ជាតិ
ធ្វើបុណ្យ​ជាមួយ​ឪពុកម្តាយ ជា​អំពើ​បុណ្យ​ដ៏​ច្រើន​ក្រៃលែង​ ​
24, Sep 2022 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មនុស្សម្នា តែង​ទៅ​ជួបជុំ​ក្រុមគ្រួសារ នៅឯ​ស្រុកកំណើត​រៀងៗ​ខ្លួន ហើយក៏​នាំគ្នា​ទៅ​វត្តវ៉ា ដើម្បី​ធ្វើ​បុណ្យទាន និង​ដើរលេង​កម្សាន្ត​ផងដែរ​។ យ៉ាងណាក៏ដោយ កូនប្រុស​ស្រី​គ្រប់រូប គប្បី​នឹកឃើញ​ឪពុកម្តាយ ដែលជា​ព្រះ​រស់នៅ​ក្នុងផ្ទះ​ផង​។​


​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ អ្នកខ្លះ បាន​ចំណាយ​ថវិកា ដើម្បី​ចូលរួម​កសាង​វត្ត​អារាម ដោយ​មិនមាន​ភាព​សៅហ្មង​ក្នុង​ចិត្ត​។ លើសពីនេះ ពួកគេ បាន​នាំយក​បាយទឹក និង​នំចំណី​ជាច្រើន ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​។​

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាង​៖



វា ជា​ទង្វើ​ដ៏​ប្រពៃ​ថ្លៃថ្លា ដែល​យើង ចេះ​កសាង​អំពើ​ជា​កុសល​បែបនេះ ដើម្បី​ជា​ស្ពាន​ចម្លង​យើង​ទៅកាន់​សុគតិភព​នាពេលខាងមុខ ហើយក៏​ជាការ​ឧ​ទ្ធិ​ស​ផល​បុណ្យ ទៅដល់​បុព្វការី​ជន ដែល​បាន​បាត់បង់​ជីវិត​។ ប៉ុន្តែ យើង ពុំគប្បី​លះបង់​ទ្រព្យ ដើម្បី​បំពេញ​បុណ្យ តែ​នៅក្នុង​វត្ត​អារាម ឬ​ជាមួយ​អ្នកដទៃ ដោយ​បំភ្លេច​ឪពុកម្តាយ​នៅក្នុង​ផ្ទះ​នោះទេ​។​

អ្វីដែល​គួរ​ឲ្យ​សង្វេគ​មួយទៀត​នោះ គឺ​កូនប្រុស​ស្រី​ខ្លះ គិតតែ​ពី​ចំណាយ​ទ្រព្យ ដើម្បី​ធ្វើបុណ្យ​ឲ្យ​អ្នក ដែល​ស្លាប់​ទៅហើយ ដោយ​មិនបាន​ធ្វើបុណ្យ ចំពោះ​ឪពុកម្តាយ ដែល​កំពុងតែ​រស់រាន​មានជីវិត​។ ឪពុកម្តាយ​មួយចំនួន មិនមាន​ម្ហូបអាហារ និង​នំចំណី​ឆ្ងាញ់ៗ សម្រាប់​បរិភោគ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ខណៈ​កូនៗ បាន​យកនំ​ចំណី​និង​អាហារ​ឆ្ងាញ់ៗ​ទាំងនោះ ទៅ​ប្រគេន​ព្រះសង្ឃ និង​ដាក់​សែន​នៅមុខ​ផ្នូរ​ឬ​ចេតិយ​របស់​អ្នកស្លាប់​។​

​ការធ្វើ​បុណ្យ ត្រូវ​ភ្ជាប់​ជាមួយនឹង​បញ្ញា មិនមែន​ចេះតែ​ធ្វើតាម​គ្នា​នោះទេ​។ ការធ្វើ​បុណ្យ​នៅ​ខាងក្រៅ ដោយ​ភ្លេច​ឪពុកម្តាយ​របស់ខ្លួន​នៅក្នុង​ផ្ទះ​បែបនេះ គឺ​មិនមាន​ឈ្មោះថា ជាការ​ធ្វើបុណ្យ ដែល​ប្រកបដោយ​បញ្ញា​ឡើយ​។ «​ការ​ក្រាប​សំពះ និង​ការ​សងគុណ​ឪពុកម្តាយ គឺជា​អំពើ ដែល​នាំ​ឲ្យ​កើត​បុណ្យ​កុសល​យ៉ាងច្រើន​ក្រៃលែង  ដែល​កូនប្រុស​ស្រី មិនត្រូវ​មើលរំលង​»​។​
 
​ឪពុកម្តាយ គឺជា​ព្រះ​រស់នៅ​ក្នុងផ្ទះ ដែលមាន​គុណ​ជា​អនេក​ចំពោះ​កូនប្រុស​ស្រី ដោយ​មិនអាច​គណនា​បាន​។ ព្រះសម្មាសម្ពុទ្ធ បាន​ឲ្យ​ឈ្មោះ​គុណ​របស់​ឪពុកម្តាយ ចំនួន​បួន គឺ អនន្តគុណ (​គុណ​ដ៏​ក្រៃលែង​) អប្បរិមាណ​គុណ (​គុណ​ដែល​រាប់​មិនបាន​) អ​សម​គុណ (​គុណ​ដែល​គ្មានអ្វី​ស្មើ​) និង អនេក​ប្ប​គុណ (​គុណ​ដ៏​ច្រើន​ជា​អនេក​)​។​
 
​ហេតុ​ដូច្នេះហើយ កូនប្រុស​ស្រី​គ្រប់រូប ត្រូវតែមាន​កតញ្ញូតាធម៌​ក្នុង​ខ្លួន ហើយ​តបស្នង​សងគុណ​លោក​ទាំងពីរ​វិញ ដោយ​មិនត្រូវ​ព្រងើយ​ក​ន្លើ​យ​ជាដាច់ខាត​។ បើ​ចង់​សងគុណ ឬ​ចង់​ជូន​បាយទឹក និង​នំចំណី យើង​ត្រូវតែ​ធ្វើ​ឲ្យ​ហើយ ទាន់​ឪពុកម្តាយ នៅមាន​ជីវិត និង​អាច​បរិភោគ​របស់​ទាំង​នោះបាន​។ សុភាសិត​ខ្មែរ បាន​ពោលថា «​ធ្វើបុណ្យ ទាន់​ខែភ្លឺ​»៕

Tag:
 ​ភ្ជុំបិណ្ឌ​
  គុណ​ឪពុកម្តាយ
© រក្សាសិទ្ធិដោយ thmeythmey.com