អន្តរជាតិ
ហេតុអ្វី ដូ​ណា​ល់ ត្រាំ ទទួល​ការគាំទ្រ​ច្រើន ខណៈ​ការទិតៀន​លោក​កើនឡើង​?
02, Mar 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ការបោះឆ្នោត​ថ្ងៃ​អង្គារ​ទី ១ ខែមីនា​ដែលជា​ថ្ងៃ​សំខាន់​ក្នុងការ​ប្រជែង​រក​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក លទ្ធផល​បង្ហាញថា សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ មានលទ្ធភាព​ខ្ពស់​ក្នុង​ការទទួល​ការជ្រើសតាំង​ពី​បក្ស​។ មានការ​បារម្ភ​ខ្លាំង​ដែរ​ថា​លោក អាច​នឹង​ឈានទៅ​កាន់តំណែង​ប្រធានាធិបតី តែ​គេ​ឆ្ងល់​ថា​មូលហេតុ​អ្វី​បាន​សេដ្ឋី​និយាយ​មិនចេះ​គិត​នេះ​អាច​រក​សំឡេងគាំទ្រ​ច្រើន​បែបនេះ​។


សូមស្ដាប់ព័ត៌មានលម្អិត៖



​លទ្ធផល​បង្ហាញថា​ថ្ងៃ Super Tuesday បេក្ខជន​បក្ស​សាធារណរដ្ឋ​និង​ជា​សេដ្ឋី​អចលនវត្ថុ​លោក ដូ​ណា​ល់ ត្រាំ​បាន​យកជ័យ​ជម្នះ​នៅ​រដ្ឋ​ចំនួន ៧​លើ​រដ្ឋ​ចំនួន ១២ ដែល​នេះ​ជា​ជ័យជម្នះ​ធំធេង​មួយ ហើយ​គេ​វាយតម្លៃថា​លោក​ក៏មាន​លទ្ធភាព​ក្លាយជា​បេក្ខជន​តំណាង​បក្ស​ថែមទៀត​។ ប៉ុន្តែ​គេ​ឆ្ងល់​ថា មូលហេតុ​អ្វីដែល​នៅ​ពីក្រោយ​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​បែបនេះ ទោះជា​មានការ​រិះគន់​និង​ការ​បកអាក្រាត​រឿងអាស្រូវ​របស់លោក​ច្រើន​កន្លងមក​ច្រើន​ក៏ដោយ​។​

១.​គ្រប់គ្នា​បន្តុះបង្អាប់​ដូ​ណា​ល់​ត្រាំ​កាន់តែច្រើន ចុះ​មូល​ហេតុអ្វី​បានជា​ការគាំទ្រ​លោក​កើនឡើង​?
​តាមពិតទៅ រាល់​សម្តី​និង​សុន្ទរកថា​របស់លោក ដូ​ណា​ល់ ត្រាំ មាន​បង្កប់​អត្ថន័យ​ចម្រូងចម្រាស​និង​បញ្ឆេះ​គំនិត​ស្អប់ខ្ពើម និង​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរស្បែក និង​សាសនា​ជាដើម​។ ពាក្យសម្តី​ចម្រូងចម្រាស​បំផុត គឺ​លោក​អះអាងថា កាលណា​បើ​លោក​ជាប់ឆ្នោត​លោក​នឹង​បិទទ្វារ​មិន​ឲ្យ​ប្រជាជន​ម៉ូ​ស្លី​ម​ជាន់ដី​អាមេរិក​បានឡើយ ហើយ​ការលើកឡើង​នេះ​កើត​ក្រោយ​ការវាយប្រហារ​នៅ San Bernardino​។

​ពាក្យសម្តី​នេះ​ធ្វើ​ឲ្យ​សហគមន៍​ម៉ូ​ស្លី​ម ស្ថាប័ន​សិទ្ធិមនុស្ស និង​មេដឹកនាំ​ពិភពលោក​ថ្កោលទោស​ជាខ្លាំង​។ អ្វីដែល​សំខាន់​គ្មាន​មេដឹកនាំ​កំពូល​អាមេរិក​ណាមួយ​បង្ហាញ​ការគាំទ្រ​និង​កោតសរសើរ​លោក​ឡើយ​។ សូម្បីតែ​ប្រធានាធិបតី អាមេរិក​សុទ្ធតែ​ទិតៀន​លោក ដូ​ណា​ល់ ត្រាំ ដែរ​។ កាលពី​ខែ​មុន​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក នៅ Rancho Mirage លោក បា​រ៉ា​ក់ អូ​បា​ម៉ា  បាន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក​វាយតម្លៃថា លោក មិនអាច​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥ ជាដាច់ខាត​។

​បេក្ខជន​ក្នុង​បក្ស​ដូចជា ថេត គ្រុស និង​លោក ម៉ា​កូ រ៉ូ​ប៊ី​យូ ព្រួត​ដៃ​គ្នា​បកអាក្រាត​លោក ដូ​ណា​ល់ ត្រាំ​ពាក់ព័ន្ធ​រឿងអាស្រូវ​មួយចំនួន​ជាពិសេស​រឿងក្តី​ក្តាំ​រឿង​ការបោក​សិស្ស​យកលុយ​ដោយ​បើក​សាកលវិទ្យាល័យ​ជាដើម​។

​តាមពិតទៅ​មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​នាំគ្នា​គាំទ្រ​លោក ដូ​ណា​ល់​ត្រាំ​។ តែ​អ្នកគាំទ្រ​លោក​ភាគច្រើន​ជា​ប្រជាជន វណ្ណៈ​កណ្តាល​និង​វណ្ណៈ​ទាប ដែលជា​អ្នក​ដែល​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​និង​គ្មាន​ការងារ​ជាដើម​។​

​យោងតាម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Virginia  លោក Kyle Kondik ដោយសារ​បញ្ហា​សេដ្ឋកិច្ច​នេះហើយ​ទើប​មនុស្ស​ច្រើន​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​។ កន្លងមក​ទោះជា​មានការ​លើកឡើង​ពី​ផល​វិជ្ជមាន​ជាច្រើន​ពាក់ព័ន្ធ​ការបង្កើត​ការងារ​និង​ការបន្ថយ​អត្រា​អ្នកគ្មានការងារ​ធ្វើ​ក៏ដោយ ប្រជាជន​អាមេរិក​នៅតែ​បន្ត​ប្រឈម​បញ្ហាលំបាក​ជាច្រើន​។​នេះ​ក៏ដោយ​សារ​ពួកគេ​មិនទាន់​ងើប​ផុតពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​ផ្ទុះឡើង​ពី​ឆ្នាំ ២០០៨ មក​នោះ​។​

​ម្យ៉ាងទៀត បេក្ខជន​ជាច្រើន​ក្នុង​បក្ស​សាធារណរដ្ឋ​មិនសូវ​លើកឡើង​ពី​បញ្ហា​ប្រជាជន​អាមេរិក​ប្រឈម​ឡើយ​។  លោក ដូ​ណា​ល់ ត្រាំ ដឹងថា ប្រជាជន​អាមេរិក​ច្រើន​ចាប់អារម្មណ៍​និង​ខ្វល់​ពី​បញ្ហា​ប្រឈម​ក្នុងស្រុក​ជាង​នយោបាយ​ការបរទេស​។ ដូច្នេះហើយ​យុទ្ធសាស្ត្រ​របស់លោក​គឺ​តម្រូវ​ចិត្ត​ប្រជាជន​ដោយ​លើកឡើង​ពី​ដំណោះស្រាយ​បញ្ហា​ក្នុងស្រុក​នេះ​។​

​មួយវិញទៀត គឺ​លោក​ដូ​ណា​ល់ ត្រាំ និយាយ​ការពិត​តាមមើល​ឃើញជាក់ស្តែង​ជាជាង​ប្រើប្រាស់ សម្តី​ឬ​ភាសា​អ្នកនយោបាយ​។ អាច​ថា ប្រជាជន​ឆ្អែតឆ្អន់​ភាសា​និង​សម្តី​អ្នកនយោបាយ​ដែល​ច្រើន​និយាយ​ពី​រឿង​ល្អ ច្រើនជាង​រឿង​អាក្រក់​និង​បញ្ហា​ប្រឈម​ពិតប្រាកដ​។

​មួយទៀត អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​ពេញចិត្ត​លោក ដូ​ណា​ល់​ត្រាំ​ដោយសារ លោក​ប្រើប្រាស់​លុយ​ផ្ទាល់ខ្លួន​ដើម្បី​ឃោសនាបោះឆ្នោត​និង​ដើម្បី​ទាញ​ការគាំទ្រ មិនមែន​ដូច​បេក្ខជន​ផ្សេងទៀត​ដែល​ពឹងផ្អែក​ស្ទើ​តែ​ទាំងស្រុង​លើ​ប្រភព​ហិរញ្ញវត្ថុ​ដែល​កៀងគោ​រក​ជំនួយ​ពី​ក្រុមហ៊ុន​ឬ​អ្នកគាំទ្រ​បក្ស​ឡើយ​។ តាមពិតទៅ​ការប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​ក្នុងការ​ឃោសនាបោះឆ្នោត​នេះ បេក្ខជន​នីមួយៗ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់ ដែល​យ៉ាងហោចណាស់​ក៏ ១​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com