ជាតិ
លោក សាន្ត ប៊ុនធឿនABC បដិសេធថា លោកមិនបានចូលក្របខណ្ឌយោធាទេ 13, Jan 2019 , 6:12 pm

×![]()
ភ្នំពេញ៖ លោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មានសំឡេងស្នេហាជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថានារសៀលថ្ងៃទី១៣ខែមករានេះថា បុគ្គលឈ្មោះ សាន្ត ប៊ុនធឿន ដែលទទួលបានការតែងតាំងបញ្ចូលក្របខណ្ឌ និងប្រគល់ឋានន្តរស័ក្តិ «ថ្នាក់វរសេនីយ៍ត្រី» នាយទាហាន នៃកងយោធពលខេមរភូមិន្ទ មិនមែនជារូបលោកនោះទេ។ លោកចាងហ្វាងបានច្រានចោលដំណឹងនេះ បន្ទាប់ពីមានសេចក្ដីប្រកាសមួយរបស់ក្រសួងការពារជាតិ ដែលចុះហត្ថលេខាដោយ សម្ដេច ទៀ បាញ់ ស្តីពីការតែងតាំងបញ្ចូលក្របខណ្ឌមន្ត្រី ឈ្មោះ សាន្ត ប៊ុនធឿន ត្រូវបានចែករំលែកតាមបណ្តាញសង្គម។
លោក សាន្ត ប៊ុនធឿន ដែលហៅខ្លួនឯងថាអ្នកកាសែត ABC បានអះអាងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ឈ្មោះ សាន្ត ប៊ុនធឿន នោះមិនមែនជាខ្ញុំទេ។ ឈ្មោះនៅស្រុកខ្មែរមានដូចគ្នាច្រើន។ បើតាមខ្ញុំដឹងមានឈ្មោះ សាន្ត ប៊ុនធឿនម្នាក់ជាឧត្តមសេនីយ៍។ ម្យ៉ាងទៀត ខ្ញុំជាអ្នកកាសែតសាមញ្ញ ផឹកតែABCនិងហូបមាន់ស្រែ អ្នកណាគេមកបញ្ចូលខ្ញុំបែបនេះ»។
អ្នកកាសែតរូបនេះ បន្តថា បើក្រសួងការពារជាតិបញ្ចូលឈ្មោះលោកពិតមែន គឺល្បីយូរហើយ។ លោក សាន្ត ប៊ុនធឿន ក៏ភ្ញាក់ផ្អើលដែរ នៅពេលដឹងរឿងបែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com