ជាតិ
អន្តរជាតិ
​មនុស្ស​២,៥​ពាន់​លាន​នាក់​ប្រឈម​គ្រោះ​ទុ​រ​ភិក្ស និង​ភាពក្រីក្រ បើ​គ្មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​
04, Mar 2016 , 8:19 am        
រូបភាព
ដោយ: រួបរួម
 
​ជនជាតិភាគតិច និង​សហគមន៍​មូលដ្ឋាន​ការពារ​ដី​ពាក់កណ្តាល​នៃ​ពិភពលោក ប៉ុន្តែ​ធាតុពិត​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រង​តែ​ក្នុង​រង្វង់​១០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សម្ព័ន្ធ​សកល​នៃ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​។​
 
​របាយការណ៍​ដែលមាន​ឈ្មោះថា «​ដី​រួម​៖ ការធានា​សិទ្ធិ​ដីធ្លី និង​ការការពារ​ផែនដី​» (Common Ground: Securing Land and Safeguarding the Earth» ត្រូវបាន​ចេញផ្សាយ​ដោយ​សម្ព័ន្ធ​ដីធ្លី​អន្តរជាតិ (ILC) អង្គការ Oxfam និង​វិទ្យាស្ថាន​ផ្តួចផ្តើម​សិទ្ធិ និង​ធនធាន (RRI) ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ និង​សហគមន៍​ជាង​៣០០​នៅលើ​ពិភពលោក​។ 
 
​ជាមួយគ្នានេះ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​មួយ​ដែលមាន​ឈ្មោះថា «Land Rights Now» ដើម្បី​ទាមទារ​ឲ្យ​ជនជាតិភាគតិច និង​សហគមន៍​មូលដ្ឋាន​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ដី​របស់ខ្លួន​កើនឡើង​ទ្វេដង​នៅមុន​ឆ្នាំ​២០២០ ។​
 
​លោក Mike Taylor នាយក​អង្គការ ILC បាន​កត់សម្គាល់ថា​៖ «​មនុស្ស​រាប់ពាន់​លាន​នាក់​ទូទាំង​ពិភពលោក ពឹងផ្អែក​លើដី​ធ្លី​ក្នុងការ​រស់នៅ ប្រសិនបើ​យើង​មិន​ប្រយុទ្ធ​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​ដ៏​សំខាន់ៗ​។ យើង​ត្រូវ​យកចិត្តទុកដាក់​ពួកគេ វប្បធម៌​ពួកគេ និង​បរិស្ថាន​ជុំវិញ​។ ជីវិត​របស់​ពួកគេ​ពឹងផ្អែក​ទៅលើ​ដី​សហគមន៍​ផ្ទាល់ខ្លួន​»​។​
 
​អ្នកស្រី Winnie Byanyima នាយិកា​ប្រតិបត្តិ​អង្គការ​អុក​ស្វា​ម​អន្តរជាតិ បាន​និយាយថា​៖ «​អុក​ស្វា​ម​ឈរ​ជាមួយ​ពលរដ្ឋ ២,៥​ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក​ដែល​ពឹងផ្អែក​លើដី​សហគមន៍​ដើម្បី​ការរស់រានមានជីវិត សុវត្ថិភាព និង​អត្តសញ្ញាណ​វប្បធម៌​»​។​
 
​របាយការណ៍​បានលើកឡើង​ពី​តម្រូវ​ធំៗ​៤​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ត្រូវការ​ដី​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ក្នុងនោះ​មាន ការប្រយុទ្ធ​នឹង​ភាពក្រីក្រ និង​គ្រោះ​អត់ឃ្លាន ការលើកកម្ពស់​សមភា​ព​យេនឌ័រ ការទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ និង​ការចៀសវាង​ទំនាស់​ផ្នែក​អាជីវកម្ម​។​
 
​ប្រទេស​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ  «Land Rights Now»​មានដូចជា អ៊ីតាលី ហូ​ឡង់ កា​មេ​រូ​ន កេ​ន​យ៉ា ស្រីលង្កា កម្ពុជា និង​ប៉េ​រូ ជាដើម​។ ព័ត៌មាន​លំអិត សូម​ចូលទៅ​កាន់  www.landrightsnow.org ។

Tag:
 ​ភាពក្រីក្រ​
  ទុ​រ​ភិក្ស​
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com