតទេ ព្រោះវាជាបក្សរបស់លោក ណាជីប ។ ខ្ញុំមានអារម្មណ៍អាម៉ាសខ្លាំងនៅពេលខ្ញុំនៅជាមួយគណបក្សដែលត្រូវគេមើលឃើញជាបក្សគាំទ្រអំពើពុករលួយ»។
កន្លងមកលោក មហាធៀ បានអះអាងម្តងជាពីរដងថា លោកព្យាយាមធ្វើយ៉ាងណាឲ្យលោក ណាជីបរ៉ាហ្សាក់ ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ព្រោះប្រព្រឹត្តអំពើពុកលួយពាក់ព័ន្ធទុនក្រុមហ៊ុនវិនិយោគរដ្ឋ 1MDB។ លោកអះអាងថា លោក ណាជីប រ៉ាហ្សាក់ កំពុងព្យាយាមយកគណបក្សជាមធ្យោបាយរក្សាអំណាចនិងការពារលោកឲ្យរួចផុតពីការកាត់ទោសព្រហ្មទ័ណ្ឌ។
យ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសម៉ាឡេស៊ីអស់រយៈពេល ២២ឆ្នាំនោះ បានច្រានចោលមតិរិះគន់ថា លោកចាកចេញពីបក្សដោយសារតែខកចិត្តដោយសារតែកូនប្រុសរបស់លោកគឺលោក Mukhriz Mahathir មិនអាចក្លាយជានាយករដ្ឋមន្ត្រី។ ហើយលោក Mukhriz Mahathir ទើបតែសម្រេចលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលនៃរដ្ឋ Kedah កាលពីខែមុននេះប៉ុណ្ណោះ។
ទាក់ទិនការចាកចេញរបស់អតីតនាយករដ្ឋមន្ត្រីដែលមានឥទ្ធិពលបំផុតក្នុងបក្ស មន្ត្រីព័ត៌មាននៃបក្សកាន់អំណាចលោក Annuar Musa បានលើកឡើងថាគណបក្សកាន់អំណាចអាចដំណើរការបានដោយគ្មានលោក មហាធៀ។ លោករិះគន់ថា លោក មហាធៀ ចេះតែម្យ៉ាងគឺព្យាយាមយកគណបក្សធ្វើជាឈ្នាន់ដើម្បីទាញប្រយោជន៍នយោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ៕
Tag:
ម៉ាឡេស៊ី
ណាជីបរ៉ាហ្សាក់
1MDB
© រក្សាសិទ្ធិដោយ thmeythmey.com