ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​បាន​រកឃើញ​សារធាតុពុល​ពី​ថ្នាំ​គីមីកសិកម្ម​នៅក្នុង​ទឹក និង​ត្រី នៅតាម​តំបន់​ជាប់​ទន្លេសាប
20, Mar 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ថ្នាំពុល​គីមីកសិកម្ម​(Pesticide) ត្រូវបាន​ប្រជាកសិករ​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​នានា​សម្រាប់​សម្លាប់​ពពួកសត្វ​ល្អិត​ចង្រៃ​ជាមួយនឹង​ការការពារ​និង​បង្កើន​ទ​ន្និ​ផល​កសិកម្ម​។ ថ្នាំពុល​ទាំងនេះ​ក្រៅពី​បាន​ស្ថិតនៅក្នុង​បន្លែ​ដែល​បាន​ប្រើប្រាស់​ថ្នាំពុល​គីមីកសិកម្ម ក៏បាន​និង​កំពុងស្ថិត​នៅក្នុង​ទឹក ភក់ និង​នៅក្នុង​ខ្លួន​ត្រី​ផងដែរ​។ ពិសេស​នៅ​តំបន់​ជាប់​បឹង​ទ​ន្ល​សាប ជា​ដូច​តំបន់​ស្នុ​ក​ទ្រូ ខេត្តកំពង់ឆ្នាំង​ជាដើម​។ នេះ​បើតាម​អ្នកស្រី ផាត ច​ន្ទ័​វល​ក្ខ័​ណ ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិ​ទ្យ​ស្ថាន​បច្ចេកទេស​កម្ពុជា​(​សា​សា​តិច​ណូ​) និង​អ្នកស្រាវជ្រាវ​របស់​អង្គការ​JICA​។​
 
​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ផលប៉ះពាល់​ពី​ប្រើប្រាស់​ថ្នាំពុល​គីមី លើ​វិស័យ​កសិកម្ម និង​បរិស្ថាន នៅ​មជ្ឈមណ្ឌល Diakonia ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៨​មីនា បាន​និយាយ​ដូច្នេះ បានជា​ថ្នាំពុល​គីមី​ទាំងនោះ មាននៅ​ក្នុង​ទឹក គឺ​បណ្តាលមកពី​កសិករ​ចោល​សំណល់​ថ្នាំពុល​ចូល ទៅក្នុង​ទឹក​-​បឹង ឬ​ការ​ទុកដាក់​សំណល់​គីមី​ទាំងនោះ​មិន​ត្រឹមត្រូវ​ជាដើម​។ ម្យ៉ាងវិញទៀត​ការប្រើប្រាស់​ថ្នាំពុល​គីមី​ដែល​បាន​បាញ់​នៅលើ​ផ្ទៃដី​កសិកម្ម ដូចជា​វាលស្រូវ បន្លែ និង​ដំណាំ​ផ្សេងៗ ត្រូវបាន​ហូរ​ចូលទៅក្នុង​ទឹក ឬ​វដ្ត​ជីវិត​នៃ​សារ​ធាតុគីមី​ទាំងនោះ បាន​ហួត​ឡើង​ទៅលើ​បរិ​យាស​កាស​ជាមួយនឹង​ទឹក តាមរយៈ​កម្តៅ​ព្រះអាទិត្យ ហើយ​ធា្ល​ក់​ចុះ​ក្នុង​ទឹក និង​កន្លែង​ផ្សេងៗ តាមរយៈ​ទឹកភ្លៀង​។​


 អ្នកស្រី ផាត ចន្ទ័វលក័្ខណ ជាសាស្រ្តាចារ្យនៅសាកលវិទ្យស្ថានបច្ចេកទេសកម្ពុជា(សាសាតិចណូ) និងអ្នកស្រាវជ្រាវរបស់អង្គការJICA
 
​អ្នកស្រី ផាត ច​ន្ទ័​វល​ក្ខ័​ណ បាន​បន្តថា សារធាតុពុល​ពី​ថ្នាំ​គីមីកសិកម្ម​ទាំងនោះ មាន​ថ្នាំ​សម្លាប់​សត្វល្អិត សម្លាប់​ស្មៅ និង​ថ្នាំ​បំប៉ន​បន្លែ ជាដើម ដែលមាន​ធាតុ​ពុល​ក្នុង​រយៈពេល​ខ្លី និង​វែង​ដែល​ត្រូវ​បំបែក​។ ជាទូទៅ​តាមបែប​បច្ចេក​ទេស ថ្នាំពុល​គីមី​ដែល​បាន​ធ្លាក់ និង​ហូរ​ចូលក្នុង​ទឹក គឺ​តែងតែ​ប្រើសារធាតុ​ថ្នាំពុល​ចម្រុះ​ចូលទៅ​ទឹក​។ ក្នុងនោះ​ចំពោះ​សារធាតុពុល​ដែល​ងាយ​បំបែក​(​ម៉ូ​លី​គុល​តូច​)​បាន​ស្ថិតនៅក្នុង​ទឹក និង​សារធាតុពុល​ពី​ថ្នាំ​គីមីកសិកម្ម ដែលមាន​ម៉ូ​លី​គុល​ធំ ដោយ​ចំណាយ​រយៈពេល​រហូត​ទៅ​ដល់​៣០​ទៅ​៤០​ឆ្នាំ​ក្នុងការ​បំ​បែប ដូចជា​ថ្នាំពុល​សម្លាប់​សត្វល្អិត​ប្រភេទ​DDT និង​ថ្នាំពុល​ផ្សេងៗ​ទៀត បាន​ស្ថិតនៅក្នុង​ភក់ ឬ​ដី​បាត​បឹង និង​បាត់​ទន្លេ​។  ចំណែក​សារធាតុពុល​នៅក្នុង​ខ្លួន​ត្រី​វិញ ភាគច្រើន​គឺជា​ប្រភេទ​ថ្នាំពុល​DDT ដែលមាន​តាមរយៈការ​ស៊ី​ភក់ និង​ការ​រស់នៅក្នុង​ទឹកតែ​ម្តង​។  អ្នកស្រី ផាត ច​ន្ទ័​វ​ល័​ក្ខ បាន​អះអាង​ដូច្នេះ ក្នុងចំណោម​ត្រី​១០​ប្រភេទ​នៅ​តំបន់​ស្នុ​ក​ទ្រូ ខេត្តកំពង់ឆ្នាំង តាម​បណ្តាញ​ទន្លេសាប ដែល​បាន​សិក្សា​ស្រាវជ្រាវ គឺមាន​ត្រី​៧​ប្រភេទ បាន​ផ្ទុក​សារធាតុពុល​ពី​ឆ្នាំ​ថ្នាំពុល​គីមី​ក្នុង​វិស័យ​កសិកម្ម​។ អ្នកស្រី បាន​បញ្ជាក់ថា​ជាតិពុល​ទាំងនោះ អាចឱ្យ​បង្ក​ផលប៉ះពាល់​ទាំង​រយៈ​ខ្លី និង​រយៈពេល​វែង​ដល់​ជីវិត​ប្រជាពលរដ្ឋ ដូចជា ជំងឺរាករូស ជំងឺ​សើ​ស្បែក ក្រពះ ពោះវៀន និង​ធ្ងន់ធ្ងរ​ខ្លាំង និង​អាច​បណ្តាលឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​អាចមាន​បញ្ហា​រលូត​កូន និង​បាត់​បង់ជីវិត​ភ្លាមៗ​តែម្តង នេះ​រោគសញ្ញា​ក្នុង​រយៈពេល​ខ្លី​។ ចំណែក​ផលប៉ះពាល់​រយៈពេល​វែង គឺ​ភាគច្រើន​ទាក់ទង​ជំងឺមហារីក​។​
 
​ចំណែក​លោក ប៉ុក បញ្ញា សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៃ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង និង​ក៏​ជា​អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមី មានប្រសាសន៍ថា ថ្នាំពុល​គីមី​ក្នុង​ដំណាំ​ជា​វុ​ធ​មុខ​ពីរ​ក្នុង​វិស័យ​កសិកម្ម​។ ថ្នាំពុល​គីមី​បាន​ជួយ​ឱ្យ​ផលដំណាំ​របស់​កសិករ​ឆាប់​ទទួលបាន​ផល រក្សាបាន​ផលដំណាំ​បានយូរ ការពារ​ការ​បំផ្លាញ​សត្វល្អិត​ចង្រៃ ជួយ​កាត់បន្ថយ​ជំងឺ​ក្នុង​ដំណាំ និង​ទទួលបាន​បរិមាណ​ច្រើន​។ ប៉ុន្តែ សម្រាប់​ផលប៉ះពាល់​របស់​ថ្នាំ​គីមី​វិញ គឺ​បង្ក​ឱ្យ​សត្វ​ល្អិតល្អ​ក្នុង​ដី​បាន​ងាប់ និង​បំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ធម្មជាតិ​។ ដោយឡែក ប្រភពទឹក ដី ខ្យល់ សត្វ មនុស្ស ត្រូវ​រង​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ផងដែរ​។​


 លោក ប៉ុក បញ្ញា សាស្រ្តាចារ្យផ្នែកកសិកម្មនៃសាកលវិទ្យាល័យខេត្តបាត់ដំបង និងក៏ជាអ្នកស្រាវជ្រាវថ្នាំពុលគីមី
 
​លោក​បាន​បន្តថា ការប្រើប្រាស់​ថ្នាំពុល​គីមី​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ទំហំ​ធំ បើទោះបី​កម្ពុជា ជា​ប្រទេស​មិនអាច​ផលិត​ជី និង​ថ្នាំ​គីមី​បាន​ដោយ​ខ្លួនឯង​ក៏ដោយ​។ ប្រភព​នៃ​ថ្នាំពុល​គីមី​ជាច្រើន​ដែលមាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា ភាគច្រើន​មាន​ប្រភព​មកពី​ប្រទេស​ថៃ និង​វៀតណាម​។ ការប្រើប្រាស់​ថ្នាំ​គីមី​របស់​ប្រជាកសិករ​មួយចំនួនធំ ពុំបាន​យល់ដឹង​ពី​គ្រោះថ្នាក់ និងរ​ប្រៀប​ប្រើប្រាស់​ឱ្យ​ច្បាស់លាស់​ទេ ដែល​បណ្តាល​ធ្វើឱ្យ​ដី​ហឹរ​បាត់បង់​ជីវជាតិ ដី​សឹករិចរឹល ជីវចម្រុះ​ក្នុង​ធម្មជាតិ​ត្រូវ​បាត់បង់​។​
 
​ការ​នាំចូល​ថ្នាំពុល​គីមី​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺមាន​ទំហំ​ទឹកប្រាក់​កើនឡើង​ជាប្រចាំ​ពីមួយ​ឆ្នាំទៅ​ឆ្នាំ​មួយ ដោយនៅ​ឆ្នាំ​២០១២ មាន​ទំហំ​ទឹកប្រាក់​១៨​លាន​ដុល្លារ​, ឆ្នាំ​២០១៣ មាន​ទំហំ​២៦​លាន​ដុល្លារ​, ឆ្នាំ​២០១៤ មាន​ទំហំ​៣៥​លាន​ដុល្លារ និង​ឆ្នាំ​២០១៥ មាន​ទំហំ​ទឹកប្រាក់​ជិត​៤៥​លាន​ដុល្លារ​។ លោក ប៉ុក បញ្ញា បាន​អះអាង​ដូច្នេះ ទំហំ​ទឹកប្រាក់​នៃ​ការ​នាំចូល​ថ្នាំពុល​គីមី​នេះ នឹងមាន​ការ​កើន​បន្តទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់ មកដល់​បច្ចុប្បន្ន​។ 
 
​អ្នកស្រី អេ​វ ប៊ុ​យ​រ៉ូ​-​ប៉ង់​(Eve Bureau-Point)​អ្នកស្រាវជ្រាវ នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​(CNRS) នៃ​សាកល​វិទ្យា​ភូមិ​ន្ទ​កសិកម្ម​ចំការ​ដូង បាន​និយាយថា កម្ពុជា​កំពុងស្ថិត​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​សន្ទុះ​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច និង​ចំនួន​ប្រជាជន​ធ្វើឱ្យ​តម្រូវការ​ផ្នែក​បរិភោគ​មានការ​កើនឡើង​។ ប្រការនេះ​ធ្វើឱ្យ​អ្នក​ផលិត ឬ​កសិករ​បាន​ប្រើប្រាស់​ជី និង​ថ្នាំ​គីមី​យ៉ាង​សម្បើម​ក្នុង​ដំណាំ​របស់ខ្លួន ដើម្បី​ផលិត​ឱ្យទាន់​តម្រូវការ​របស់​អ្នក​បរិភោគ​។​
 
​អ្នកស្រី​បាន​បន្តថា កម្ពុជា​មិន​ខុសពី​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​នៅក្នុង​ពិភពលោក​នោះទេ នៅពេលដែល​កំណើន​ផ្នែក​សេដ្ឋកិច្ច​កើនឡើង តម្រូវការ​នៃ​ការបរិភោគ​ក៏​កើនឡើង ដូច្នេះ​នាំឱ្យ​ការប្រើប្រាស់​ជី និង​ថ្នាំ​គីមី​ក្នុង​ការដាំដុះ​ដំណាំ​មាន​បរិមាណ​ច្រើន​។ យ៉ាងណា​វិញ​សម្រាប់​ប្រទេស​កម្ពុជា​អ្នកស្រី​បាន​សង្កេតឃើញថា កសិករ​បាន​ប្រើប្រាស់​ថ្នាំពុល​គីមី​បាញ់​លើ​ដំណាំ​របស់ខ្លួន​គ្មាន​មាត្រដ្ឋាន​ច្បាស់លាស់ ធ្វើឱ្យ​បរិមាណ​នៃ​ការប្រើ​ថ្នាំ​គីមី​លើស​ចំនួន បង្ក​ឱ្យ​ដី​ឆាប់​ខូច​រេច​រឹល និង​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។​
 
​ជាមួយគ្នា​នោះ ក្រុម​អ្នកជំនាញ​អំពាវនាវ​ឱ្យ​ប្រជាកសិករ​គប្បី​ត្រូវ​ប្រើប្រាស់​ជីសរីរាង្គ​ក្នុង​ដំណាំ បញ្ចៀស​ការប្រើប្រាស់​ថ្នាំពុល​គីមី​ដែល​គ្មាន​សុវត្ថិភាព ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ កសិករ​ត្រូវ​ផលិត​អាហារ​ដែលមាន​សុវត្ថិភាព​ដល់​អ្នក​ហូប តាមរយៈ​ការកាត់បន្ថយ​ការប្រើ​ថ្នាំពុល​គីមី​ក្នុង​ដំណាំ និង​ដាំ​បែប​សរីរាង្គ​ឬ​ប្រើ​ជីធម្មជាតិ​ឱ្យបាន​ច្រើន​។ រីឯ​អ្នកប្រើប្រាស់​ឬ​អ្នក​បរិភោគ​វិញ គួរ​ងាក​មក​ទទួលទាន​បន្លែ​ធម្មជាតិ​ដែលមាន​ការ​វេច​ខ្ច​ប់​ត្រឹមត្រូវ មានការ​ទទួលស្គាល់​ច្បាស់​បើទោះបី​មានតម្លៃ​ថ្លៃ​ជា​បន្លែ​នាំចូល​បន្តិច​ក្តី​។ ការទទួល​ទាន​បន្លែ​ធម្មជាតិ​ផលិត​ដោយ​កសិករ​ក្នុងស្រុក​ជា​ផ្នែក​មួយ​ឱ្យ​ពួកគេ​មាន​ទឹកចិត្ត​ផលិត​បន្លែ​សរីរាង្គ​កាន់តែច្រើន​៕
 

Tag:
 ជាតិ​
  កសិកម្ម​
  បន្លែ​
  ត្រី​
  ទឹក
  ថ្នាំពុល​
  គីមី​
  ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com