អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិក ឥណ្ឌា និងជប៉ុនត្រៀមធ្វើសមយុទ្ធយោធានៅក្បែរសមុទ្រចិនខាងត្បូង 04, Mar 2016 , 9:19 am
× យោធាអាមេរិកថា ខ្លួននិងប្រទេសពីរទៀតគឺជប៉ុននិងឥណ្ឌាគ្រោងនឹងធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នានៅដែនសមុទ្រហ្វីលីពីន ដែលជាប់នឹងសមុទ្រចិនខាងត្បូងដែលកំពុងតែមានជម្លោះ។ ហើយវាច្បាស់ណាស់ថា សមយុទ្ធនេះនឹងធ្វើឲ្យបញ្ហាសមុទ្រចិនខាងត្បូងកាន់តែឡើងកម្ដៅថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
កងទ័ពជើងទឹកមកបីប្រទេសគឺ អាមេរិក ឥណ្ឌា និងជប៉ុន នឹងធ្វើសមយុទ្ធរួមគ្នានៅដែនទឹកភាគខាងជើងប្រទេសហ្វីលីពីន ដែលនៅក្បែរសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការប្រកាសរបស់យោធាអាមេរិក ដែលធ្វើឡើងតែមួយថ្ងៃក្រោយពេលក្រុងវ៉ាស៊ីនតោន ព្រមានពីលទ្ធផលដែលទីក្រុងប៉េកាំងធ្វើយោធូបនីយកម្មនៅតំបន់សមុទ្រចិនខាងត្បូង។
កាលពីឆ្នាំមុន អាមេរិកនិងឥណ្ឌា ដែលតែងតែធ្វើសមយុទ្ធជើងទឹករួមគ្នានៅសមុទ្របេងកាល់ (Bengal) បានបញ្ចូលជប៉ុនមកចូលរួមក្នុងសមយុទ្ធរួមគ្នានេះ។ ការហៅជប៉ុនមកធ្វើសមយុទ្ធរួមគ្នានេះ គឺជាការឆ្លើយតបនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
មេបញ្ជាការកងទ័ពទឹកអាមេរិកប្រចាំប៉ាស៊ីហ្វិកលោក Harry B. Harris បានបញ្ជាក់ពីព័ត៌មាននេះដោយលើកឡើងពីទីតាំងសមយុទ្ធ និងវត្តមានរបស់ជប៉ុន ខណៈលោកចូលរួមក្នុងសន្និសីទសន្តិសុខក្នុងទីក្រុងញូវដែលី។ ឆ្លៀតពេលនោះ លោកក៏រិះគន់ចិនជាប្រយោល ដោយបាននិយាយថា សេរីភាពដែនសមុទ្រគឺជាសិទ្ធិមូលដ្ឋានរបស់ប្រទេសទាំងអស់។
លើសពីនេះ មេបញ្ជាការរូបនេះក៏បានបង្ហាញបំណងពង្រីកសមយុទ្ធរួមគ្នាជាមួយឥណ្ឌាដែលតែងធ្វើជារៀងរាល់ឆ្នាំ ទៅជាប្រតិបត្តិការរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើដូច្នេះមានន័យថា អាមេរិកកំពុងតែអូសទាញឥណ្ឌាឲ្យចូលពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។
ជម្លោះដែនសមុទ្រចិនខាងត្បូង កាន់តែតានតឹងនៅរយៈពេលចុងក្រោយនេះ ជាពិសេសការចូលរួមរបស់អាមេរិកនិងប្រទេសមួយចំនួនទៀត។ អាមេរិកបានប្រឆាំងនឹងសកម្មភាពរបស់ចិនដូចជាការពង្រីកដីកោះនៅតំបន់ជម្លោះ ហើយថ្មីនេះទៀតសោត ចិនថែមទាំងបញ្ជូនកាំជ្រួចទៅតំបន់នោះទៅទៀត។ អាមេរិកនិងឥណ្ឌា ថែមទាំងរៀបចំផែនការល្បាតរួមគ្នាទៀតផង ហើយបើមន្ត្រីអាមេរិក ការល្បាតនេះក៏ទំនងជាធ្វើនៅដែនសមុទ្រចិនខាងត្បូងផងដែរ។
យ៉ាងណាមិញ ទាំងអាមេរិកនិងទាំងឥណ្ឌា បានរំលឹកម្ដងទៀតថាការល្បាតរួមគ្នានេះ មិនមែនធ្វើឆាប់ៗនេះទេ ដ្បិតចិនបានប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ។ ចិនបានព្រមានថា ការចូលមកពាក់ព័ន្ធរបស់ប្រទេសខាងក្រៅតំបន់ នឹងប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខ។ ជាមួយគ្នានេះដែរ លោក Harris បន្ថែមថា វាគឺអាស្រ័យលើមេដឹកនាំប្រទេសទាំងពីរជាអ្នកសម្រេចចិត្តពីការល្បាតរួមគ្នានេះ៕
Tag:
អាមេរិក
ឥណ្ឌា
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com