អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការ​ព​ន្លឿ​ន​ពេល​កំណត់​បេក្ខភាព​ប្រធានាធិបតី ជា​សញ្ញា​វិជ្ជមាន​ឬ​អវិជ្ជមាន​សម្រាប់​លោកស្រី​ស៊ូ​ជី​?
02, Mar 2016 , 5:25 pm        
រូបភាព
ដោយ: ថ្មីៗ
​សល់​ពេល​មិន​ច្រើន​ថ្ងៃ​ទៀត​នោះទេ អាណត្តិ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា របស់លោក ថេ​ន សេន (Thein Sein) នឹងត្រូវ​បញ្ចប់ ហើយ​រដ្ឋាភិបាល​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៃ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី (Aung Sann Suu Kyi) ក៏​នឹងត្រូវ​មក​ជំនួស​នៅ​ចុងខែ​មីនា​នេះដែរ​។ តែ​រឿង គួរកត់សម្គាល់​នោះ ខណៈពេលដែល​ពេល​កំណ​ត់នៃ​ការផ្ទេរអំណាច​រដ្ឋាភិបាល​កាន់តែ​ខិតជិត​មកដល់ មានការ​ប្រែប្រួល​នូវ​កាលបរិច្ឆេទ​នៃ​ការប្រកាស​បេក្ខជន​ប្រធានាធិបតី​ដែល​នឹងត្រូវ​មក​ដឹកនាំ​ក្នុង​អាណត្តិ​ថ្មី​។ ការ​ព​ន្លឿ​ន​ពេល​ប្រកាស​បេក្ខជន​ប្រធានាធិបតី​នេះ បាន​ក្លាយជា​សំណួរ​មួយ​ថា​តើ​លោកស្រី ស៊ូ​ជី អាចមាន​លទ្ធភាព​ដើម្បី​ឈរឈ្មោះ​ក្នុង​តំណែង​ប្រធានាធិបតី​ឬ​យ៉ាងណា​?


​សភា​សហភាព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​០១ ខែ​មិនា ម្សិលមិញ បានប្រកាស​ពី​ការផ្លាស់ប្តូរ​នូវពេល​កំណត់ នៃ​ការប្រកាស​បេក្ខជន​ប្រធានាធិបតី​ពីថ្ងៃ​ទី​១៧ ខែមីនា មក​ថ្ងៃទី​១០ ខែមីនា វិញ​។ ការ​ព​ន្លឿ​ន​ពេល កំណត់​នេះ ត្រូវបាន​សមាជិកសភា​មី​យ៉ាន់​ម៉ា បញ្ជាក់ថា ដើម្បី​ជួយ​សម្រួល​សម្រាប់​ការផ្ទេរអំណាច​ទៅកាន់​រដ្ឋាភិបាល​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ តែ​រឿង​ដែល​គេ បានដាក់​ការសង្ស័យ​ខ្លាំង​នោះ​គឺ ការប្រែប្រួល​នេះ ទំនង​ដោយសារតែ​ការបរាជ័យ​នៃ​ការចរចា​រវាង លោកស្រី ស៊ូ​ជី នឹង​មេ​យោធា​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​។​

១. ហេតុអ្វី​បានជា «​ដំណើរការ​នៃ​ការចរចា​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី » មានការ​ចាប់អារម្មណ៍​ខ្លាំង ពី​ប្រជាជន​?
​ការចរចា ឬ​វប្បធម៌​សន្ទនា គឺជា​យន្តការ​មួយ​ដ៏​សំខាន់​សម្រាប់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែលជា​ប្រធាន បក្ស​ឈ្នះឆ្នោត និង​ប្រធាន​សំឡេង​ភាគច្រើន​ក្នុង​សភា​សហភាព​មី​យ៉ាន់​ម៉ា​។ ដោយសារតែ​ការប្រើប្រាស់​យន្តការ​នេះហើយ ទើប​ក្រោយ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ​មិនបាន​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា កើតឡើង​ជាន់​ដាន​ឡើងវិញ ពោលគឺ​ក្រុម​យោធា​មិន​បដិសេធ​ចំពោះ លទ្ធផល​នៃ​ការបោះឆ្នោត​ដូច​ឆ្នាំ​១៩៩០​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​ដឹងថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងគាំទ្រ លើសលប់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ហើយ លោកស្រី ស៊ូ​ជី ដែលជា​ប្រមុខ​បក្ស បានចាប់ផ្តើម​ចរចា ជាមួយនឹង​មេដឹកនាំ​កំពូល​ដើម្បី​ពិភាក្សា​ពី​ការផ្ទេរអំណាច​ទៅ​រដ្ឋាភិបាល​ថ្មី​ដោយ​សន្តិវិធី​។ ក្នុងនោះ លោកស្រី​បាន​ជួប​ជាមួយនឹង​មេដឹកនាំ​កំពូលៗ រួមមាន​អតីត​ប្រធានរដ្ឋសភា លោក ស្វេ ម៉ាន់ អតីត​មេដឹកនាំ​កំពូល​លោក ថា​ន់ ស្វេ លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន និង​មេបញ្ជាការ​កងទ័ព ទូទាំងប្រទេស​លោក​ឧ​ត្ត​ម​សេនីយ៍ លោក មិន អ៊ុង​ឡាំង​។ អ្វីដែល​គួរកត់សម្គាល់​នោះ ក្នុង​រយៈពេល តែ​ប៉ុន្មាន​ខែក្រោយ​ការប្រកាស​លទ្ធផល លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចំណាយពេល​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​លោក​ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង​ឡាំង​រហូតដល់​បី​ដង​។ ជំនួប​នេះ ត្រូវបាន​គេ​មើលថា​ជា ជំនួប​ដើម្បី​ចរចា​សុំ​ការគាំទ្រ​ពី​មេដឹកនាំ​យោធា​លោក មិន អ៊ុង​ឡាំង​ដើម្បី​កែប្រែ​ឬ ព្យួរ​រដ្ឋធម្មនុញ្ញ ដើម្បី​ផ្តល់ឱកាស​ឲ្យ​លោកស្រី អាចមាន​លទ្ធភាព​ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដែល​នឹង ត្រូវ​បោះឆ្នោត​សម្រេច​នៅ​ថ្ងៃ​ខាងមុខនេះ​។​

២. ការ​ព​ន្លឿ​ន​កាលបរិច្ឆេទ​នៃ​ប្រកាស​បេក្ខជន​ប្រធានាធិបតី​មានន័យ​ដូចម្តេច​?
​តាម​ការបញ្ជាក់​របស់​សមាជិកសភា​មី​យ៉ាន់​ម៉ា ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​នៃ​ការប្រកាស​បេក្ខភាព ប្រធានាធិបតី ក៏​ព្រោះតែ​ពេល​កំណត់​ចាស់​កៀក​នឹង​ថ្ងៃ​ផ្ទេរអំណាច​ពី​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន​ពេក​។ តែ​ក្នុង​ក្រសែភ្នែក​អ្នកវិភាគ​ការប្រែប្រួល​អាចមាន​ហេតុផល​ពីរ​ពោល គឺ​អាចជា​វិជ្ជមាន ឬ​អវិជ្ជមាន​?

​ចំណុច​វិជ្ជមាន​នោះ​គឺ ទាំង​ភាគី​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​ភាគី​យោធា បាន​រួចរាល់​ជាស្រេច​ហើយ​ក្នុងការ​តែងតាំង​បេក្ខជន​ដើម្បី​ឈរឈ្មោះ​ជា​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​នៅ​អាណត្តិ​រដ្ឋាភិបាល ថ្មី​។ ដោយឡែក​សម្រាប់ ចំណុច​អវិជ្ជមាន​វិញ​នោះ​គឺ ដោយសារតែ​មិនមាន​ផ្លែផ្កា​ក្នុងការ​ចរចា​ដើម្បី​សុំ ការគាំទ្រ​ពី​មេ​យោធា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​ព្យួរ​មាត្រា​៥៩ ដែល​ហាមឃាត់​លោកស្រី​ស៊ូ​ជី មិន​ឲ្យ​ឈ្មោះ​ប្រធានាធិបតី​បាន ទើប​ជំរុញ​ឲ្យ​មានការ​ប្រែប្រួល​នោះ​។ ជាមួយគ្នានេះ ដើម្បី​ផ្ទៀង​ផ្ទាល់ លទ្ធផល​ថា​តើ ការប្រែប្រួល​នៃ​កាលបរិច្ឆេទ​នោះ​វិជ្ជមាន ឬ​អវិជ្ជមាន គឺ​គេ​អាច​រង់ចាំ​ថា​តើ​មុនពេល​ថ្ងៃទី ១០ ខែ​មិនា ដែលជា​ថ្ងៃ​ប្រកាស​បេក្ខជន​ប្រធានាធិបតី​ថ្មី នឹងមាន​កិច្ចប្រជុំ​បន្ទាន់​ពីស​ភា​មី​យ៉ាន់​ម៉ា​ដើម្បី កែប្រែ ឬ​ព្យួរ​មាត្រា ៥៩ ឬ​អត់​។

​តែ​កន្លងមក​លោក មិន អ៊ុង​ឡាំង ក្រោយ​ការបោះឆ្នោត​ចុងឆ្នាំ​២០១៥ បាន​អះអាង​ហើយ​ថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កាត់បន្ថយ​អំណាច​យោធា​ក្នុង​នយោបាយ​មី​យ៉ាន់​មា់​មិនអាច​ធ្វើឡើង​ក្នុង​រយៈពេល​ខ្លី​បាន​នោះទេ ពោលគឺ​វា អាចធ្វើ​ឡើង​បាន​ទាល់តែ​មី​យ៉ាន់​ម៉ា អាចមាន​សន្តិភាព​ពេញលេញ​៕


Tag:
 ​មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com