ជាតិ
ពីនេះ ពីនោះ
ពាក្យ​ស្ត្រី​ឆ្លើយ គឺ «​ចាស​», «​ចា៎ះ​» ឬ «​ច៎ះ​» ទៅតាម​ការ​បង្អូស​សំឡេង​
05, May 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត មិនមាន​ពាក្យ​«​ចា៎​»​ទេ គឺ​មានតែ​ពាក្យ «​ចាស​», «​ច៎ះ​» ឬ​«​ចា៎ះ​» រីឯ​ពាក្យ «​ចាស់​» មាន​មួយ​ផ្សេងទៀត​។


«​ចាស​» ឬ​«​ចា៎ះ​» ជា​ពាក្យ​ស្ត្រី​ឆ្លើយ ដែលមាន​សូរ​បង្អូស​វែង ខ្លី​ល្មម និង​មាន​សូរ​ខ្ពស់​គ្រលួច​។ គេ​ប្រើពាក្យ​«​ចាស​» សម្រាប់តែ​មនុស្ស​ស្រី​ឆ្លើយ​ទៅ​មនុស្ស​ដែលមាន​វ័យ​ចំណាស់​ជាង​ខ្លួន ដែលជា​ពាក្យ​គួរសម​។ ស្រីៗ​ដែល​ឆ្លើយថា​«​ចាស​» ល្អ​ជាង​ឆ្លើយថា «​ហ្នឹងហើយ​» ឬ​«​អើ​»​ដែល​មិនមែនជា​ភាសា​ទន់ភ្លន់​នោះទេ​។ ការពិត​ពាក្យ​«​ហ្នឹងហើយ​»​ឬ​«​អើ​»​គេ​ប្រើ​បានតែ​មនុស្ស​ដែលមាន​អាយុ​ស្របាល​គ្នា ឬ​មាន​អាយុ​ក្មេង​ជាង​ខ្លួន​តែប៉ុណ្ណោះ​។

​ដោយឡែក​គេ​ប្រើពាក្យ «​ចាស់​» សម្រាប់​សម្គាល់​លើ​មនុស្ស​ដែលមាន​វ័យ​ទី​ដៃ​ពី​ក្មេង ឬ​របស់របរ​ដែលមាន​សភាព​ទ្រុឌទ្រោម​។ ឧទាហរណ៍​៖ មនុស្ស​ចាស់​, សំពត់​ចាស់​,​សម្ល​ចាស់​អំបិល គឺ​សម្ល​ដែល​ប្រៃ​បន្តិច​។

​ជារួម​គេ​ត្រូវ​ចងចាំ​ថា កាលណា​ប្រើពាក្យ​«​ចាស​»​ឬ​«​ចា៎ះ​»​គឺ​សំដៅលើ​ពាក្យសំដី​ដែល​ត្រូវ​ឆ្លើយ​នឹង​អ្នកដទៃ​៕  



Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com