ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញាំ​ផ្លែឈើ​ពេលណា​ទើប​ទទួលបាន​អត្ថប្រយោជន៍​ទ្វេដង​ចំពោះ​សុខភាព​?
01, Aug 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែឈើ គឺ​ប្រសើរ​ណាស់​ចំពោះ​សុខភាព​។ ប៉ុន្តែ​ថា​តើ​ពេលវេលា​ណា​ទៅ​ដែល​ល្អ​បំផុត​ដើម្បី​ទទួលទាន​ផ្លែឈើ​? សម្រាប់​មនុស្ស​ភាគច្រើន​ការ​ទទួលទាន​ផ្លែឈើ គឺ​សុទ្ធតែ​ផ្ដល់​ផល​ល្អ​មិន​ថា​ពេលណា​ក៏ដោយ​។ ទោះជា​យ៉ាងណា​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​និង​អ្នកជំងឺ​ទឹកនោមផ្អែម គឺ​ត្រូវតែ​ប្រុងប្រយ័ត្ន​អំពី​ពេលវេលា​នៃ​ការ​ទទួលទាន​ផ្លែឈើ​។


​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលទាន​ផ្លែឈើ ៖

១. សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២

​ការ​ទទួលទាន​ផ្លែឈើ​ជាមួយ​អាហារ​ផ្សេងទៀត គឺ​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ ការ​ទទួលទាន​ផ្លែឈើ​ជាមួយ​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ខ្លាញ់​ល្អ ឬ​ប្រូតេអ៊ីន ធ្វើឱ្យ​ជាតិ​ស្ករ​នៃ​ផ្លែឈើ​ជ្រាប​ទៅក្នុង​ពោះវៀន​កាន់តែ​យឺត​ជាង​មុន​។ ជា​លទ្ធផល​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​កើន​ក្នុង​កម្រិត​តិចតួច​បំផុត បើ​ប្រៀប​ទៅនឹង​ការទទួល​ទាន​ផ្លែឈើ​សុទ្ធ​ឡើយ​។​

២. សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​

​ក៏​ដូច​ទៅនឹង​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដែរ ការ​ទទួលទាន​ផ្លែឈើ​ជាមួយ​អាហារ គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​បញ្ហា​ពិបាក​នឹង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ចូរ​ចៀសវាង​ទទួលទាន​ផ្លែឈើ​នៅពេល​ព្រឹក​។​

៣. សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​

​ក៏​ព្រោះតែ​បរិមាណ​នៃ​ជាតិ​សរសៃ​ក្នុង​ផ្លែឈើ ការទទួល​ទាន​វា​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​។ ជា​លទ្ធផល​អ្នកនឹង​ទទួលទាន​អាហារ​ជាតិ​កាឡូរី​តិច​ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់ ប៉ុន្តែ​អ្នក​គួរ​ទទួលទាន​ផ្លែឈើ​ជាមុន ឬ​ក្រោយ​ញាំ​អាហារ​រួច​។ ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់​បាន​ឆាប់ អ្នក​គួរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​មុនពេល​អាហារ​តែម្ដង ក៏​ព្រោះ​ជាតិ​ទឹក រួមទាំង​ជាតិ​សរសៃ​នៃ​ផ្លែឈើ​នឹងធ្វើ​ឱ្យ​អ្នក​ឆ្អែត​មិន​ទទួលទាន​អាហារ​ច្រើន​លើស​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com