អន្តរជាតិ
ភោជនីយដ្ឋានមួយនៅបារាំង ស្វាគមន៍ឆ្កែ ប៉ុន្តែមិនស្វាគមន៍បុគ្គលិកធនាគារ 03, Mar 2016 , 8:19 am
×
ម្ចាស់ភោជនីយដ្ឋានម្នាក់ដែលរស់នៅឃុំ Rueil-Malmaison តំបន់ Hauts-de-Seine ជាយក្រុងប៉ារីស ប្រទេសបារាំង បានធ្វើសង្គ្រាមត្រជាក់មួយជាមួយបុគ្គលិកធនាគារ ដោយបានបិទផ្លាកនៅមុខហាងរបស់ខ្លួនថា «ស្វាគមន៍សត្វឆ្កែ ប៉ុន្តែមិនស្វាគមន៍បុគ្គលិកធនាគារ»។
លោក Alexandre Callet ម្ចាស់ភោជនីយដ្ឋាន Les Ecuries de Richelieu ធ្លាប់មានអនុស្សាវរីយ៍ដ៏ជូរចត់កាលពីអតីតកាល។ បើតាមការផ្សាយរបស់កាសែត Le Parisien សហគ្រិនវ័យ៣០ឆ្នាំរូបនេះ ធ្លាប់ត្រូវបានធនាគាររហូតដល់ជាង២០បដិសេធនៅពេលដែលលោករត់ការខ្ចីលុយដើម្បីបើកភោជនីយដ្ឋាន។
«ពួកគេបានចាត់ទុកខ្ញុំដូចជាសត្វឆ្កែ ដូច្នេះខ្ញុំក៏មានសិទ្ធិបដិសេធបុគ្គលិកធនាគារមិនឲ្យចូលហាងខ្ញុំផងដែរ។ ហាងរបស់ខ្ញុំមិនមែនជាហាងធម្មតានោះឡើយ វាស្ថិតនៅក្នុងចំណាត់ថ្នាក់របស់សៀវភៅមគ្គុទេស្ទក៏ Michelin ហើយតារាភាពយន្តក៏តែងតែមកញ៉ាំនៅទីនេះញឹកញាប់ផងដែរ»។ នេះបើតាមការអះអាងរបស់លោក Callet។
បន្ទាប់ពីដំណើរការភោជនីយដ្ឋានចេះតែទៅមុខចាប់ពីឆ្នាំ២០០៨ មក លោក Callet បានស្នើសុំខ្ចីលុយ៧០ ០០០អឺរ៉ូដើម្បីដំណើរការហាងទីពីរ ប៉ុន្តែធនាគារជាង២០បានបដិសេធ។ ដូច្នេះលោកបានដាក់លក្ខខណ្ឌថា បើបុគ្គលិកធនាគារចង់ចូលញ៉ាំក្នុងហាងរបស់លោក ពួកគេត្រូវតែប្រាក់៧០ ០០០អឺរ៉ូ ជាមុនសិនសម្រាប់សំបុត្រចូល៕
ទស្សនាវីដេអូ
VIDEO
© រក្សាសិទ្ធិដោយ thmeythmey.com