ថ្ងៃនេះ ជាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ គឺថ្ងៃបុណ្យវិសាខបូជា។ ដើម្បីចូលរួមអបអរសាទរបុណ្យវិសាខបូជា សារព័ត៌មានថ្មីៗ សូមអភិប្រាយនូវអត្ថន័យសង្ខេបនៃបុណ្យដ៏សំខាន់នេះ ជូនប្រិយមិត្តអ្នកអាន។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេស៣យ៉ាង ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺ ការប្រសូត ការត្រាស់ដឹង និង ការចូលនិព្វាន។
ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទន៍។ ពេលត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, និង ព្រះសាស្តា ជាដើម។
ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ «ពេញបូណ៌មី ខែវិសាខ» មុនគ្រិស្តសករាជ៦២៣ឆ្នាំ។ នៅពេលមានព្រះជន្ម២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានលួចយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ «ពេញបូណ៌មី ខែវិសាខ» នាវេលាទៀបភ្លឺ។
បន្ទាប់ត្រាស់ដឹង ព្រះបរមគ្រូនៃយើង បានចំណាយពេលអស់៤៥ព្រះវស្សា ក្នុងយាងសម្តែងធម៌និងប្រោសសត្វលោក។ ដល់ព្រះជន្ម៨០ព្រះវស្សា ព្រះជិនស្រី ទ្រង់ក៏ចូលបរិនិព្វាន នៅថ្ងៃអង្គារ «ពេញបូណ៌មី ខែវិសាខ»។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល២៥៦៤ឆ្នាំហើយ។
យើង សង្កេតឃើញថា ព្រះសាស្តា ទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាន «ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ» ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះ បុណ្យវិសាខបូជា គឺតំណាងឲ្យ «ថ្ងៃទាំង៣» នេះឯឯ។
វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា។ កាលពីឆ្នាំ១៩៩៩ ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់បុណ្យវិសាខបូជា ជាបុណ្យអន្តរជាតិ។
ចំពោះប្រទេសកម្ពុជា បុណ្យវិសាខបូជា ជាបុណ្យមួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកជាបុណ្យជាតិ។ ប្រទេសដទៃទៀត ដែលកាន់ព្រះពុទ្ធសាសនា ក៏ប្រារព្ធពិធីបុណ្យវិសាខបូជាដែរ។
ដោយសារតែឆ្នាំ២០២១នេះ កម្ពុជា មានការរីករាលជំងឺកូវីដ-១៩ខ្លាំង បុណ្យវិសាខបូជា មិនត្រូវបានរៀបចំឡើងឲ្យអធិកអធម និងមិនអនុញ្ញាតឲ្យប្រជាពុទ្ធបរិស័ទ ទៅវត្ត ដើម្បីចូលរួមប្រារព្ធពិធិបុណ្យនេះឡើយ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត សម្តេចព្រះនាយកនៃគណៈសង្ឃនាយកកម្ពុជា បានថតជាវីដេអូមួយ ដើម្បីប្រគេននិងផ្ញើរធម្មសារជុំវិញបុណ្យវិសាខបូជានេះ ទៅព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ។ តាមរយៈវីដេអូនោះ ព្រះអង្គ បន្ទូលណែនាំឲ្យប្រជាពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យវិសាខបូជា តាមគេហដ្ឋានរៀងខ្លួនៗ ដោយមិនចាំបាច់ទៅវត្តឡើយ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយក៏ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះដែរ៕