ជាតិ
ឡាវ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយកម្ពុជា បន្ទាប់ពីចិន 12, Sep 2019 , 8:19 pm
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីស៊ូលីត នៅវិមានសន្តិភាព នាថ្ងៃទី១២ កញ្ញា ២០១៩
× ភ្នំពេញ៖ កម្ពុជា-ឡាវ បានឯកភាពគ្នា លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងកម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង លើស្មារតីសាមគ្គីភាពជាភាតរៈនៃភាគីទាំងពីរ។ ឡាវ គឺជាប្រទេសទី២ហើយ បន្ទាប់ពីចិន ដែលប្រកាសធ្វើជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។
តាមរយៈការប្រកាសធ្វើជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ភាគីទាំងពីរ បានប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានស្រង់ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ នៅព្រឹកថ្ងៃទី១២ កញ្ញានេះ បានសរសេរដូច្នេះថា៖«ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការទុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក (រួមទាំង)ការមិនប្រើប្រាស់កម្លាំង ឬការគំរាមប្រើកម្លាំង ការដោះស្រាយទំនាស់ដោយសន្តិវិធី ព្រមទាំងមិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយ ឬកម្លាំងប្រដាប់អាវុធបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងភាគីម្ខាងទៀតឡើយ»។
បន្ថែមពីនេះភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម អប់រំ និងកីឡា ព័ត៌មាន វប្បធម៌ និងទេសចរណ៍ ការថែរក្សាសុខភាព និងយុវជន មិនត្រឹមតែជួយគាំទ្រដល់ទំនាក់ទំនងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។
ក្រៅពីឯកភាពបង្កើនទំនាក់ទំនងការទូតកម្រិតកំពូលនេះហើយ ភាគីទាំងពីរក៏បានប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ផងដែរ។ ដោយក្នុងនោះមេដឹកនាំកម្ពុជា-ឡាវ សម្រេចប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ព្រាងឱ្យបានឆាប់បំផុតនូវសន្ធិសញ្ញាសី្តពីការខណ្ឌសីមាព្រំដែន ពាក់ព័ន្ធកំណាត់ព្រំដែន ដែលបានកំណត់ខណ្ឌសីមារួចហើយ ចំនួន៨៦ភាគរយ នៃខ្សែព្រំដែនភាគីទាំងពីរ។ ចំពោះកំណាត់ព្រំដែន ដែលនៅសេសសល់មិនទាន់ខណ្ឌសីមា ភាគីទាំងពីរ នឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហាដោយសនិ្តវិធីឱ្យបានឆាប់។
«ភាគីទាំងពីរក៏បានឯកភាពប្រគល់ភារកិច្ចជូន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ឱ្យពិភាក្សាគ្នាអំពីការដាំបង្គោលព្រំដែនបន្ថែមនៅលើកំណាត់ព្រំដែនចំនួន ៨៦ភាគរយ និងផលិតផែនទីព្រំដែនដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំងពីរបានទទួលយកសម្រាប់ភ្ជាប់ជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាដូចពោលខាងលើ។លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ឱ្យអនុវត្តនូវតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានានូវសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងដើម្បីធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជានិរន្តរ៍»។ នេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេស។
ឡាវគឺជាប្រទេសទី២ហើយ បន្ទាប់ពីចិន ដែលធ្វើជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ គួររម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០១០ កម្ពុជា និងចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី។ ការសម្រេចនេះ ធ្វើឡើងអំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (Wen Jiabao) ។
ជាការពិតដែលមិនអាចប្រកែកបាននោះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសុទ្ធតែផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាង។ ជារួមភាគីទាំងពីរ នឹងជួយគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើន ស្ទើរតែទាំងអស់ទាំងសេដ្ឋកិច្ច, នយោបាយ, សន្តិសុខ,ការទូត,ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, វប្បធម៌និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ ដែលទំនាក់ទំនងបង្កើតឡើង សំដៅសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ ក៏ដូចជាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ និងការជួយគ្នាទៅវិញទៅមកលើឆាកអន្តរជាតិផ្សេង៕
Tag:
ហ៊ុន សែន
ថងលូន ស៊ីស៊ូលីត
នយោបាយ
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com