ពីនេះ ពីនោះ
តើ​ពាក្យ​«​ពិពិធ​កម្ម​» មានន័យ​បែបណា​?
16, Jun 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ពិពិធ​កម្ម​» នៅក្នុង​វិស័យសេដ្ឋកិច្ច ជំនួញ ទេសចរណ៍ ជាដើម​គេ​ឧស្សាហ៍​និយាយ​។ ជា​សព្ទ​បច្ចេកទេស​ផង ពាក្យ​នេះ ភាគច្រើន​មានតែ​អ្នក​ដែលមាន​ការយល់ដឹង​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ទេ ទើប​អាចនិយាយបាន ចំណែក​អ្នក​សាមញ្ញ​សូម្បីតែ​អត្ថន័យ​មានន័យ​បែបណា ក៏​មិន​ដឹងផង​។​


​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា «​ពិពិធ​កម្ម​» គឺ​មកពី​ពាក្យ​ពីរ គឺ​ពាក្យ វិវិធ និង​ពាក្យ ពិពិធ ដែល​ពាក្យ​ទាំងពីរ​នេះ​មាន​អត្ថន័យ​ដូចគ្នា​។ ពាក្យ​«​ពិពិធ​» មាន​ថ្នាក់​ពាក្យ​ជា​(​គុ​) មានន័យថា ផ្សេងៗ​គ្នា​, ច្រើនបែប​, ច្រើនយ៉ាងៈ ពិពិធសម្បត្តិ គឺ​សម្បត្តិ​ច្រើនយ៉ាង​។ ពិពិធភណ្ឌ មានន័យថា ភណ្ឌៈ​ផ្សេងៗ​, របស់​ច្រើនយ៉ាង​, ច្រើន​មុខ​។

​ប៉ុន្តែ​នៅពេលដែល​សរសេរថា ពិពិធ​កម្ម ពាក្យ​នេះ​ក្លាយជា​កិរិយាសព្ទ ដែល​មានន័យថា ធ្វើ​ឲ្យ​មាន​ចម្រុះ​កម្ម ឲ្យ​សម្បូរបែប ជាដើម​។ ឧទាហរណ៍​៖ ពិពិធ​កម្មវិស័យ​ទេសចរណ៍ មានន័យថា​ពង្រីក ឬ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឲ្យ​មាន​សកម្មភាព​ច្រើន​បំផុត មាន​ចម្រុះ​ផ្នែក​ទេសចរណ៍​៖ ដូចជា ប្រាសាទបុរាណ អេកូទេសចរណ៍ តំបន់​ទេសចរណ៍​សប្ប​និម្មិត ភ្នំ ជ្រោះ ព្រៃ កែច្នៃ​យ៉ាងណា​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សម្បូរ​បែប​។​

​ពិពិធ​កម្មវិស័យ​ពាណិជ្ជកម្ម មានន័យថា ធ្វើ​ឲ្យ​មាន​ចម្រុះ​កម្ម​ផ្នែក​ពាណិជ្ជកម្ម មាន​ទាំង​ខ្នាតតូច ខ្នាត​ធំ និង​ទិញដូរ​គ្រប់​ប្រភេទ​។​

​ពិពិធ​កម្មវិស័យ​កសិកម្ម មានន័យថា ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​មាន​ចម្រុះ​ផល គឺ​មិនមែន​ផ្ដោត​តែ​លើ​ស្រូវ​អង្គរ ប៉ុន្តែ​ត្រូវ​ជម្រុញ​ឲ្យ​មាន​ការដាំដុះ​ដំនាំ​គ្រប់​ប្រភេទ​៕


© រក្សាសិទ្ធិដោយ thmeythmey.com