ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មេរោគ​បង្ក​ជំងឺ​អញ្ចាញធ្មេញ​ជាប់ទាក់ទង​នឹង​ជំងឺ​រលាក​សន្លាក់​ដែរ​
01, Jan 2023 , 6:59 am        
រូបភាព
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា តើ​អ្នក​ចង់​ចៀស​ផុតពី​ការ​រលាក​សន្លាក់​ទេ​? ដូច្នេះ​កុំ​ភ្លេច​ដុស​សម្អាត​ធ្មេញ​ឲ្យ​សោះ ព្រោះ​មេរោគ​ដែល​បង្ក​ជាការ​បង្ក​រោគ​នៅ​អញ្ចាញធ្មេញ​ក៏​ធ្វើ​ឲ្យ​កើតជា​ការឈឺចាប់​នៅ​សន្លាក់​ដែរ​។​


​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis គឺជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី មានន័យថា​ប្រព័ន្ធ​ភាពស៊ាំ​បែរជា​ធ្វើការ​វាយប្រហា​ដល់​កោសិកា​នៅ​សន្លាក់​ខុសធម្មតា​។ ពិតណាស់ អ្វី​ដែលជា​មូលហេតុ​នៃ​រឿងនេះ​គឺ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​ការសិក្សា​ចុងក្រោយ​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ពិនិត្យថា​តើ​ជំងឺ​រលាក​សន្លាក់​មួយ​នេះ​អាចមាន​មូលហេតុ​ដោយសារតែ​បាក់តេរី​ឬ​អត់ ហើយ​តើ​បាក់តេរី​ទាំងនេះ​អាច​ចេញពី​មាត់​ឬក៏​យ៉ាងណា​។​

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ទឹក​ក្នុង​អញ្ចាញធ្មេញ​របស់​អ្នកជំងឺ​អញ្ចាញធ្មេញ ហើយ​បាន​រកឃើញថា វា​មាន​កម្រិត​នៃ​ប្រូតេអ៊ីន​មួយ​ឈ្មោះថា Citrullinated Protein ខ្ពស់​។ ទាំងនេះ​គឺជា​ប្រភេទ​នេះ​ប្រូតេអ៊ីន​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មានការ​ឆ្លើយតប​នឹង​ប្រព័ន្ធ​ភាពស៊ាំ​លើ​អ្នក​ដែលមាន​ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis​។​

​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​នូវ​អំណះអំណាង​ទៀ​ថា បាក់តេរី​មួយ​ឈ្មោះថា Aggregatibacter Actinomycetemcomitans (Aα) ដែល​វា​ហាក់បីដូចជា​ធ្វើ​ឲ្យ​កម្រិត​នៃ​ប្រូតេអ៊ីន Citrullinated Protein ឡើង​ខ្ពស់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ រឿងនេះ​មិនបាន​ផ្តល់នូវ​ចម្លើយ​ទាំងមូល​ទៅលើ​ជំងឺ​ល​រលាក​សន្លាក់ Rheumatoid Arthritis ឡើយ​។ មិនមែន​មនុស្ស​គ្រប់គ្នា​ដែលមាន​ជំងឺ​រលាក​សន្លាក់​មួយ​នេះ​គឺមាន​ការឆ្លើយតប​ប្រព័ន្ធ​ភាពស៊ាំ​ទៅនឹង​ប្រូតេអ៊ីន Citrullinated Protein នោះទេ​។ ដូចគ្នានេះដែរ មិនមែន​មនុស្ស​គ្រប់គ្នា​ដែលមាន​ជំងឺ​អញ្ចាញធ្មេញ​នឹង​កើតជា​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis ឡើយ​។​

​ទោះបីជា​ការទំនាក់ទំនង​នេះ​មិនសូវ​ជាមាន​ភាពច្បាស់លាស់​ក៏ដោយ ក៏​ការ​ដុស​សម្អាត​ធ្មេញ​ជាប្រចាំ​តែងតែ​ជា​រឿង​ដ៏​ល្អ​ចំពោះ​សុខភាព​។ ជំងឺ​អញ្ចាញធ្មេញ​ប្រហែលជា​ជាប់ទាក់ទង​នឹង​ផលវិបាក​សុខភាព​ផ្សេងៗ​ទៀត​រួមទាំង​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com