ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សា​នៅ​ហូ​ឡង់​៖ មនុស្ស​ស្រី​អាយុ​វែង​បំផុត​ដល់​១១៥,៧​ឆ្នាំ ឯ​ប្រុស​ដល់​១១៤,១​ឆ្នាំ​
30, May 2021 , 7:00 pm        
រូបភាព
ដោយ: ធីតា
 បើទោះបីជា​វិស័យ​វេជ្ជសាស្ត្រ​រីកចម្រើន​ក៏ដោយ ប៉ុន្តែ​ការស្លាប់​ដ៏​ឆាប់រហ័ស​របស់​មនុស្ស​មិនមាន​ការប្រែប្រួល​នោះឡើយ​នា​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្រុម​អ្នកស្រាវជ្រាវ​ហូ​ឡង់ តាមរយៈ​ការសិក្សា​មួយ​ស្តីពី​អាយុកាល​របស់​មនុស្ស​ដែលមាន​ឈ្មោះថា «​ពិ​ដាន​កញ្ចក់​» រកឃើញថា ជីវិត​មនុស្ស​ស្រី​វែង​បំផុត​អាច​ដល់​១១៥,៧​ឆ្នាំ រីឯ​មនុស្ស​ប្រុស​ដល់​១១៤,១​ឆ្នាំ​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Tilburg និង Rotterdam របស់​ហូ​ឡង់ បានធ្វើការ​សិក្សា​លើ​ជនជាតិ​ហូ​ឡង់​ប្រមាណ​៧៥ ០០០​នាក់ នា​រយៈពេល​៣​ទសវត្សរ៍​ចុងក្រោយ​នេះ ទៅលើ​ថ្ងៃ​ដែល​ពួកគាត់​បានកើត រហូតដល់​ថ្ងៃ​ទទួលមរណភាព​។​
 
​អ្នកស្រាវជ្រាវ​ម្នាក់ បាន​រៀបរាប់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ជា​មធ្យម យើង​អាច​រស់​បានយូរ ប៉ុន្តែ​អាយុកាល​ដ៏​វែង​បំផុត​មិនមាន​ការប្រែប្រួល​នោះឡើយ​នា​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​»​។ លោក​បាន​បន្ថែមថា​៖ «​យើង​មិនអាច​ប្រជែង​ជាមួយ​ពិ​ដាន​បាន​នោះឡើយ បើទោះបីជា​អាយុកាល​មធ្យម កើនឡើង​ក៏ដោយ​»​។​
 
​អ្នកស្រាវជ្រាវ​រូបនោះ បាន​អះអាងថា ចំនួន​មនុស្ស​ដែល​ឈានដល់​អាយុ​៩៥​ឆ្នាំ​នៅ​ហូ​ឡង់ មាន​កំណើន​គុណ​ជា​បី ប៉ុន្តែ​អាយុកាល​ដ៏​វែង​បំផុត​មិនមាន​ការប្រែប្រួល​នោះឡើយ ពោលគឺ​អាច​ដល់​១១៥,៧​ឆ្នាំ​សម្រាប់​ស្ត្រី និង ១១៤,១​ឆ្នាំ​សម្រាប់​បុរស​។​
 
​ការសិក្សា​របស់​ហូ​ឡង់ ក៏​ទទួលបាន​លទ្ធផល​ស្រដៀង​គ្នា​នឹង​ការសិក្សា​មួយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ​២០១៦ កន្លងមក​ផងដែរ​។ 
 
​ក្រុម​អ្នកស្រាវជ្រាវ​ហូ​ឡង់ បាន​លើក​ផងដែរ​ថា អ្នក​ដែលមាន​អាយុ​លើសពី​ការរកឃើញ​របស់ខ្លួន ត្រូវ​ចូលក្នុង​កំណត់ត្រា​ពិភពលោក​។ បច្ចុប្បន្ន អាយុកាល​ដែល​វែង​បំផុត និង​មានការ​បញ្ជាក់​ថ្ងៃកំណើត​ត្រឹមត្រូវ​នោះ បាន​ទៅលើ​លោកយាយ​ជនជាតិ​បារាំង​ឈ្មោះ Jeanne Calment ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ​១៩៩៧​ក្នុង​អាយុ​១២២​ឆ្នាំ និង​១៦៤​ថ្ងៃ​៕
 
 

Tag:
 អាយុកាល
© រក្សាសិទ្ធិដោយ thmeythmey.com