អន្តរជាតិ
ឥណ្ឌូនេស៊ី៖ មានមនុស្សស្លាប់ក្រោយរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រ តែគ្មានរលកយក្សស៊ូណាមីទេ
02, Mar 2016 , 9:34 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្រោយរញ្ជួយ​ដីកម្រិត៧.៩ រ៉ិចទ័រ វាយប្រហារ​តំបន់ឆ្នេរភាគ​ខាងលិច​ប្រទេសឥណ្ឌូនេស៊ី អាជ្ញាធរមូលដ្ឋាន​បានអះអាងថា មាន​មនុស្សមួយចំនួន​បានស្លាប់ ប៉ុន្តែគេមិនទាន់ដឹងចំនួនពិតប្រាកដប៉ុន្មានឡើយ។ ក្រុម​សង្គ្រោះកំពុងដុតដៃដុតជើងសង្គ្រោះនៅឡើយ​ ខណៈ​ការប្រកាសអាស​ន្នពីរលកយក្សស៊ូណាមីត្រូវបានដកចេញហើយនៅតំបន់ដែលរងគ្រោះថ្នាក់ខ្លាំង។នេះ​បើយោងតាម​ទីភ្នាក់​ព័ត៌មាន Reuter។
 
អាជ្ញាធរឥណ្ឌូនេស៊ីអះអាងថា មាន​មនុស្ស​មួយចំនួនបានស្លាប់និងរង​របួស​ក្រោយ​រលករញ្ជួ​យបាន​វាយប្រហារ​តំបន់ឆ្នេរភាគខាងលិចប្រទេស​ឥណ្ឌូនេស៊ី​កាលពីម៉ោង​ ៧៖៤៩​នាទីល្ងាច​ថ្ងៃពុធនេះ។ យ៉ាងណាក៏ដោយ ​ដោយសារ​ក្រុមសង្គ្រោះ​កំពុងបំពេញភារកិច្ច គេមិនទាន់អាច​ទទួលបានព័ត៌មានលម្អិតពាក់ព័ន្ធចំនួន​អ្នកស្លាប់និងរបួស រួមទាំង​ការខូចខាតអ្វីឡើយ។​​

យោងតាម​របាយការណ៍ស្ថាប័នភូគព្ភសាស្ត្រអាមេរិក រលក​រញ្ជួយ​នេះ​មានកម្រិតរហូតដល់ ៧.៩រ៉ិចទ័រ​ឯណោះ ហើយ​វាកើតឡើង​នៅចម្ងាយប្រហែល៨០៨គីឡូម៉ែត្រ​ភាគនីរតីនៃក្រុង Padang។ ហើយ​ស្របពេល​ដែល​ករណីរញ្ជួយដីកើតឡើង អាជ្ញាធរបាន​ដាក់ចេញ​ការប្រកាស​អាសន្នពីបាតុ​ភួតរលកយក្សស៊ូណាមីត្រូវបានដាក់ចេញនៅ​តំបន់មួយចំនួនក្នុងនោះមានស៊ូម៉ាត្រាខាងលិច ស៊ូម៉ាត្រាខាងជើង និងតំបន់អាឈេ (Aceh) ផង​ដែរ។

លោក Heronimus Guru អនុប្រធាន​នៃ​ទីភ្នាក់ងារសង្គ្រោះ និងរុករកឥណ្ឌូនេស៊ី បានលើកឡើងថា មានមនុស្សស្លាប់ដោយសារ​រញ្ជួយដីនេះ តែលោក​មិនអាចផ្តល់ព័ត៌មានលម្អិតបានឡើយជុំវិញ​ចំនួនអ្នកស្លាប់ឬការខូចខាតនោះ។ តែលោក​ជឿជាក់ថា​ មានការខូចខាតតិច ហើយអ្នកមានគ្រោះ​ថ្នាក់ក៏មិនច្រើនដែរ។ តែ​ក្រុម​របស់លោកកំពុងប្រឈមការលំបាកខ្លាំងដោយសារ​ប្រតិបត្តុុិការធ្វើឡើងទាំងយប់​បែបនេះ។​​

យ៉ាងណាក៏ដោយរលក​រញ្ជួយបានថមថយ ហើយអាជ្ញាធរក៏បានដក​ប្រកាសអាសន្ន​ពី​រលក​យក្សស៊ូណាមីចេញដែរ។ ចំណែក​អូស្ត្រាលីដែល​នៅមិនឆ្ងាយប៉ុន្មាន​ពីឥណ្ឌូនេស៊ីនោះក៏បាន​ដាក់ចេញ​ការប្រកាសអាសន្នសម្រាប់កោះរបស់ខ្លួនផងដែរ ដូចជា កោះ Cocos និងកោះ Christmas ផងដែរ។ ការដាក់ចេញការប្រកាសអាសន្ននេះ​ជាការប្រុងប្រយ័ត្នក្រែង​មានរលក​យក្សស៊ូណាមីកើតមានឡើង​ក្រោយរញ្ជួយដី។

កាលពី​ឆ្នាំ ២០០៤ រលកយក្សស៊ូណាមី​បានវាយប្រហារ ប្រទេសឥណ្ឌូនេស៊ីយ៉ាងដំណំ រហូតបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់​ជីវិតផង ហើយឥណ្ឌូនេស៊ីស្ថិតនៅចំ​ទី​តាំង​ភូមិសាស្ត្រ​ពិសេសដែលប្រឈមមុខជាមួយការរញ្ជួយដីនេះ​ញឹកញាប់ខ្លាំង​។ដូច្នេះហើយ​ឲ្យតែមាន​ករណី​រញ្ជួយដីខ្លាំងកើតឡើង​ គ្រប់គ្នាភ័យខ្លាចនិងបារម្ភថា​មាន​រលកយក្សកើតឡើងបន្តបន្ទាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com