ជាតិ
ពីនេះ ពីនោះ
«តំណាល» និង «ដំណាល» មានន័យខុសគ្នា
26, Dec 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ដោយមិនបានចាប់អារម្មណ៍ មនុស្សមួយចំនួនបានសរសេរពាក្យ «តំណាល» និង «ដំណាល» ច្របូកច្របល់គ្នាទៅវិញទៅមក។ តែបើតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងពីរ មានន័យខុសគ្នា។


«តំណាល» មានន័យថា និយាយបូរបាច់, ប្រាប់, ថ្លែង, ពោល ពណ៌នា នូវរឿង, ហេតុ, ដំណើរ អ្វីមួយ ដែលកន្លងហួសទៅយូរហើយ ឲ្យគេស្ដាប់។ ឧទាហរណ៍៖  ជីតាខ្ញុំបានតំណាលថា កាលជំនាន់គាត់ពីក្មេង ក្នុងប្រទេសខ្មែរយើង ស្រូវ ៨០ ថាំងរាយថ្លៃមួយណែន (១៦រៀល), ប៉ុន្តែកាលក្នុងជំនាន់នោះក្រប្រាក់ណាស់, ខ្ញុំចេះរឿងនេះដោយសារចាស់ៗតំណាលប្រាប់ ។

ពាក្យ «តំណាល» ដដែលនេះ ក៏ជា នាមសព្ទ និងគុណសព្ទ ផងដែរ ដោយសំដៅលើរឿងក្នុងសម័យបុរាណព្រេងនាយ, រឿងដែលគេបានដឹងដោយសារចាស់ទុំនិយាយប្រាប់តៗគ្នាមក។  ច្រើនប្រើផ្សំជាមួយនឹងពាក្យ រឿង៖ រឿងតំណាល រឿងបរម្បរា ។

រីឯពាក្យ «ដំណាល» វិញ មានន័យថា ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្មើកាលគ្នា។ ឧទាហរណ៍៖ អ្នកនឹងខ្ញុំយើងកើតឆ្នាំដំណាលគ្នា; ចេញទៅក្នុងពេលដំណាលគ្នា ។

ជាកិរិយាវិសេសន៍ «ដំណាល» មានន័យថា ព្រមគ្នា, ជាមួយគ្នា។ ទៅដំណាលគ្នា, មកដល់ដំណាលគ្នា ៕

© រក្សាសិទ្ធិដោយ thmeythmey.com