ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អស្ចារ្យ​ដែល​ឪពុកម្តាយ​គួរតែ​ឲ្យ​កូនតូច​ទើប​ចេះ​ដើរ​រៀន​ញ៉ាំ​
26, Sep 2022 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ការចិញ្ចឹម​កូន​អាច​ចាត់ទុកថា​ជា​រឿង​ពិបាក​ក៏បាន និង​ស្រួល​ក៏បាន ប៉ុន្តែ​បើ​យើង​សួរ​ទៅ​ឪពុកម្តាយ​ភាគច្រើន​ទាក់ទង​អំពី​រឿងនេះ គឺ​៩៩​ភាគរយ​ហើយ​ដែល​និយាយថា ការចិញ្ចឹម​កូន​ដោយ​ខ្លួនឯង​គឺជា​រឿង​ពិបាក​ខ្លាំងណាស់​ទម្រាំ​ពួកគេ​ធំ ហើយ​អាច​មើលថែ​ខ្លួនឯងបាន​។ យ៉ាងណាមិញ នៅ​ពីក្រោយ​ការ​ធំធាត់​របស់​កូន វា​គួរតែ​មានរឿង​សំខាន់​មួយ​ដែល​ឪពុកម្តាយ​ខានមិនបាន នោះ​គឺ​របប​អាហារ​ដែល​ត្រឹមត្រូវ​ដែល​ផ្តល់​ឲ្យ​កូន ដើម្បី​ពួកគេ​អាច​លូតលាស់​រាងកាយ និង​ធំធាត់​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។ ដូច្នេះ​តើ​អ្នក​គួរតែ​ជ្រើសរើស​អាហារ​អ្វីខ្លះ​ដល់​ពួកគេ​ទៅ​នៅពេលដែល​ពួកគេ​បាន​ឈានដល់​វ័យ​មួយ​ដែល​អាច​ញ៉ាំ​អាហារ​បន្ថែម​ក្រៅ​បាន (​ចាប់ពី​៦​ខែ​ឡើងទៅ​)?


​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​អស្ចារ្យ​មួយចំនួន​ដែល​វា​ល្អ​សម្រាប់​កូនតូចៗ ជាពិសេស​ក្មេង​ដែល​ទើបតែ​ចេះ​ដើរ​តេសតាស​រៀន​ញ៉ាំ​៖

​ស៊ុត​
​ស៊ុត​ផ្តល់នូវ​ជាតិ​ប្រូតេអ៊ីន ហើយក៏​ជា​អា​ឆ​ហារ​មួយ​ដែលមាន​វីតាមីន D ពី​ធម្មជាតិ​ដែល​អាចជួយ​ឲ្យ​រាងកាយ​បឺត​ស្រូប​ជាតិ​កាលស្យូម​ពី​ចំណីអាហារ​ផ្សេងទៀត​ដេរ​។ ការ​ញ៉ាំ​ប្រូតេអ៊ីន​ជា​អាហារ​ពេលព្រឹក​នឹង​ជួយ​ឲ្យ​កូន​ឆ្អែត​បានយូរ​។​

​ផ្លែឈើ​
​រាល់​ផ្លែឈើ​ទាំងអស់​សុទ្ធតែ​ល្អ​ចំពោះ​កូន ព្រោះ​វា​ផ្តល់នូវ​ជីវជាតិ និង​វីតាមីន​សំខាន់ៗ​។ ផ្លែឈើ​ក៏មាន​ជាតិ​សរសៃ​ច្រើន​ដែរ​។ ដើម្បី​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់ ចូរ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ច្រើន​ប្រភេទ​ដូចជា បឺ​រី គី​វី និង​ក្រូច​ជាដើម​។​

​គ្រាប់​ធញ្ញជាតិ​
​គ្រាប់​ធញ្ញជាតិ​ជា​អ្នកបង្កើត​នូវ​ខ្លាញ់​ផ្តល់​សុខភាព ដែល​រាងកាយ​ក្មេង​ត្រូវការ​ដើម្បី​លូតលាស់ និង​ធំធាត់ ព្រមទាំង​ផ្តល់​សុខភាព​ដល់​បេះដូង​គេ​ទៀតផង​។ ការទទួលបាន​ខ្លាញ់​ល្អ​បែបនេះ​បន្តិច​នៅពេល​ព្រឹក​នឹង​ជួយ​ឲ្យ​កូន​មាន​កម្លាំង​លេង​។​

​ទឹកដោះគោ​
​ប្រូតេអ៊ីន និង​កាលស្យូម​ក្នុង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​នឹង​ផ្តល់​ជា​ថាមពល​ដល់​ខួរក្បាល និង​រាងកាយ​។ ប្រូតេអ៊ីន​នឹង​ជួយ​បង្កើតជា​សាច់​ខួរក្បាល ខណៈពេលដែល​ទឹកដោះគោ​ជួយ​ថែរក្សា​ឆ្អឹង និង​ធ្មេញ​កាន់តែ​រឹងមាំ​។​

​បឺ​រី​ពណ៌​ខៀវ​
​តាម​ការស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹងថា ក្រៅពី​ការពារ​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ព្រឹង​ដល់​មុខងារ​ខួរក្បាល ផ្លែ​បឺ​រី​ប្រហែលជា​ជួយ​បន្ថយ​ជាតិពុល​ក្នុង​ខ្លាញ់​ក្បាលពោះ​បាន​។ ដូច្នេះ​យក​ល្អ​គួរតែ​ផ្តល់​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​មួយ​នេះ​នៅពេល​ព្រឹក ឬ​ធ្វើជា​បង្អែម​ញ៉ាំ​សម្រាប់​រដូវក្តៅ​ក៏បាន​ដែរ​។​

​តៅហ៊ូ​

​អាហារ​ធ្វើ​ពី​សណ្តែកសៀង​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ប្រូតេអ៊ីន​សុទ្ធ និង​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ជំងឺមហារីក​ទៀតផង​។ តៅហ៊ូ​គឺជា​របស់​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្មេងស្រី​ព្រោះ​វា​មាន​ឥទ្ធិពល​ការពារ​រាងកាយ​ពួកគេ និង​ថែរក្សា​ជាលិការ​សុដន់​លូតលាស់​កាន់តែ​ល្អ​ថែមទៀត​។​

​ប៉េងប៉ោះ​
​ប៉េងប៉ោះ​ផ្ទុក​ទៅដោយ​សារធាតុ Lycopene ដែល​វា​អាច​ការពារ​រាងកាយ​ពី​ជំងឺមហារីក​ជាច្រើន​ប្រភេទ​។ ប៉េងប៉ោះ​ដែល​ចម្អិន​រួច​កាន់តែ​ផ្តល់​សុខភាព​ល្អ​ជាង​ឆៅ​ទៅទៀត​ព្រោះ​កម្តៅ​នឹង​ជួយ​បញ្ចេញ​សារធាតុ Lycopene មក​ខាងក្រៅ​។​

​ត្រី​សាល​ម៉ុង​
​ត្រី​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង ព្រមទាំង​បង្កើន​ការ​ធំធាត់​របស់​ខួរក្បាល បំបាត់​ការបាក់​ទឹកចិត្ត និង​ប្រឆាំង​ការ​រលា​កបាន​ថែមទៀត​។ ចូរ​ប្រាកដថា អ្នក​បានជ្រើសរើស​ត្រី​នេះ​ដែលមាន​ជាតិ​បារត​ទាប តែ​អូ​មេ​ហ្គា​បី​ខ្ពស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com