ជាតិ
បុណ្យភ្ជុំបិណ្ឌ
ហេតុអ្វីបានជាបុព្វបុរសខ្មែរ បង្កើតពិធីបោះបាយបិណ្ឌ? 12, Oct 2023 , 7:59 am
× ប្រជាពលរដ្ឋខែ្មរ តែងតែនាំគ្នាទៅបោះបាយបិណ្ឌនៅតាមវត្តអារាម ដែលស្ថិតក្នុងស្រុកភូមិរបស់ខ្លួន នាពេលព្រលឹម ម៉ោងប្រមាណ៤ ឬ៥ ទៀបភ្លឺ ជារៀងរាល់ថ្ងៃ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្រជាពុទ្ធបរិស័ទ មានជំនឿថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះ ទៅឲ្យពពួកញាតិរបស់ខ្លួន ដែលបានបាត់បង់ជីវិតយូរក្តី ឬពេលថ្មីៗក្តី ជាពិសេស ដោយសេចក្តីភ័យខ្លាចថា សាច់ញាត់ទាំងនោះ អាចភ្លាត់សតិទៅកើតជាសត្វប្រេត ដោយអំពើបាបណាមួយ។
មុននឹងអាចឈានទៅដល់ការពិភាក្សាថា ការបោះបាយបិណ្ឌ ហើយប្រេតអាចទទួលបានឬមិនបាននោះ គឺយើង ត្រូវសិក្សាឈ្វេងយល់ថា តើពិតជាប្រេត ឬមិនមានជាមុនសិន។ យើងមិនអាច អះអាងថា មានប្រេតឬមិនមាន តាមទស្សនៈផ្ទាល់ខ្លួនរបស់យើង ដោយដាច់ណាត់នោះទេ។ ដោយហេតុថា ក្នុងធម្មជាតិនេះ មានវត្ថុមានរូប និង វត្ថុគ្មានរូប សត្វមានរូប និងសត្វគ្មានរូបដ៏ច្រើនអនេក ដែលមិនអាចរាប់អស់ឡើយ។
ដូច្នេះ អ្វីដែលភ្នែកយើង មើលមិនឃើញ មិនប្រាកដថា វត្ថុឬសត្វនោះ មិនមានក្នុងធម្មជាតិនោះទេ។ ជួនកាល អ្វីដែលយើងជាមនុស្សសាមញ្ញ មើលមិនឃើញ តែជាអ្វីដែលមានក្នុងធម្មជាតិ តួយ៉ាងដូចជា សត្វប្រេត ជាដើម។
ពេលនេះ ខ្ញុំ សូមមិនបកស្រាយថា តើមានប្រេតឬមិនមាន ហើយការបោះបាយបិណ្ឌនៅតាមឃឿនព្រះវិហារ ពិតជាបានទៅដល់សត្វប្រេត ឬមិនបាននោះទេ។ តែ ខ្ញុំ សូមបង្ហាញពីគោលបំណង និងគំនិតរបស់ដូនតាយើង ដែលបង្កប់អត្ថន័យក្នុងពិធីនេះ ដើម្បីជាប្រយោជន៍សម្រាប់ជីវិតជាក់ស្តែងទើបប្រសើរ។
ទី១. នៅពេលយុវជន ទៅវត្តបោះបាយបិណ្ឌ ដោយយល់ថា បោះឲ្យញាតិសន្តាន ដែលស្លាប់ទៅ គឺជាឱកាសដ៏ល្អ សម្រាប់ព្រះសង្ឃបង្ហាត់បង្រៀនពួកគេ ឲ្យមានស្មារតី ក្នុងការធ្វើបុណ្យរក្សាសីល។ យុវជនភាគច្រើន មិនសូវចូលចិត្តទៅវត្តឡើយ ដោយយល់ថា ការទៅវត្តអារាមគឺជាតួនាទីរបស់មនុស្សចាស់ ហេតុដូច្នេះហើយបានពួកគេ មិនសូវយល់ពីរបៀបរបប បែបផែន និងទំនៀមទម្លាប់ក្នុងវត្ត។
អ្នកខ្លះ សូម្បីតែនិយាយជាមួយព្រះសង្ឃ ក៏មិនចេះផង។ កុំថាឡើយនិយាយ អ្នកខ្លះទៀត សូម្បីតែមើលមុខព្រះសង្ឃ ក៏មិនហ៊ានទៅទៀត។ ដូច្នេះ ពេលយុវជនទាំងនោះ ទៅបោះបាយបិណ្ឌ គឺជាមធ្យោបាយមួយ ដើម្បីដាស់ស្មារតីរបស់ពួកគេ ឲ្យស៊ាំក្នុងការទៅវត្តធ្វើបុណ្យ រក្សាសីល មិនមែនរង់ចាំតែដល់រដូវបុណ្យទាន ទើបទៅនោះឡើយ។
ទី២. ការទៅបោះបាយបិណ្ឌ ធ្វើឲ្យប្រជាកសិករ ជាពិសេសក្រុមយុវជន មានឱកាសថ្វាយបង្គំព្រះ ស្តាប់ព្រះសង្ឃសូត្រធម៌ និងសុំសីល។ ទង្វើទាំងនេះ ក៏ជាការសន្សំបុណ្យ និងញ៉ាំងចិត្តឲ្យជ្រះថ្លា និងបរិសុទ្ធដែរ។
គំនិតនៃការបង្កើតពិធីបោះបាយបិណ្ឌ មិនមែនគ្រាន់តែ ដើម្បីឧទ្ទិសដល់ញាតិទាំងឡាយដែលស្លាប់នោះទេ តែនៅមានគំនិតអប់រំជាច្រើន ដូចបានបរិយាយមកខាងលើ ដែលអាចនាំសេចក្តីសុខចម្រើនដល់ជីវិតរស់នៅ នាពេលបច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com