អន្តរជាតិ
កូរ៉េខាងជើង​ព្រលះ UN ដែល​រិះគន់​ខ្លួន​រឿង​សិទ្ធិមនុស្ស​
02, Mar 2016 , 8:59 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក Ri Yong Su ចេញមក​ប្រកាសថា កូរ៉េខាងជើង​នឹងមិន​គោរព​សេចក្ដីសម្រេច​របស់​អន្តរជាតិ​ដែល​ហ៊ាន​រិះគន់​ខ្លួន​លើ​ករណី​សិទ្ធិ​បំពាន​មនុស្ស​នោះទេ​។ លោក Ri ថែមទាំង​រិះគន់​លើ​ករណី​បាញ់បោះ​នៅ​អាមេរិក​និង​ការរំលោភ​សិទ្ធិមនុស្ស​លើ​ជនភៀសខ្លួន​ដែល​កំពុង​ហូរ​ចូល​តំបន់​អឺរ៉ុប​ទៀតផង​។​


សូមស្ដាប់ព័ត៌មានលម្អិត៖



​កូរ៉េខាងជើង​បាន​ផ្ញើ​សារ​ខ្លាំងៗ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​នឹង​បើក​ការពិភាក្សា​លើ​ករណី​រំលោភសិទ្ធិ​មនុស្ស​របស់​កូរ៉េខាងជើង​។ លោក Ri Su Yong  រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ចេញមក​ប្រកាសថា រាល់​ការសម្រេច​ណាមួយ​ប្រឆាំងនឹង​កូរ៉េខាងជើង គ្រាន់តែ​ជាការ​សម្រេច​តែ​ម្ខាង និង​ជា​ស្តង់ដា​ពីរ​ជាន់​តែប៉ុណ្ណោះ​។ ហើយ​កូរ៉េខាងជើង​នឹងមិន​ទទួលយក​ការសម្រេច​ទាំង​នោះទេ​។

​ការព្រមាន​ទុក​មុននេះ ធ្វើឡើង​នៅមុន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ពិភាក្សា​លើ​របាយការណ៍​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៤ ខែមីនា​។ ក្រុមប្រឹក្សា​ដែលមាន​សមាជិក​៥៤​ប្រទេស​នេះ នឹង​ពិចារណា​លើ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​កូរ៉េខាងជើង ដែល​ចេញ​កាលពី​ខែ​មុន​។ គេ​រំពឹងថា ជប៉ុន​និង​អឺរ៉ុប ដាក់ចេញ​សេចក្ដីសម្រេច​មួយ ដែល​ផ្ដោត​នឹង​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​។

​យ៉ាងណាមិញ កាសែត The Japan Times ផ្សាយ​ថា កូរ៉េខាងជើង​ហាក់ដូច​ជា​ទាត់ចោល​របាយការណ៍​ទាំងនោះ​ទៅហើយ​។ ឯ​រដ្ឋមន្ត្រីការបរទេស Ri Yong Su និយាយ​ដែរ​ថា កូរ៉េខាងជើង​ប្រហែលជា​មិន​ចូលរួម​ប្រជុំ​ទៀតផង និង​ចាត់ទុក​ការប្រជុំ​នេះ ជាការ​វាយប្រហារ​នយោបាយ​មកលើ​ខ្លួន​ប៉ុណ្ណោះ​។ ជាមួយនឹង​ការលើកឡើង​នេះ វា​មានន័យថា កូរ៉េខាងជើង​ប្រហែលជា​មិន​អនុវត្ត​សិទ្ធិ​ក្នុងការ​ឆ្លើយតប​នឹង​របាយការណ៍​ខាងលើ​ទេ​។​
 
​លើសពីនេះ រដ្ឋមន្ត្រីការបរទេស​រូបនេះ​បាន​និយាយ​រិះគន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​មិន​ខ្វល់​នឹង​ការរើសអើង​ពូជសាសន៍​ជា​ប្រព័ន្ធ និង​ការបាញ់បោះ​នៅ​អាមេរិក​។ លោក​ក៏បាន​រម្លឹក​ដល់​ស្ថានភាព​ជនភៀសខ្លួន​ដែល​កំពុង​ហូរ​ចូល​យ៉ាងគំហុក​ទៅ​តំបន់​អឺរ៉ុប ដែល​ក្នុងនោះ​ជនភៀសខ្លួន​ជាច្រើន​ស្លាប់​និង​បាត់​ខ្លួន​នៅក្នុង​សមុទ្រ ឬក៏​ត្រូវ​រំលោភ​សិទ្ធិមនុស្ស​ជាដើម​។​

​សូម​បញ្ជាក់ដែរថា បើ​យោងតាម​របាយការណ៍​នានា​របស់​អង្គការសហប្រជាជាតិ​និង​សហភាព​អឺរ៉ុប ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង មាន​លក្ខណៈ​អាក្រក់​ណាស់​។ ការសម្លាប់​ជា​សាធារណៈ ត្រូវ​បានឃើញ​ជារឿយ​នៅ​កូរ៉េខាងជើង ហើយ​អ្នកទោស​ភាគច្រើន​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​លត់​ដំ និង​ត្រូវ​ធ្វើការ​ធ្ងន់ធ្ងរ​បំផុត​។ សេរីភាព​បញ្ចេញមតិ​ក៏​ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង​ក្រោម​ការគ្រប់គ្រង​របស់​មេ​ដឹកនាំ​ផ្ដាច់ការ គីម ជុង​អ៊ុន​៕


Tag:
 ​កូរ៉េខាងជើង​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com