ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ​«​សិក្ខាសាលា​, សន្និសីទ​, វេទិកា​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​»?
01, Dec 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ចូលរួម​កម្មវិធី​សិក្ខាសាលា​, គេ​ធ្វើ​សន្និសីទ​, ចូលរួម​វេទិកាសាធារណៈ គឺជា​ពាក្យ​ដែល​គេ​ប្រើ​ជា​ញឹកញាប់ ក្នុងចំណោម បញ្ញវន្ត អ្នកសិក្សា បណ្ដា​អង្គការ ស្ថាប័នរដ្ឋ ឯកជន​។ ប៉ុន្តែ​តើ​ពាក្យ​ថា​«​សិក្ខាសាលា​, សន្និសីទ​, វេទិកា »​មាន​អត្ថន័យ​ខុសគ្នា​ដូចម្ដេច​?


​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​និយមន័យ​ពាក្យ​ទាំងបី​នេះ​ដូចខាងក្រោម​៖

​ពាក្យ​«​សិក្ខាសាលា​» ផ្ដើម​ដោយ​ពាក្យ​ថា «​សិក្ខា​» មានន័យថា ការសិក្សា​គឺ ការរៀនសូត្រ​, ការរៀន​ទន្ទេញ​, ការសូត្រ​រៀនៈ ការ​ហ្វឹក​, ហាត់ ជាដើម​។ សិក្ខាកាម មានន័យថា អ្នក​ដែល​ពេញចិត្ត​កាន់​តាម​សិក្ខា​, អ្នក​ស្រឡាញ់​ការសិក្សា​។  ប៉ុន្តែ​«​សិក្ខាសាលា​» ត្រូវបាន​គេ​ឲ្យ​អត្ថន័យ​ថា ជា​សិក្សា​ទៅលើ​បញ្ហា​អ្វីមួយ ដោយមាន​អ្នក​ឧទ្ទេសនាម ឬ​វាគ្មិន អ្នកជំនាញ​ជា​អ្នកធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​នីមួយៗ ឬ​បង្រៀន ចែករំលែក​ចំណេះដឹង​។ ឧទាហរណ៍​៖ ខ្ញុំ​ចូលរួម​សិក្ខាសាលា ដែល​រៀបចំឡើង​ដោយ​អង្គការ​មួយ លើ​ប្រធានបទ «​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​»​។

​ចំណែក​ពាក្យ «​សន្និសីទ​» បើតាម​បាលី គឺ​មានន័យ​ដូចគ្នា​នឹង​ពាក្យ សន្និស័ទ ដែរ ប៉ុន្តែ​សព្វថ្ងៃនេះ​ខ្មែរ​ប្រើពាក្យ​នេះ​សំដៅយក​ការប្រជុំ​គ្នា ជជែក​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ ដែល​ឋិត​នៅក្នុង​សភាព​ស្មុគស្មាញ មិនទាន់​ដាច់ស្រេច ដើម្បី​រិះរក​ផ្លូវ​ចេញ​ឬ​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ​,  ការ​ថ្លែង​សេចក្ដីពន្យល់​អំពី​បញ្ហា​ផ្សេងៗ​ដល់​សាធារណជន​។ ឧទាហរណ៍​ធ្វើ​សន្និសីទ​, ស្ដាប់​សន្និសីទ​។

​រីឯ​ពាក្យ​ថា «​វេទិកា​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ភ្នាក់ដៃ​, បង្កាន់ដៃ​, ក្ដារ​ហ៊ឹង​, ជើងម៉ា សម្រាប់​អង្គុយ​, ថ្នាក់ខ្ពស់​គឺ​ថ្នាក់​ដែល​គេ​លើក​តម្កល់​ឲ្យ​ខ្ពស់ជាង​ទី​ម្ខាង (​សម្រាប់​អង្គុយ​មើល​មហោស្រព​ជាដើម ដើម្បី​ឲ្យ​ស្រឡះភ្នែក​) ឬ​កន្លែង​ខ្ពស់​ដាច់ដោយឡែក​ពី​ទី​អង្គុយ ធម្មតា​សម្រាប់​វាយ​គ្មិ​ន ថ្លែងសេចក្ដី​ក្នុង​សន្និបាត​ផ្សេងៗ ដូច​យ៉ាង​វេទិកា​នៅ​រដ្ឋសភា​ជាដើម​។ ពាក្យ​នេះ ក៏​ប្រើ​សំដៅយក​ខ្ទង់ ឬ​ទំព័រសារព័ត៌មាន ដែល​គេ​បើក​សម្រាប់​ឲ្យ​មហាជន​សរសេរ​អត្ថបទ​ផ្សេងៗ​ផ្ញើ​ទៅ​ចុះផ្សាយ​ដើម្បី​បញ្ចេញយោបល់​របស់ខ្លួន​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com