អន្តរជាតិ
នយោបាយអន្តរជាតិ
ទណ្ឌកម្មដ៏ខ្លាំងរបស់ UN ជាលទ្ធផលនៃការចរចាជិតពីរខែរវាងអាមេរិក និងចិន 03, Mar 2016 , 3:14 pm
×
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មដ៏ខ្លាំងមួយប្រឆាំងនឹងកូរ៉េខាងជើង ដែលបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែននិងបាញ់រ៉ុក្កែតទៅលំហអាកាស។ ទណ្ឌកម្មនេះត្រូវបានព្រាងដោយអាមេរិកនិងចិន ហើយវានឹងដាក់សម្ពាធកាន់តែខ្លាំងបន្ថែមទៀតលើក្រុងព្យុងយ៉ាងឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ទីបំផុតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មីមួយទៀតលើកូរ៉េខាងជើងដែលសាកល្បងគ្រាប់បែកអ៊ីដ្រូសែននិងបាញ់រ៉ុក្កែតបន្តបន្ទាប់គ្នា។ នៅថ្ងៃពុធទី២ ខែមីនា សមាជិកទាំង១៥នៃក្រុមប្រឹក្សានេះបានឯកភាពគ្នាជាឯកច្ឆន្ទលើសេចក្ដីសម្រេចនេះ ដែលត្រូវបានព្រាងដោយអាមេរិក ក្រោយពេលចរចាជាមួយចិនដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង។
ចិននិងអាមេរិកបានបង្ហាញជំហរដូចគ្នាចំពោះសកម្មភាពផ្គើនម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើងនារយៈពេលចុងក្រោយនេះ។ កាលពីខែមុន កិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃេរី បានប្រព្រឹត្តដោយរលូនដើម្បីដាក់សម្ពាធកាន់តែខ្លាំងទៅលើរបបផ្តាច់ការកូរ៉េខាងជើងឲ្យបោះបង់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាមេរិកនិងចិនបានចរចាគ្នាអស់ជិតពីរខែ ដើម្បីសម្រេចបានដំណោះស្រាយដ៏ធ្ងន់នេះ។
សេចក្ដីសម្រេចដាក់ទណ្ឌកម្មដែលមាន៥២ចំណុចនេះ មិនដែលមានពីមុនមកទេ។ វា តម្រូវឲ្យមានការត្រួតពិនិត្យលើទំនិញទាំងអស់ដែលនាំចេញនិងនាំចូលពីកូរ៉េខាងជើង មិនថាធ្វើតាមផ្លូវអាកាសឬសមុទ្រនោះទេ ខណៈសេចក្ដីសម្រេចលើកមុនតម្រូវឲ្យត្រួតពិនិត្យការដឹកជញ្ជូន ប្រសិនបើសង្ស័យថា មានដឹកឥវ៉ាន់ខុសច្បាប់ប៉ុណ្ណោះ។
សេចក្ដីសម្រេចលើកនេះក៏បានកំណត់ពីការហាមឃាត់ការនាំចេញធ្យូងថ្ម ដែក មាស និងរ៉ែមានតម្លៃដទៃទៀត ពីកូរ៉េខាងជើងផងដែរ ដែលនេះគឺសំដៅដល់ការកាត់ផ្ដាច់ធនធានហិរញ្ញវត្ថុរបស់ទីក្រុងព្យុងយ៉ាង។ របបដឹកនាំក្រុងព្យុងយ៉ាង ទទួលបានចំណូលជាច្រើនលានដុល្លារ ពីការនាំចេញភោគផលរ៉ែទាំងនេះ ដែលត្រូវប្រើសម្រាប់ការចំណាយរបស់ខ្លួន។
ក្រៅពីនោះ ក្រុមប្រឹក្សាសន្តិសុខក៏រឹតបន្តឹងការធ្វើពាណិជ្ជកម្មអាវុធ ជាពិសេសអាវុធធុនស្រាល និងបានអនុញ្ញាតឲ្យឃាត់កប៉ាល់ដែលសង្ស័យថា មានដឹកទំនិញខុសច្បាប់ទៅកូរ៉េខាងជើង។ សូម្បីនាឡិកាទំនើប និងសម្ភារៈកីឡាក៏ត្រូវបានហាមឃាត់ចូលទៅកូរ៉េខាងជើងផងដែរ ដែលការហាមឃាត់នេះសំដៅដល់ក្រុមមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង។
ជាមួយគ្នានេះ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានសិទ្ធិបណ្ដេញអ្នកការទូតកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងការរត់ពន្ធអាវុធខុសច្បាប់ដែរ។
ការដាក់ទណ្ឌកម្មនេះ គឺជាការឆ្លើយតបនឹងសកម្មភាពរបស់កូរ៉េខាងជើងដែលសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅខែមករានិងបាញ់រ៉ុក្កែតនៅខែកុម្ភៈ។ សហគមន៍អន្តរជាតិចាត់ទុកអំពើនេះជាការល្មើសនឹងបម្រាមសេចក្ដីសម្រេចលើកមុនៗដែលដាក់លើទីក្រុងព្យុងយ៉ាងពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចិនជាមិត្តដ៏ជិតស្និទ្ធរបស់កូរ៉េខាងជើង ក៏សុខចិត្តគាំទ្រអាមេរិក ដើម្បីបង្ខំឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរ៕
Tag:
UN
កូរ៉េខាងជើង
ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com