អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បេន ​ខា​សិន ចង់​ចេញពី​ការ​ប្រជែង​ក្នុង​បក្ស​ព្រោះ​គ្មាន​សង្ឃឹម​ឈ្នះ​ដូ​ណា​ល់ ​ត្រាំ​
03, Mar 2016 , 11:19 am        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក បេន ខា​សិន (Ben Carson ) ទំនង​ជាចង់​ចាក​ចេញពី​ការប្រកួតប្រជែង​ក្នុង​បក្ស​ក្រោយ​ការបោះឆ្នោត​ថ្ងៃ​សំខាន់​ថ្ងៃ ១ មីនា ដោយ​ជ័យជម្នះ​បាន​ទៅលើ​សេដ្ឋី​ដូ​ណា​ល់​ត្រាំ​។ លោក​ថា  លោក​មើលមិនឃើញ​ផ្លូវ​ទៅរក​ការតែងតាំង​ពី​បក្ស​ដើម្បី​ទៅ​ប្រជែង​យក​កៅអី​ប្រធានាធិបតី​សោះ​។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
​គ្រូ​ពេទ្យវះកាត់​ចូលនិវត្តន៍​និង​ជា​បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក បេន ខា​សិន អាច​នឹង​ដកខ្លួន​ចេញពី​សង្វៀន​ប្រកួតប្រជែង​ដើម្បី​ឆ្ពោះទៅរក​ការតែងតាំង​តំណាង​បក្ស​នៅពេល​ខាងមុខ​។ អ្នកនយោបាយ​រូបនេះ​បង្ហាញ​អារម្មណ៍​អស់សង្ឃឹម ហើយ​លោក​ក៏​មើលមិនឃើញ​ផ្លូវ​ទៅរក​ជោគជ័យ​ដែរ​។​
 
​បេន ខា​សិន បរា​ជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ប្រកួតប្រជែងរ​ក​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​ថ្ងៃ​អង្គារ Super Tuesday ខណៈដែល​លោក ដូ​ណា​ល់ ត្រាំ ដណ្តើមបាន​ជ័យជម្នះ​ក្នុង​រដ្ឋ​ចំនួន ៧ ក្នុងចំណោម​រដ្ឋ ១១ ដែល​រៀបចំ​ការបោះឆ្នោត​នោះ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ក្រោយ​លទ្ធផល​ចេញ​ជា​ផ្លូវការ​បេក្ខជន​វ័យ ៦៤​ឆ្នាំនេះ មិនបាន​បញ្ជាក់​ត្រង់ៗ​ថា​លោក​បោះបង់​ការប្រកួតប្រជែង​នេះ​ទេ តែ​លោ​កថា​លោក​នឹងមិន​ចូលរួម​ក្នុង​ក្នុង​ការជជែក​ដេញដោល​ក្នុង​បក្ស​នៅ Detroit ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ​។ 
 
​វា​បញ្ជាក់​ច្បាស់​ថា លោក​ប្រហែលជា​នឹងមិន​បន្ត​យុទ្ធនា​ការឃោសនា​នយោបាយ​ទៀត​ទេ​។ ស្របពេល​ជាមួយគ្នា​នោះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​លោក និង​អ្នក​ដែល​បាន​ចំណាយ​កម្លាំងកាយ កម្លាំងចិត្ត និង​ថវិកា​ដើម្បី​ជួយ​ជ្រោមជ្រែង​យុទ្ធនា​ការឃោសនា​របស់​លោក​ផងដែរ​។​
 
​លោក​បញ្ជាក់ថា​៖« ខ្ញុំ​មើលមិនឃើញ​ផ្លូវ​នយោបាយ​ឆ្ពោះទៅមុខ​សោះ បើ​មើល​លទ្ធផល​នៃ​បោះឆ្នោត​ដ៏​ធំ​ថ្ងៃ​អង្គារ​ទី​១​មីនា​នេះ​»​។ តែ​ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​ការគាំទ្រ ជំនួយ​ហិរញ្ញវត្ថុ និង​ការគាំទ្រ​ផ្សេងទៀត​របស់​ប្រជាជន​អាមេរិក​គ្រប់​ទីកន្លែង​»​។​
 
​លោក ខា​សិន ជា​បេក្ខជន​អាមេរិក​ស្បែក​ខ្មៅ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចូលរួម​ក្នុងការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ដើម្បី​ក្លាយជា​អ្នក​ស្នង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ លោក​ក៏បាន​ប្រាប់​ដល់​អ្នកគាំទ្រ​ខ្លួន​ផងដែរ​ថា លោក​នឹង​ជជែក​ពី​អនាគត​នៃ​ការឃោសនា​នយោបាយ​រប​ស់លោក​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​នៅក្នុង​សន្និសីទ​ស្តីពី​សកម្មភាព​នយោបាយ​នៅ​ជិត​ទីក្រុង​វ៉ាស៊ីនតោន​។​
 
​ត្រលប់​មកវិញ វា​ហាក់បីដូចជា​គ្មាន​ឱកាស​ណាមួយ​សម្រាប់​លោក បេន ខា​សិន ក្នុងការ​ដណ្តើម​ជ័យជម្នះ​ក្នុង​បក្ស​ឡើយ​។ លោក​មិន​បានទទួល​សំឡេងគាំទ្រ​ច្រើន​ឡើយ​កន្លងមក ហើយ​បើតាម​លទ្ធផល​បោះឆ្នោត​ថ្ងៃ​អង្គារ លោក​បានទទួល​ត្រឹម​លេខ​រៀង​ទី ៤ ឬ​ទី ៥​ប៉ុណ្ណោះ​នៅក្នុង​បក្ស បើ​និយាយ​ឲ្យ​អាក្រក់​ស្តាប់​គឺ​ចុង​គេ​បង្អស់​។​
 
​តាមពិតទៅ​ថ្ងៃ Super Tuesday ជា​ថ្ងៃ​សំខាន់បំផុត​សម្រាប់​ការ​ប្រជែង​ក្នុង​បក្ស​ព្រោះ  រដ្ឋ​ចំនួន ១២​និង​ទឹកដី​អាមេរិក​ចំនួន​មួយ នាំគ្នា​បោះឆ្នោត​រួមគ្នា ប៉ុន្តែ​នៅ​បក្ស​សាធារណរដ្ឋ​រៀបចំ​ការបោះឆ្នោត​នៅក្នុង​រដ្ឋ​ចំនួន ១១ ប៉ុណ្ណោះ​កាលពី​ថ្ងៃ​អង្គារ ។​វាសំខាន់ក៏ដោយ​សារ​ វាកំណត់​បាន​ថា​តើ​អ្នកណា​អាចមាន​លទ្ធភាព​បន្ត​ការឃោសនា​នយោបាយ និង​ថា​តើ​អ្នកណាខ្លះ​គួរ​ដកខ្លួន​ចេញ​ដើម្បី​ចៀសវាង​ការចំណាយ​ច្រើន​មិនបាន​ប្រយោជន៍​៕

Tag:
 បេន ខាសិន
  Super Tuesday
  ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com