ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺ​រលាក​សួត​លើ​កុមារ​ទើបតែ​ចេះ​ដើរ​តេសតាស​
31, May 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សួត​លើ​កុមារ​តូចៗ ជាពិសេស​កុមារ​ដែល​ទើបតែ​ចេះ​ដើរ​តេសតាស​គឺជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ឪពុកម្តាយ​ភាគច្រើន​ព្រួយបារម្ភ​។ យ៉ាងណាមិញ កុមារ​ដែលមាន​សុខ​ភាពល្អ​ច្រើនតែ​ស្រួលបួល​មកវិញ​តាមរយៈ​ការព្យាបាល​ពី​គ្រូពេទ្យ ហើយក៏​គ្មាន​ផលវិបាក​នៃ​ជំងឺ​នេះ​ផងដែរ​។ បើ​យោងទៅតាម​មេរោគ​ដែល​ធ្វើ​ឲ្យ​កើតជា​ជំងឺ​នេះ វា​អាចធ្វើ​ឲ្យ​កុមារ​មិនមាន​ផាសុកភាព​ក្នុង​ខ្លួន​ច្រើន ព្រមទាំង​មាន​រយៈពេល​រហូទដល់​ពីរ​សប្តាហ៍​ឯណោះ​។​


​ជំងឺ​រលាក​សួត​ត្រូវបាន​គេ​ចែកជា​ពីរ​គឺ បង្កឡើង​ដោយ​បាក់តេរី និង​វីរុស​។ ករណី​ដែល​ជំងឺ​នេះ​បង្កឡើង​ដោយ​បាក់តេរី កុមារ​នឹងមាន​អាកា​រៈ​ភ្លាមៗ​ដូចជា ពិបាក​ដកដង្ហើម ក្តៅខ្លួន​ខ្លាំង និង​ក្អក​។ កុមារ​អាច​នឹងមិន​ចង់​ញ៉ាំ​អ្វី​ទាំងអស់ និង​ឈឺធ្ងន់ធ្ងរ​។ គេ​ក៏​ពិបាក​នឹង​ដកដង្ហើម ឬ​ដកដង្ហើម​ញ៉ាប់​ដែរ​។ ករណីខ្លះ អ្នក​អាច​នឹង​មើលឃើញ​ក្រចក​គេ​ឡើង​ពណ៌​ស្វាយ និង​ជីពចរ​ដើរ​ញ៉ាប់​។ ចំពោះ​ការ​ក្អក​វិញ អាច​នឹងមាន​រយៈពេល​ពី ៣ ទៅ​៤​សប្តាហ៍ ហើយ​ពេលខ្លះ​អាចមាន​កំហាក់​ជា​ឈាម​តិចៗ​ទៀតផង​។ អាកា​រៈ​ផ្សេងៗ​ទៀត​មានដូចជា ឡើង​កន្ទួល​លើ​ស្បែក ឈឺ​សាច់ដុំ ដកដង្ហើម​លឺ​សូរដូច​ហួច និង​មាន​ស្នាម​ប្រេះ​លើ​ទ្រូង គ្រុន ឈឺទ្រូង ហើម​កូនកណ្តុរ និង​រាករូស​។​

​ករណី​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​វិញ គឺ​ចាប់​ផ្តើមចេញពី​មាន​អាកា​រៈ​ដូចគ្នា​នឹង​ផ្តាសាយ ប៉ុន្តែ​អាកា​រៈ​ជំងឺ​នេះ​មានការ​វិត្ត​យឺត​។ គេ​អាច​នឹងមាន​អាកា​រៈ​ក្តៅខ្លួន​ស្ទិញ ដកដង្ហើម​ញ៉ាប់ ក្អក ក្អួត សម្លេង​ស្អក ខ្សោយ រាករូស ឬ​ក្អក​កាន់តែខ្លាំង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ចូរ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ភ្លាម​បើសិនជា​គេ​ចេញ​ជា​អាកា​រៈ​ជំងឺ​រលាក​សួត​ដូចខាងក្រោម​នេះ​៖
•    លឺ​សម្លេង​ខ្លាំង​ក្នុងពេល​គេ​ដកដង្ហើម​
•    មុខ ឬ​បបូរមាត់​ទៅជា​ស្វាយ (​ជា​សញ្ញា​ដែល​ត្រូវ​សង្គ្រោះបន្ទាន់​)
•    ដកដង្ហើម​ញ៉ាប់​ខ្លាំង ឬ​ពិបាក​ដកដង្ហើម​
•    ជំងឺ​រលាក​សួត​អាច​កំណត់​រោគវិនិច្ឆ័យ​បាន​តាមរយៈ​ការពិនិត្យ​លើ​រោគសញ្ញា ពិនិត្យ​រាងកាយ និង​ការថត​កាំរស្មីអ៊ិច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com